ក្រសួងព័ត៌មានបញ្ជ្រាបការយល់ដឹងពីការធ្វើប្រតិភូកម្មមុខងារការផ្តល់សេវារដ្ឋបាលលើវិស័យព័ត៌មានឲ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត
ភ្នំពេញ៖ ក្រសួងព័ត៌មានបញ្ជ្រាបការយល់ដឹងដល់មន្ត្រីក្រោមឱវាទស្តិពីការធ្វើប្រតិភូកម្មមុខងារការផ្តល់សេវារដ្ឋបាលលើវិស័យព័ត៌មានឲ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋទាន់ពេលវេលា ប្រកដោយប្រសិទ្ធិភាព និងគុណភាពខ្ពស់។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពី ការធ្វើប្រតិភូកម្មមុខងារ ការផ្តល់សេវារដ្ឋបាលលើ វិស័យព័ត៌មានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងព័ត៌មានឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា មន្ត្រីក្រសួងព័ត៌មាន ទាំងថ្នាក់កណ្តាល និងថ្នាក់មន្ទីរគ្រប់រាជធានី-ខេត្ត នឹងបានយល់ពីយន្តការ បែបបទនីតិវិធី នៃការផ្តល់សេវារដ្ឋបាល ការគ្រប់គ្រងចំណូលដែលប្រមូលបានពីវិស័យព័ត៌មាន ការបែងចែកប្រាក់រង្វាន់ដល់មន្ត្រីអង្គភាពជំនាញ និងមន្ត្រីរដ្ឋបាលដែលបំពេញភារកិច្ចនៅតាមអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានី-ខេត្ត។
ឯកឧត្តម ជំរុញឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់បង្កើនការសហការគ្នាអនុវត្តការងារប្រតិភូកម្មមុខងារសេវារដ្ឋបាលថ្នាក់ក្រោមជាតិនេះ ដើម្បីបង្កើនគុណភាព ប្រសិទ្ធភាព នៃការផ្តល់សេវាជូនប្រជាពលរដ្ឋ ឆ្លើយតបបានទាន់ពេលវេលា ការគៀគរចំណូលចូលថវិកាជាតិ។
ឯកឧត្តមផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន បានបញ្ជាក់ថា ក្រសួងព័ត៌មានបានចេញប្រកាសមួយរួចហើយ ស្តីពីការធ្វើប្រតិភូកម្មផ្ទេមុខងារផ្តល់សេវារដ្ឋបាលលើវិស័យព័ត៌មានជូនរដ្ឋបាលរាជធានី-ខេត្តរួចហើយ។ ប៉ុន្តែការងារនេះនៅតែជួបបញ្ហាច្រើននៅឡើយ ។ ដូច្នេះកិច្ចប្រជុំនេះ អ្នកពាក់ព័ន្ធទាំងអស់នឹងកាន់តែយល់ហើយរួមគ្នាធ្វើការឲ្យផ្តល់សេវាសាធារណៈនេះទទួលជៅគជ័យ ស្របតាមគោលនយោបាយចតុកោណដំណាក់កាលទី៣ ស្តីពីការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ និងអភិបាលកិច្ចល្អរបស់រាជរដ្ឋាភិបាលរបស់រាជរដ្ឋាភិបាល។
លោកបួន ហេង ប្រធាននាយកដ្ឋាន មុខងារ និងធនធានមនុស្ស នៃគណៈកម្មាធិកាជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបលទ្ធប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ការប្រតិភូកម្មមុខងារការផ្តល់សេវារដ្ឋបាល ទៅរដ្ឋបាលថ្នាក់ក្រោមជាតិនេះមិន បះពាល់រដ្ឋដល់ការងារប្រចាំថ្ងៃរបស់អង្គភាព ឬមន្ទីរជំនាញនោះទេ ហើយថវិការទាំងអស់ ដែលបានមកពីការផ្តល់សេវាជូនប្រជាពលរដ្ឋត្រូវចូលតាមច្រកចេញចូលតែមួយដើម្បីបញ្ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ប៉ុន្តែអង្គភាព ឬមន្ទីរជំនាញ និងអ្នកអនុវត្តផ្ទាល់ក៏មានថវិកាលើកទឹកចិត្តផងដែរ ៕