នាយករដ្ឋមន្រ្តី នេប៉ាល់ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៣ ដល់ ១៥ ខែឧសភា ឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ -តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ខេ ភី សាម៉ា អូលី (The Rt. Hon’ble K. P. Sharma Oli) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៣ ដល់ ១៥ ខែឧសភា ឆ្នាំ២០១៩។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ឯកឧត្តម ខេ ភី សាម៉ា អូលី នឹងចូលជួបសម្តែង​ការ​គួរសមជាមួយសម្តេច​វិបុលសេនាភក្តី សាយ ឈុំ ​ប្រធាន​ព្រឹទ្ធសភា​ និងសម្តេចអគ្គមហា​ពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋ​សភា​។ ជាមួយគ្នានេះ ឯកឧត្តម ខេ ភី សាម៉ា អូលី នឹងមាន​ជំនួបពិភាក្សាទ្វេភាគី​ជាមួយ​សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន​ សែន នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​​រាជាណាចក្រកម្ពុជា។

បន្ថែមពីនេះ ឯកឧត្តម ខេ ភី សាម៉ា អូលី ត្រូវបានរំពឹងថា នឹងថ្លែងសុន្ទរកថាគន្លឹះ​នៅក្នុង​វេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម ខេ ភី សាម៉ា អូលី នឹងអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធនៅស្តូបវិមានឯករាជ្យ និងព្រះមណ្ឌបព្រះបរមរតនកោដ្ឋ អតីតព្រះមហា ក្សត្រកម្ពុជា។ ឯកឧត្តម ក៏នឹងអញ្ជើញទៅទស្សនាទីកន្លែងសំខាន់ៗមួយចំនួននៅរាជ ធានី ភ្នំពេញផងដែរ។

ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាយករដ្ឋមន្រ្តីនេប៉ាល់ មកកាន់កម្ពុជានាពេល ខាងមុខនេះ នឹងពង្រឹងឱ្យកាន់តែរឹងមាំថែមទៀតនូវចំណងមិត្តភាព និងលើកតម្កើងកិច្ច​សហ​ប្រតិបត្តិការ​លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ រវាងប្រទេសទាំងពីរ៕

ដោយ អ៊ុន រិទ្ធី