នាយករដ្ឋមន្រ្តីនេប៉ាល់នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅ កម្ពុជាពីថ្ងៃទី ១៣ ដល់ ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០១៩

វិទ្យុជាតិកម្ពុជា៖


តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ខេ ភី សាម៉ា អូលី (The Rt. Hon’ble K. P. Sharma Oli) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០១៩ ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានអោយដឹងថាឯកឧត្តម ខេ ភី សាម៉ា អូលី នឹងចូលជួបសម្តែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
ឯកឧត្តម ខេ ភី សាម៉ា អូលី នឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
បន្ថែមពីនេះ ឯកឧត្តម ខេ ភី សាម៉ា អូលី ត្រូវបានរំពឹងថា នឹងថ្លែងសុន្ទរកថាគន្លឹះនៅក្នុងវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម ខេ ភី សាម៉ា អូលី នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅស្តូបវិមានឯករាជ្យ និងព្រះមណ្ឌបព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រកម្ពុជា។ ឯកឧត្តម ក៏នឹងអញ្ជើញទៅទស្សនាទីកន្លែងសំខាន់ៗមួយចំនួននៅរាជធានីភ្នំពេញផងដែរ។
ដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាយករដ្ឋមន្រ្តីនេប៉ាល់ មកកាន់កម្ពុជានាពេលខាងមុខនេះ នឹងពង្រឹងឲ្យកាន់តែរឹងមាំថែមទៀតនូវចំណងមិត្តភាពនិងលើកតម្កើងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ រវាងប្រទេសទាំងពីរ៕