សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតហ៊្វីលីពីនចូលជួបសម្តែងការគួរសម និងជម្រាបលា

AKP ភ្នំពេញ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ -សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា រសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ បានអនុញ្ញាតឱ្យ លោក Christopher Baltazar MONTERO ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ៊្វីលីពីនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា។

ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូត របស់ឯកឧត្តមក្នុងរយៈពេល៤ឆ្នាំនេះ ដែលបានបំពេញតួនាទីប្រកបដោយទំនាក់ទំនងល្អជាមួយនឹងក្រសួង ស្ថាប័នរដ្ឋ និងប្រជាជន។ បេសកកម្មការទូតនេះពិតជាបានរួមចំណែកយ៉ាងធំធេង ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យប្រកបដោយលទ្ធផលជាផ្លែផ្កា និងមានផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីពេញចិត្តនិងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យរវាងប្រជាជន និងប្រទេសទាំងពីរ។ថ្នាក់ដឹក នាំកំពូល និងមន្រ្តីជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់ បានផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមកជាបន្តបន្ទាប់ និងបានគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ។

សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ក្នុងអាណត្តិបេសកកម្មរបស់ឯកឧត្តមបានយកចិត្តទុកដាក់ខ្ពស់ និងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយនឹងក្រសួង ស្ថាប័ន អាជ្ញាធរ ខេត្ត ក្រុង មន្រ្តីគ្រប់លំដាប់ថ្នាក់។ ទន្ទឹមនឹងនេះឯកឧត្តមបានជំរុញឱ្យមានកំណើនវិនិយោគពាណិជ្ជកម្មការតភ្ជាប់ផ្លូវអាកាស និងភ្ញៀវទេសចររវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះសម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះឯកឧត្តមដែលបានធ្វើកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយនឹងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងបានផ្តល់គ្រូបង្រៀនភាសាអង់គ្លេស មក បណ្តុះបណ្តាលភាសាអង់គ្លេសដល់មន្រ្តីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចំនួន ០២វគ្គ។ ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភា ត្រៀមខ្លួនជានិច្ចបន្តធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹងឯកអគ្គរដ្ឋទូតហ៊្វីលីពីនថ្មី និងស្ថានទូតហ៊្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនាំមកនូវផលប្រយោជន៍ទៅវិញទៅមកជូនប្រជាជន និងប្រទេសទាំងពីរ។

ក្នុងឱកាសនោះដែរឯកឧត្តម Christopher Baltazar MONTERO បានថ្លែងអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យឯកឧត្តមបានចូលជួបសម្តែងការគួរសម និងជម្រាបលានាពេលនេះ។ ឯកឧត្តមបានកត់សម្គាល់ថា ក្នុងអំឡុងពេលបំពេញបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជាទទួលជោគជ័យក៏ដោយសារមានការគាំទ្រពីសម្តេចប្រធានព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងគ្រប់ស្ថាប័ន ជាតិ ដែលជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-ហ៊្វីលីពីនមានការរីកចម្រើន។ជាមួយគ្នានេះ ក្នុងអំឡុងពេល៤ឆ្នាំនេះឯកឧត្តមបានមើលឃើញពីការរីកចម្រើនរបស់ប្រទេសកម្ពុជាក្នុងរយៈពេលខ្លី មានការប្រែប្រួលខ្លាំងខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត មិនត្រឹមតែនៅរាជធានីភ្នំពេញនោះទេ គឺមានការរីកចម្រើននៅគ្រប់ទីកន្លែង។ ទាំងអស់នេះបានឆ្លុះបញ្ចាំងពីអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ គឺធ្វើឱ្យប្រទេសកម្ពុជាទទួលបានការអភិវឌ្ឍសន្តិភាព និងស្ថិរភាព។ ឯកឧត្តម Christopher Baltazar MONTERO បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាថា ក្នុងអំឡុងបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ស្ថានទូតហ៊្វីលីពីនបានសម្រចនូវសមិទ្ធផលធំៗពីរ គឺការរៀបចំដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ៊្វីលីពីនមកបំពេញទស្សនកិច្ចជាផ្លូវការ នៅកម្ពុជាចំនួន០២ដង និងការរៀបចំដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសហ៊្វីលីពីន ក្នុងឱកាសដែលប្រទេសហ៊្វីលីពីនធ្វើជាប្រធានអាស៊ាន ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានកត់សម្គាល់ឃើញថាទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិ  បត្តិការរវាងសភានៃប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌទ្វេភាគី និងក្របខ័ណ្ឌសភាតំបន់ និងអន្តរជាតិ ជាអាទិ៍ ក្នុងIPU, AIPA, APA, APPFកាន់តែមានទំនាក់ទំនងល្អ។ ស្ថានទូតហ៊្វីលីពីនមានសេចក្តីរីករាយដោយបានរួមចំណែកជួយបណ្តុះបណ្តាលភាសាអង់គ្លេស ដល់មន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ហើយសង្ឃឹមថា កិច្ចសហប្រតិបត្តិការនៃការបណ្តុះបណ្តាលភាសាអង់គ្លេសនេះ នឹងធ្វើបន្តទៀតនាពេលខាងមុខនេះ៕

ដោយ ប៉ាល់ សុង