សម្តេចក្រឡាហោម ស ខេង និងលោកជំទាវអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១៥៦ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា

AKP ព្រះវិហារ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ -នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ព្រឹកថ្ងៃព្រហស្បតិ៍ ០៦កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រារព្ធខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទ ” ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា ” ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា សប្បុរសជន យុវជនកាកបាទក្រហម​ យុវជនកាយឫទ្ធិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

សម្តេចក្រឡាហោម បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងបានថ្លែងអំណរគុណ ព្រមទាំងកោតសរសើរចំពោះឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី និងសប្បុរសជន ដែលជានិច្ចកាលតែងតែផ្តល់ការគាំទ្រជាមនុស្សធម៌ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ។ ការប្រារព្ធទិវានេះក្នុងគោលបំណងធ្វើការផ្សព្វផ្សាយផង និងឱ្យមានការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋាន ជួយទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌ ដែលកំពុងអនុវត្តន៍ដ៏មានប្រសិទ្ធភាព និងទាន់ពេលវេលា នឹងនាំយកអំណោយទាំងនេះទៅជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះក្នុងឧបទ្ទវហេតុផ្សេងៗ និងដើម្បីបម្រើសកម្មភាព ការអប់រំ ការថែទាំសុខភាព ការលើកកម្ពស់តម្លៃមនុស្សធម៌ សេចក្តីថ្លែថ្នូររបស់មនុស្សធម៌ ។

សម្តេចក្រឡាហោមបានបន្តថា កាកបាទក្រហមជាអង្គភាពមួយនៅលើពិភពលោក មិនបម្រើនយោបាយឱ្យបក្សពួករបស់ប្រទេសណាមួយឡើយ គឺមានតែធ្វើសកម្មភាពជួយដល់ជនរងគ្រោះ និងខ្វះខាតនៅគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ តាមពាក្យស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហម រួមកម្លាំងគ្នា ដើម្បីមនុស្សធម៌ និងវប្បធម៌ចែករំលែកចាប់ផ្តើមពីខ្ញុំ ” ។

សម្តេចក្រឡាហោម ក៏បានអំពាវនាវដល់សប្បុរសជនទាំងអស់មេត្តាចូលរួមជាកម្លាំងមនុស្សធម៌ជួយឧបត្ថម្ភជាថវិកា ឬជាសម្ភារផ្សេងៗតាមវប្បធម៌ចែករំលែកដើម្បីទ្រទ្រង់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង សម្រាប់ទុកជាមូលនិធិក្នុងការឆ្លើយតបគ្រោះមហន្តរាយនានាកើតឡើងជាយថាហេតុ ជួយជនក្រីក្រ ស្រ្តីមេម៉ាយគ្មានទីពឹង ក្មេងកំព្រា​ ជនពិការផ្ទុកមេរោគអេដស៍ ។ សកម្មភាពមនុស្សធម៌ គឺគ្មានព្រំដែនកំណត់ទេ និងទាមទារកម្លាំងច្រើនចូលរួមជាពិសេសជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូសហប្រតិបត្តិការយ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម គឺភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព ។

សូមបញ្ជាក់ថា កម្មវិធីកាកបាទក្រហម អឌ្ឍចន្ទក្រហមខេត្តព្រៃវែងឆ្នាំ២០១៩នេះប្រមូលថវិកាបានជាង ៩៤ម៉ឺនដុល្លារអាម៉េរិក ដែលកាលពីឆ្នាំ២០១៨ ប្រមូលថវិកាបានជាង២០ម៉ឺនដុល្លារអាម៉េរិក ៕

ដោយ ទិត ស្រ៊