គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិស្នើក្រសួង ស្ថាប័នតុបតែងព្រះ ឆាយាល័ក្ខណ៍ព្រះមហាក្សត្រដើម្បីអបអរព្រះរាជពិធីចម្រើនព្រះជន្ម

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ — គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិស្នើគ្រប់ក្រសួង រដ្ឋលេខាធិការរដ្ឋាន និង ស្ថាប័នទាំងអស់ ត្រូវរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ព្រះមហាក្សត្រ​ដោយប្រើព្រះបរម​ឆាយា​ល័ក្ខណ៍ថ្មី មានតុបតែងលម្អភ្លើង កំណាត់បូ ឱ្យបានស័ក្តិសម ដោយមាន​ពាក្យស្លោក​ថ្វាយព្រះពរ សារលិខិតថ្វាយព្រះពរ និងចងទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និង​បដាពាក្យស្លោកដើម្បីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ​បាន​ស្នើឱ្យគ្រប់ក្រសួង រដ្ឋលេខាធិការរដ្ឋាននិង ស្ថាប័ន ផ្ញើសារថ្វាយព្រះពរទៅជូនខាង​ក្រសួង​ព្រះបរមរាជវាំង និងទូរទស្សន៍ជាតិកម្ពុជា ដើម្បីផ្សព្វផ្សាយ។ ចំណែកឯ រដ្ឋបាលរាជ​ធានី ខេត្តចាត់ឱ្យរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ថ្នាក់រដ្ឋបាលរាជធានី ខេត្ត ដោយមានវត្តមាន ព្រះសង្ឃ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ តាមមន្ទីរ អង្គភាព ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងប្រជារាស្ត្រចូលរួមអបអរសាទរ ថ្វាយព្រះរាជសព្ទសាធុការពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ជាមួយគ្នានេះ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិបានណែនាំដល់អង្គភាព​ក្រោម​ឱវាទ ឱ្យរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះមហាក្សត្រ ដោយមានពាក្យស្លោក​ថ្វាយព្រះពរ សារលិខិតថ្វាយព្រះពរ និងចងទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និង​បដាពាក្យស្លោក ដោយមានសារលិខិតថ្វាយ ព្រះពរ និងណែនាំដល់ម្ចាស់រោងចក្រ សហ​គ្រាស សាលារៀន ឱ្យតុបតែងលម្អ ដោយមានពាក្យស្លោកថ្វាយព្រះពរ សារលិខិតថ្វាយ​ព្រះពរ និងចងទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងបដាពាក្យស្លោក​ឱ្យបានគ្រប់​អង្គភាព ដោយឡែកប្រជារាស្ត្រត្រូវដោតទង់ជាតិឱ្យបានគ្រប់គេហដ្ឋានដើម្បីអបអរសាទរ។ ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់បើកទឹក បាញ់ទឹក បំភ្លឺភ្លើងពណ៌​តាមសួនច្បារសាធារណៈ។

សូមរម្លឹកថា កាលពីថ្ងៃទី០៣ខែមេសាឆ្នាំ២០១៩កន្លងមកនេះ នៅសាលប្រជុំអគ្គ​លេខា ធិ​ការ​រដ្ឋានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិបានបើកការប្រជុំអន្តរ​ក្រសួងមួយ​ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈិន កេតនា អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខា​ធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិដោយមានការយាង និមន្ត ចូលរួម​ពីព្រះរាជតំណាង សម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស និងព្រះរាជតំណាង សម្តេច​ព្រះអភិសិរីសុគន្ធាមហាសង្ឃរាធិបតី បួរ គ្រី និងមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុប្រធាន គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ឯកឧត្តម លោក ជំទាវ លោក លោកស្រី តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បី​ពិភាក្សាអំពីការត្រៀមលក្ខណៈ រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគម្រប់​ព្រះជន្ម៦៦យាងចូល៦៧ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៤-១៥ខែឧសភា​ឆ្នាំ២០១៩នាពេលខាងមុខ។ ក្នុងឱកាសនោះ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ក៏បានណែនាំឱ្យក្រសួងព័ត៌មាននឹងរៀបចំកម្មវិធី​ផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ជាតិ និង​ឯកជន អំពីព្រះរាជជីវប្រវត្តិ ព្រះរាជសកម្មភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលព្រះ អង្គ​សព្វ​ព្រះរាជហឫទ័យស្តេចយាងចុះសួរសុខទុក្ខ ជួបប្រាស្រ័យជាមួយព្រះសង្ឃ និងប្រជា​រាស្ត្ររបស់ព្រះអង្គឱ្យបានទូលំទូលាយ៕

ដោយ គង់ សិរីរ័ត្ន