ប្រធានព្រឹទ្ធសភាកម្ពុជា បង្ហាញថា ទំនាក់ទំនងកម្ពុជា និងហ្វីលីពីនត្រូវបានពង្រឹង និងពង្រីក

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត
ភ្នំពេញ៖ ប្រធានព្រឹទ្ធសភាកម្ពុជាចាត់បង្ហាញថា ទំនាក់ទំនងកម្ពុជា និងហ្វីលីពីនត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ដែលបាននាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។
ក្នុងឱកាសអនុញ្ញាតឲ្យឯកឧត្តមជ្រីស្តុបបាលតាសាម៉ាន់ត្រូ (Christopher Baltazar MONTERO) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភានារសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ឯកឧត្តមក្នុង រយៈពេល៤ឆ្នាំនេះ ដែលបានបំពេញតួនាទីប្រកបដោយវិជ្ជាជីវៈ និងមានទំនាក់ទំនងល្អជាមួយនឹងក្រសួង ស្ថាប័នរដ្ឋ និងប្រជាជន។ បេសកកម្មការទូតរបស់ឯកឧត្តម ពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការពង្រឹង ពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ប្រកបដោយលទ្ធផលជាផ្លែផ្កា និងមានផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។
សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យរវាងប្រជាជន និងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំកំពូល និងមន្រ្តីជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់ បានផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមកជាបន្តបន្ទាប់ និងបានគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ។
សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ក្នុងអាណត្តិបេសកកម្មរបស់ឯកឧត្តម បានយកចិត្តទុកដាក់ខ្ពស់ និងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយនឹងក្រសួង ស្ថាប័ន អាជ្ញាធរ ខេត្ត ក្រុង មន្រ្តីគ្រប់លំដាប់ថ្នាក់។ ទន្ទឹមនឹងនេះ ឯកឧត្តមបានជំរុញឲ្យមានកំណើនវិនិយោគ ពាណិជ្ជកម្ម ការតភ្ជាប់ផ្លូវអាកាស និងទេសចររវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះឯកឧត្តមដែលបានធ្វើកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយនឹងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងបានផ្តល់គ្រូបង្រៀនភាសាអង់គ្លេស មកបណ្តុះបណ្តាលភាសាអង់គ្លេសដល់មន្រ្តីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចំនួន ០២វគ្គ។
ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភា ត្រៀមខ្លួនជានិច្ចបន្តធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទជាមួយនឹងឯកអគ្គរដ្ឋទូតហ្វីលីពីនថ្មី និងស្ថានទូតហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នាំមកនូវផលប្រយោជន៍ទៅវិញទៅមកជូនប្រជាជន និងប្រទេសទាំងពីរ។
ឯកឧត្តម ឯកអគ្គរដ្ឋទូតមានប្រសាសន៍ថា ក្នុងកំឡុងពេល៤ឆ្នាំនេះ ឯកឧត្តមបានមើលឃើញពីការរីកចម្រើនរបស់ប្រទេសកម្ពុជាក្នុងរយៈពេលខ្លី មានការប្រែប្រួលខ្លាំងខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត មិនត្រឹមតែនៅរាជធានីភ្នំពេញនោះទេ គឺមានការរីកចម្រើននៅគ្រប់ទីកន្លែង។ ទាំងអស់នេះ បានឆ្លុះបញ្ចាំងពីអនាគតដ៏ភ្លឹស្វាងរបស់ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គឺធ្វើឱ្យប្រទេសកម្ពុជាទទួលការអភិវឌ្ឍន៍ សន្តិភាព និងស្ថិរភាព។
ឯកឧត្តម បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាថា ក្នុងកំឡុងបេសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា ស្ថានទូតហ្វីលីពីនបានសម្រចនូវសមិទ្ធផលធំៗពីរ គឺការរៀបចំដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីន មកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជណាចក្រកម្ពុជាចំនួន០២ដង និងការរៀបចំដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសហ្វីលីពីន ក្នុងឱកាសដែលប្រទេសហ្វីលីពីនធ្វើជាប្រធានអាស៊ាន ។
ឯកឧត្តម បានកត់សម្គាល់ឃើញថា ទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ ក្នុងក្របខណ្ឌទ្វេភាគី និងក្របខណ្ឌសភាតំបន់ និងអន្តរជាតិ ជាអាទិ៍ ក្នុងIPU, AIPA, APA, APPF។ ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតហ្វីលីពីនជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាថា ស្ថានទូតហ្វីលីពីនមានការសេចក្តីរីករាយដោយបានរួមចំណែកជួយបណ្តុះបណ្តាលភាសាអង់គ្លេស ដល់មន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធ- សភា ហើយសង្ឃឹមថា កិច្ចសហប្រតិបត្តិការនៃការបណ្តុះបណ្តាលភាសាអង់គ្លេសនេះនឹងធ្វើបន្តទៀតនាពេលខាងមុខនេះ៕