នាយកគ្រប់គ្រងទូទៅនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ៖ ក្នុងរយៈកាលចុងក្រោយនេះ កម្ពុជាពិតជាមានការរីកចម្រើន និងផ្លាស់ប្តូរគួរឱ្យកត់សម្គាល់

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ — លោក Rèmi Rioux នាយកគ្រប់គ្រងទូទៅនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍបានលើក ឡើងថា ក្នុងរយៈកាលចុងក្រោយនេះ ប្រទេសកម្ពុជាពិតជាមានការរីកចម្រើន និងផ្លាស់ប្តូរ គួរឱ្យកត់សម្គាល់។ លោក Rèmi Rioux បានលើកឡើងដូច្នេះក្នុងជំនួបពិភាក្សាជាមួយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ ២០១៩​នៅទីស្នាក់ការកណ្តាលនៃ ទីភ្នាក់ងារ បារាំងសម្រាប់ការអភិវឌ្ឍ (AFD) នាទីក្រុងប៉ារីស, ប្រទេសបារាំង។ លោក Rèmi Rioux បានសង្កត់ធ្ងន់ថា ក្នុងបរិបទកំណើនសេដ្ឋកិច្ចខ្ពស់បែបនេះ និង តាមរយៈការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនប្រកបដោយបរិយាប័ន្នក្នុងរយៈពេល មធ្យម និងវែង កម្ពុជានឹងអាចសម្រេចបានតាមគោលដៅជាប្រទេសមាន​ចំណូលមធ្យម​កម្រិត​ខ្ពស់ត្រឹមឆ្នាំ ២០៣០ និងប្រទេសចំណូលខ្ពស់ត្រឹមឆ្នាំ ២០៥០ ។ ជាមួយគ្នានេះ លោក ក៏បាន​បញ្ជាក់បន្ថែមថា សម្រាប់កិច្ចសហប្រតិបត្តិការបន្តនៅកម្ពុជា ទីភ្នាក់ងារ បារាំងសម្រាប់ការ​អភិវឌ្ឍក៏មានបំណងនឹងបង្កើនទំហំឥណទានប្រចាំឆ្នាំរបស់ខ្លួនឱ្យស្របនឹងបរិការណ៍អភិវឌ្ឍន៍នៅកម្ពុជានាពេលបច្ចុប្បន្ន។

ក្នុងកិច្ចជំនួបនេះផងដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងនាមរាជរដ្ឋាភិបាលកម្ពុជារួមជាមួយលោក Rèmi Rioux, នាយកគ្រប់- គ្រងទូទៅនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ បានចុះហត្ថ​លេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការក្នុងទឹកប្រាក់ចំនួន២៩.១លានអឺរ៉ូ ក្នុងនោះ៖ ឥណទានសម្បទានចំនួន ២៥លានអឺរ៉ូ ពីទីភ្នាក់ងារ បារាំងសម្រាប់ការអភិវឌ្ឍ និង​ហិរញ្ញប្បទានឥតសំណងចំនួន៤.១ លានអឺរ៉ូ ពីសហគមន៍អឺរ៉ុប (EU) សម្រាប់ហិរញ្ញប្បទាន​លើគម្រោងធ្វើទំនើបកម្មលើប្រព័ន្ធបណ្តាញបញ្ជូន និងចែកចាយ ដែលគម្រោងនេះមាន​ទិសដៅក្នុងការពង្រឹក និងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងអគ្គិសនីឱ្យមានការវិវត្ដទៅរកប្រព័ន្ធឆ្លាតវៃ (Smart Grid) ដែលអាចសម្រួលយ៉ាងច្រើនក្នុងការគ្រប់គ្រងប្រព័ន្ធបណ្តាញអគ្គិសនីទាំងមូល ក៏ដូចជាបង្កើនប្រសិទ្ធភាព និង និរន្តរភាពក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅកម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់ទីភ្នាក់ងារបារាំង​សម្រាប់ការអភិវឌ្ឍ ដែលជានិច្ចកាល បានបំពេញតួនាទីយ៉ាងសកម្មក្នុងការចូលរួម ចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាក្នុងរយៈកាលកន្លងមក និងបានគូសបញ្ជាក់ថា សមិទ្ធផលជាផ្លែផ្កានៃការអភិវឌ្ឍបច្ចុប្បន្នដែលកម្ពុជាទទួលបាន គឺមិនអាចកាត់​ផ្តាច់ពីតួនាទី យ៉ាងសកម្មការ និងការចូលរួមចំណែករបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ តាមរយៈកិច្ច សហប្រតិបត្តិការហិរញ្ញប្បទាន ការផ្តល់ឥណទានសម្បទានដែលមាន​ភាព​អំណោយផល និង អនុគ្រោះខ្ពស់ ជំនួយបច្ចកទេស ក៏ដូចជាកិច្ចសហប្រតិបត្តិការលើ​វិស័យ​ពាណិជ្ជកម្ម, សេដ្ឋកិច្ច សង្គមកិច្ច, អភិបាលកិច្ច និងការអភិវឌ្ឍលើវិស័យផ្សេងៗទៀតនៅ កម្ពុជាជាដើម ។

សូមរម្លឹកថា កាលពីថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០១៩ នៅទីស្នាក់ការកណ្តាល នៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD), នាទីក្រុងប៉ារីស, ប្រទេសបារាំង, ឆ្លៀតក្នុង​ឱកាសចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្តីពី “ចីរភាពបំណុលសម្រាប់ ចីរភាពកំណើនៈ ចីរភាព​ហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍ (High Level Conference on Sustainable Debt for Sustainable Growth: Sound Financing for Development)”។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបលោក Rèmi Rioux, នាយកគ្រប់គ្រងទូទៅនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ពិភាក្សាអំពីការ បន្តជំរុញ និងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយទីភ្នាក់ងារបារាំង​សម្រាប់ការអភិវឌ្ឍ៕

ដោយ គង់ សិរីរ័ត្ន