ក្រសួងព័ត៌មានត្រៀមខ្លួនរួចជាស្រេចសម្រាប់ធ្វើជាម្ចាស់ផ្ទះនៃសន្និសីទកំពូលAMSនាខែក្រោយនេះ

វិទ្យុជាតិកម្ពុជា៖ដោយ លោកស្រី ប៉ុង សុភាវី ៖


ក្រសួងព័ត៌មាន បានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ កំពូល ប្រពន្ធ័ផ្សព្វផ្សាយអាស៊ី ហៅកាត់ថា AMS លើកទី ១៦ ដែលធ្វើជាលើកដំបូងនៅកម្ពុជានៅខែមិថុនាខាងមុខ នេះ ដែលរំពឹងថានឹងជួយទាក់ទាញទាំងផ្នែកទេសចរណ៍ និងនយោបាយសេដ្ឋកិច្ចសង្គម។


ថ្លែងក្នុងកិច្ចប្រជុំអន្តរក្រសួងរបស់ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញគ្រប់ផ្នែកនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩នាទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានឲ្យដឹងថា សន្និសីទកំពូលប្រពន្ធ័ផ្សព្វផ្សាយអាស៊ីAMSលើកទី១៦នេះ គឺកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយក្រសួងព័ត៌មាន ជាអ្នកទទួល រៀបចំតាមរយៈ កិច្ចសហការជាមួយ វិទ្យាស្ថានតំបន់អាស៊ី ប៉ាស៊ីហ្វិច ដើម្បីអភិវឌ្ឍន៍ប្រពន្ធ័ផ្សព្វផ្សាយ ហៅកាត់ថា A I B D។ ដំណើរការនៃកម្មវិធីកិច្ចប្រជុំ AMS ANGKOR ២០១៩ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៩ រហូតដល់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នាទឹកដីអង្គរខេត្តសៀមរាបដោយបានអញ្ជើញ អ្នកចូលរួមមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក បណ្តារដ្ឋមន្រ្តីព័ត៌មានក្នុងប្រទេសអាស៊ាន និងប្រទេសមួយចំនួនទៀតក្នុងតំបន់។ ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ស្ថាប័នសារព័ត៌មានអន្តរជាតិធំៗ មន្រ្តីជំនាញ ផ្នែកផ្សព្វផ្សាយសារព័ត៌មាន សាស្ត្រាចារ្យ អ្នកបច្ចេកទេសខាងព័ត៌មាន ទូរគមនាគមន៍ ICT និងអ្នកកាសែតបរទេស មកពីជាង៤០ប្រទេសពិសេសបណ្តារដ្ឋមន្រ្តីព័ត៌មានមួយចំនួន មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសមួយចំនួនទៀត រួមជាមួយ អ្នកកាសែតកម្ពុជាប្រមាណ៥០០នាក់ ក៏នឹងអញ្ជើញ មកចូលរួមក្នុងកិច្ចប្រជុំAMS ២០១៩ ដែលធ្វើជាលើកដំបូងនៅកម្ពុជា។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ មានប្រសាសន៍ គួសបញ្ជាក់ថា កិច្ចប្រជុំ A M S នៅខេត្តសៀមរាបដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះគឺជាកិច្ចប្រជុំមួយដ៏ធំដោយមានកិត្តយសបំផុតនៅក្នុងពិធីបើក ស្ថិតក្រោម វត្តមានដ៏ ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រ កម្ពុជា៕