កម្ពុជា-ហ្វ៊ីលីពីន ប្រកាសឯកភាពបន្តអនុវត្តន៍កិច្ចសហប្រតិបត្តិការជួយពលករទៅវិញទៅមក

AKP ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ — កម្ពុជា និងហ្វ៊ីលីពីនឯកភាពបន្តអនុវត្តន៍ធ្វើកិច្ចសហប្រតិបត្តិការជួយពលករទៅវិញទៅមក បើប្រទេសណាគ្មានស្ថានទូតតាំងនៅ ដោយភាគីទាំងពីបានបន្តអនុវត្តន៍នូវសេចក្តីថ្លែងការរួម​ដែលបានចុះហត្ថលេខាព្រមព្រៀមគ្នាពីការធ្វើកិច្ចសហប្រតិបត្តិការជួយពលករទៅវិញ​ទៅ​មក កាលពីខែធ្នូ ឆ្នាំ២០១៧កន្លងមក។ ការបញ្ជាក់នេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារ​ទ្វេ​ភាគីរវាងឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយ​ឯកឧត្តម Christopher B. Montero​ ឯកអគ្គរដ្ឋទូតហ្វ៊ីលីពីនដែលចប់អាណត្តិ​ប្រចាំ​នៅកម្ពុជា កាលពីព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជា​ជីវៈ។ ឯកឧត្តម អ៊ិត សំហេង បានគូសបញ្ជាក់ថា តាមស្មារតីកិច្ចសហប្រតិបត្តិការទេ្វភាគី​ក៏នឹងផ្តល់សេវាដល់ពលករទាំងក្នុង និងក្រៅប្រទេសអាចប្រើប្រាស់បានតាមរយៈស្ថានទូត ដែលមានទីតាំងនៅប្រទេសណាមួយ ក្នុងនោះ ប្រសិនជាស្ថានទូតហ្វ៊ីលីពីនមាន ហើយ កម្ពុជាមិនទាន់មាននោះ ស្ថានទូត​ហ្វីលីពីន​អាចជួយពលករកម្ពុជាបាន។ ផ្ទុយទៅវិញបើ​ហ្វ៊ីលីពីន​មិនទាន់មានស្ថានទូតនោះទេ ​ហើយកម្ពុជា​មានស្ថានទូតនៅក្នុងប្រទេសណាមួយ នោះតំណាងស្ថានទូតកម្ពុជា​អាចជួយពលករហ្វ៊ីលីពីនបាន។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើដល់ឯកឧត្តមឯកអគ្គរដ្ឋទូតជួយជូនដំណឹងដល់ពលរដ្ឋហ្វ៊ីលីពីនដែលកំពុងធ្វើការនៅក្នុងប្រទេសកម្ពុជាមានចំនួន៣.៥០០នាក់ ហើយពលករខ្លះមិនទាន់ បានចុះបញ្ជីធ្វើប័ណ្ណការងារនៅឡើយ ត្រូវមកចុះបញ្ជីនៅក្រសួងការងារ ដើម្បីទទួលបាន​ប័ណ្ណការងារ និងភាពស្របច្បាប់ ព្រមទាំងអត្ថប្រយោជន៍ជាច្រើនដូចជា​ពលករ​កម្ពុជាដែរ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអបអរសាទដល់ឯកឧត្តមឯកអគ្គរដ្ឋទូត​ដែលបានបំពញបេសកកម្ម​ការ​ទូតនៅកម្ពុជាប្រកបដោយជោគជ័យ ហើយត្រូវដល់ពេលបញ្ចប់អាណត្តិ។

ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា កិច្ច​សហប្រតិបត្តិ​ការរវាងកម្ពុជា និងហ្វ៊ីលីពីន​ចាប់ពីដើម​ មកដល់ពេលនេះគឺមានភាពល្អប្រសើរទាំងកិច្ចសហប្រតិបត្តិការលើកផ្នែកនយោបាយ សេដ្ឋ​កិច្ច និងទេសចរណ៍។ ជាមួយគ្នានេះ កិច្ចសហប្រតិបត្តិការនេះ បានធ្វើឱ្យអ្នកវិនិយោគ ហ្វ៊ីលីពីន ធ្វើការវិនិយោគមកកម្ពុជាកាន់តែច្រើនបន្ថែមទៀត ខណៈដែលមានជើរហោះ ហើរ​ត្រង់​​រវាង​ប្រទេស​ទាំងពីរ។ ឯកត្តមបានឱ្យដឹងទៀតថា ទាក់ទងនឹងវិស័យការងារវិញក្រសួ ង ការងារបានចុះកិច្ចព្រមព្រៀងចំនួន២រួមមាន៖ ១. កិច្ចសហប្រតិបត្តិការវិស័យការងារ និង ២.សេចក្តី​ថ្លែងការលើវិស័យយុត្តិធម៌។

តែទោះបីជាយ៉ាងណាក្ដី ឯកឧត្តមរដ្ឋមន្រ្ដីបានបន្ដទៀតថា កម្ពុជា និងហ្វ៊ីលីពីន នៅ មិនទាន់មានកិច្ចសហប្រតិបត្តិការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេសនៅឡើយទេ។ ដូច្នេះ ចង់ឱ្យប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការទ្វេភាគីផ្នែកបណ្តុះបណ្តាលបច្ចេកទេសនេះ ដើម្បី ទទួលជំនាញពីគ្នាទៅវិញទៅមក និងការទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ​ជាច្រើន​ទៀត។ ឯកឧត្តមក៏បានជំរុញឱ្យឯកឧត្តមឯកអគ្គរដ្ឋទូត ជួយពិនិត្យមើលពលករហ្វ៊ីលីពីនដែល​កំពុងធ្វើការនៅកម្ពុជា ហើយបើសិនជាពលករ​មិនមាន​ឯកសារ​គ្រប់គ្រាន់នោះទេ​នឹងត្រូវ​ប្រឈមនឹងផ្លូវច្បាប់ ដូច្នេះត្រូវឱ្យពលករមកធ្វើប័ណ្ណ​ការងារ​នៅក្រសួង​ការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ៕

ដោយ ប៊ុន រិទ្ធ