អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ចង់ឃើញយន្តការជួបគ្នារវាងរាជ រដ្ឋាភិបាល និងសង្គមស៊ីវិលមានភាពទៀងទាត់

AKP ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ — អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោកស្រី រ៉ូណា ស្មីត បានស្នើឱ្យរាជរដ្ឋាភិបាលមានយន្តការជួបគ្នារវាងរាជរដ្ឋាភិបាល និងសង្គម​ស៊ីវិល ដោយធានារៀបចំឱ្យបានទៀងទាត់។ ការស្នើនេះធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេ​ភាគីជា​មួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ។ក្នុងជំនួបពិភាក្សានេះដែរ លោកស្រី រ៉ូណា ស្មីត បានជម្រាបជូនសម្ដេចក្រឡាហោម ស ខេង អំពីបញ្ហាការអនុវត្តសិទ្ធិ សេរីភាព អង្គការមិនមែនរដ្ឋាភិបាល ការរៀបចំអនុវត្តន៍​ច្រក ចេញ-ចូលតែមួយ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការពង្រឹងទំនាក់ទំនងរវាង សង្គមស៊ីវិល និងរាជរដ្ឋាភិបាល។
ជាការឆ្លើយតបពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិ សេរីភាព សង្គមស៊ីវិលនេះ សម្ដេចក្រឡា ហោម ស ខេង បានគូសបញ្ជាក់ថា ដើម្បីឱ្យអាជ្ញាធរ និងសង្គមស៊ីវិល កាន់តែយល់គ្នាច្បាស់ នោះ រាជរដ្ឋាភិបាលបានបង្កើតវេទិកាជួបគ្នា២ដងក្នុងមួយឆ្នាំគឺនៅខែមករា និងខែកក្កដា ដើម្បីឱ្យសង្គមស៊ីវិលលើកឡើងពីក្ដីកង្វល់ផ្សេងៗយកមកពិភាក្សាដោះស្រាយជាមួយគ្នា ធ្វើ យ៉ាងណាឱ្យសង្គមស៊ីវិលអាច បំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព ហើយអាជ្ញាធរក៏មាន លទ្ធភាពអនុវត្តន៍ភារកិច្ចស្របតាមច្បាប់កំណត់។ សម្ដេចក្រឡាហោមបានបន្ដថា ចំពោះការ​អនុវត្តសិទ្ធិសេរីភាពអង្គការសង្គមស៊ីវិលនៅកម្ពុជា គឺការជឿជាក់ និងទុកចិត្តគ្នាទៅវិញទៅមក​រវាងសង្គមស៊ីវិល និងអាជ្ញាធរ ពោលគឺបើសិនជាសង្គមស៊ីវិល និងអាជ្ញាធរមានការទុកចិត្តគ្នា ហើយធ្វើការដើម្បីផលប្រយោជន៍រួមនោះ គឺនឹងមិនមានអ្វីជាបញ្ហាប្រឈមដល់ទំនាក់ទំនង រវាងភាគីទាំងពីរនោះទេ។ សម្ដេចក្រឡាហោមបានលើកឡើងថា ចំពោះយន្តការច្រកចេញ-ចូល​តែមួយ ក្រសួងមហាផ្ទៃបានខិតខំពង្រីកការិយាល័យច្រកចេញ-ចូលតែមួយនេះ បានជាង ១០០ការិយាល័យហើយ ដែលក្រសួងក៏កំពុងខិតខំអនុវត្តន៍តាមពង្រីកទៅតាមតំបន់​មិនទាន់​មានការិយាល័យច្រកចេញ-ចូលតែមួយ និងពង្រឹងការិយាល័យ ដែលមានស្រាប់ ដើម្បីឱ្យ​គុណភាពនៃការផ្ដល់សេវាសាធារណៈកាន់តែមានប្រសិទ្ធភាពខ្ពស់។ ចំណែកយុទ្ធនាការ បង្ក្រាបគ្រឿងញៀន ដែលរាជរដ្ឋាភិបាលបាន និងកំពុងអនុវត្តន៍នោះ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងទៀតថា ពិតជាមានការឃាត់ខ្លួន និងចាប់ខ្លួនអ្នកប្រព្រឹត្ត​ល្មើសច្រើន នៅក្នុងយុទ្ធនាការនេះ ដែលបានធ្វើឱ្យមានការចង្អៀតណែននៅតាមពន្ធនាគារ។ សម្ដេច​ក្រឡាហោមក៏បានមានប្រសាសន៍អំពីការខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីដោះស្រាយ ទាំងពន្ធនាគារ និងមជ្ឈមណ្ឌលស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។

ជាមួយគ្នានេះ លោកស្រី រ៉ូណា ស្មិត ក៏បានស្នើសុំសម្ដេចក្រឡាហោម ស ខេង ជួយ​ជំរុញបន្ថែមទៀតនូវយន្តការជួបគ្នារវាងរាជរដ្ឋាភិបាល និងសង្គមស៊ីវិល ដោយធានារៀបចំឱ្យ បានទៀងទាត់តាមកាលកំណត់ និងផ្ដល់ពេលវេលាឱ្យបានសមស្រប ដើម្បីឱ្យសង្គមស៊ីវិល​មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការចូលរួមបញ្ចេញមតិយោបល់ផ្សេងៗ ធ្វើឱ្យវេទិកានេះ​ទទួល​បាន​លទ្ធផលជាវិជ្ជមាន។ លោកស្រីបានទទួលស្គាល់ និងពិតជាមើលឃើញអំពីសារៈ​សំខាន់ នៃការអនុវត្ត​ច្រកចេញ-ចូលតែមួយ ដែលយន្តការ នេះវាមានសារៈសំខាន់ក្នុងការចូលរួម​អនុវត្តន៍ចំណុចទី១៦នៃទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ក្នុង ការរួមចំណែកកាត់បន្ថយអំពើពុករលួយ និងពង្រឹងតម្លាភាពនៃការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ៕

ដោយ ប៊ុនរិទ្ធ