កម្ពុជានាំចេកអំបូងស្រស់ជាង១០០តោនទៅលក់នៅទីផ្សារប្រទេសចិនជាលើកដំបូង

វិទ្យុជាតិកម្ពុជា៖ដោយលោកចេម ហួត

ភ្នំពេញ៖ កម្ពុជានាំចេកអំបូងស្រស់ជាង១០០តោនស្មើនឹងចំនួន៥កុងទីន័រទៅលក់នៅទីផ្សារប្រទេសចិនជាលើកដំបូងបន្ទាប់ពីភាគីក្រុមហ៊ុនចិន និងក្រុមហ៊ុនកម្ពុជាបានឯកភាពវិនិយោគលើដំណាំចេកនេះរួមគ្នាកន្លងមក។

ក្នុងពិធីសម្ពោធការនាំចេញចេកពីកម្ពុជាទៅកាន់ប្រទេសចិន ក្នុងទីស្នាក់ការផ្សារហុនទី ស្ថិតនៅខណ្ឌសែនសុខ​​​ រាជធានីភ្នំពេញនាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩នេះ ឯកឧត្តម             វេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា លទ្ធផល នៃនាំចេញចេកកម្ពុជាទៅកាន់ប្រទេសចិននេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា និងចិនដើម្បីជំរុញការនាំចេញផលិតផលកសិកម្មខ្មែរឲ្យបានច្រើន។

ឯកឧត្តមបន្តថា នៅដំណាច់ឆ្នាំ២០១៩ខាងមុខ កម្ពុជានឹងបន្តនាំចេញចេកអំបូងលឿងនេះ ទៅកាន់ប្រទេសចិនមិនអោយក្រោមជាង១៣០ពាន់តោនទេ  ដែលនេះជាឱកាសមួយទៀតក្នុងការបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់ និងចូលរួមចំណែកលើកម្ពស់សេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចំរើន។

លោកលីអាន តំណាងស្ថានទូត នៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជាបានសម្តែងនូវការអបអរសាទចំពោះកម្ពុជាដែលសម្រេចបានតាមការគ្រោងទុកក្នុងការនាំចេកទៅកាន់ទីផ្សារប្រទេសចិននៅពេលនេះ។  ទាំងនេះគឺជាការសម្រេចជោគជ័យថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មនៃប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងចិន បាននាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

សូមបញ្ជាក់ថា ក្រុមហ៊ុន ដែលត្រូវបានអនុញ្ញាតិឲ្យធ្វើការនាំផ្លែចេកអំបូងលឿងទៅលក់នៅទីផ្សារប្រទេសចិនជាលើកដំបូងនេះ រួមមាន៖ ទី1-កសិដ្ឋានចំការចែក និងអាគារវេចខ្ចប់របស់ក្រុមហ៊ុន ឡុងម៉េត មានទីតាំងនៅស្រុក ឈូក ខេត្តកំពត ។ ទី 2-កសិដ្ឋានចំការចែក និងអាគារវេចខ្ចប់របស់ក្រុមហ៊ុន ឡុងស្រេង នៅខេត្តកំពង់ចាម ។ ទី3-កសិដ្ឋានចំការចែក និងអាគារវេចខ្ចប់របស់ក្រុមហ៊ុន គ្រីនអាយលិន  មានទីតាំងនៅស្រុក សំបូ ខេត្តក្រចេះ។ ទី-4កសិដ្ឋានចំការចែក និងអាគារវេចខ្ចប់របស់ក្រុមហ៊ុន សុវណ្ណរាជសីមានទីតាំងនៅស្រុក ស្នូល ខេត្តក្រចេះ និងទី5កសិដ្ឋានចំការចែក និងអាគារវេចខ្ចប់របស់ក្រុមហ៊ុន គ្រីនអាយលិន  មានទីតាំងនៅស្រុកសេសាន ខេត្តស្ទឹងត្រែង៕