លោក ម៉ាដូរ៉ូ បានបណ្តេញមន្រ្តីរាប់សិបនាក់ចេញពីកងទ័ពវេណេហ្ស៊ូអេឡា បន្ទាប់ពីបរាជ័យក្នុងការធ្វើរដ្ឋប្រហារ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩​ — ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បានចុះហត្ថលេខាលើក្រឹត្យ​មួយ​ដែលបានកាត់បន្ថយឋានៈ ឬបណ្តេញនាយទាហានរាប់សិបនាក់ រួមទាំងអ្នកជាតិនិយម​ពីកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ ដោយសារតែការចូលរួមរបស់ពួកគេក្នុងការប៉ុនប៉ង​ធ្វើរដ្ឋប្រហារនាពេលថ្មីៗនេះ។

យោងតាមមន្រ្តី Gaceta បានលើកឡើងដោយវិទ្យុក្នុងស្រុក​ដែលនិយាយថា វិធានការ​ទាំងនេះបានធ្វើឱ្យប៉ះពាល់ដល់អតីតប្រធានសេវាស៊ើបការណ៍ SEBIN ឧត្តមសេនីយ៍ Manuel Figuera និងវរសេនីយ៍ឯក៥រូប អនុសេនីយ៍ឯក៤រូប អនុសេនីយ៍ទោ៦រូប និងពលបាលត្រី ៣៥ រូប។

លោកវរសេនីយ៍ឯក Ilich Sanchez នៃកងឆ្មាំជាតិវ៉េណេស៊ុយអេឡា ដែលកាលពី​ប៉ុន្មានខែថ្មីៗនេះ បានដឹកនាំសេវាសន្តិសុខនៃរដ្ឋសភាដែលគ្រប់គ្រងដោយ​គណបក្សប្រឆាំង​នោះ គឺស្ថិតក្នុងចំណោមអ្នកដែលត្រូវបានបណ្តេញចេញទាំងនោះ។

បាតុកម្មទ្រង់ទ្រាយធំប្រឆាំងនឹងលោក ម៉ាឌូរ៉ូ​ បានចាប់ផ្តើមនៅវេណេហ្ស៊ុយអេឡា ​កាលពីថ្ងៃទី២១ ខែមករា​ ភ្លាមៗបន្ទាប់ពីគាត់បានស្បថចូលកាន់តំណែងថ្មី។ លោក Guaido បានប្រកាសខ្លួនឯងជាមេដឹកនាំបណ្ដោះអាសន្ននៃប្រទេស។ បណ្តាប្រទេសលោកខាង​លិច​មួយចំនួនរួមទាំងសហរដ្ឋអាមេរិកបានគាំទ្រការអះអាងរបស់គាត់។

ជាលទ្ធផល លោក Maduro បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានព្យាយាម​រៀបចំរដ្ឋប្រហារ ដើម្បីដំឡើងលោក Guaido ជាអាយ៉ងរបស់ខ្លួន។ ប្រទេសរុស្ស៊ី​ ចិន និង​បណ្តា​ប្រទេសមួយចំនួនទៀត បានសម្តែងការគាំទ្រចំពោះលោក ម៉ាឌូរ៉ូ​ ជាប្រធានាធិបតី​ស្របច្បាប់តែមួយនៃប្រទេសវេណេហ្ស៊ូអេឡា។

នៅថ្ងៃទី៣០ ខែមេសា មេដឹកនាំប្រឆាំងរបស់វ៉េណេស៊ុយអេឡា លោក Juan Guaido បានអំពាវនាវដល់ជនស៊ីវិលវ៉េណេស៊ុយអេឡា និងពួកទាហានដើម្បីចាត់វិធានការ​ទម្លាក់​ប្រធានាធិបតីលោក នីកូឡា-        ម៉ាឌូរ៉ូ។

ជាការឆ្លើយតប​លោក ​ម៉ាដូរ៉ូ បាន​និយាយ​ថា ពួកមេបញ្ជាការគ្រប់តំបន់ និងទីតាំងទាំង​អស់នៃកងការពារសំខាន់ៗបានបញ្ជាក់ពីភក្ដីភាពពេញលេញរបស់ពួកគេ ចំពោះប្រជាជន រដ្ឋធម្មនុញ្ញ និងមាតុភូមិ។

យោងតាមការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស​ របស់​អង្គការសហប្រជា​ជាតិ​បានឱ្យដឹងថា ​ការប៉ុនប៉ងធ្វើរដ្ឋប្រហារបានប្រែជាហិង្សា ​និងបានបណ្តាលឱ្យមនុស្ស ២៤០នាក់រងរបួស៕

( ប្រភព Sputnik៖  បកប្រែដោយលោក មាស សំអុល )