លោក ឡាវរ៉ូវ និងលោក ប៉ុមប៉ែវ នឹងជួបគ្នានៅ Sochi   របស់រុស្ស៊ីសប្តាហ៍ក្រោយនេះ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ — អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Igor Morgulov  បាននិយាយពីថ្ងៃពុធនេះថា រដ្ឋមន្ត្រីការបរទេស រុស្ស៊ីលោក សែរហ្គេ ឡាវរ៉ូវ ( Sergei Lavrov  ) និងរដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉ែវ (​Mike Pompeo  ) នឹងធ្វើកិច្ចចរចាក្នុងទីក្រុង Sochi  របស់ប្រទេសរុស្ស៊ីនៅថ្ងៃទី១៤ ខែឧសភា ។

លោក Morgulov  បានប្រាប់ពួកអ្នកយកព័ត៌មានថា  កូរ៉េខាងជើង គឺជាប្រធានបទនៃការពិភាក្សាគ្នារបស់ពួកគេ ហើយក្រុងមូស្គូ និងក្រុងវ៉ាស៊ីងតោន​បានធ្វើការទាក់ទងគ្នាឥតឈប់ឈរ ស្តីពីបញ្ហានេះ ។

នៅក្នុងការសន្ទនាគ្នាតាមទូរស័ព្ទមួយកាលពីសប្តាហ៍កន្លងទៅប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ – ពូទីន ( Vladimir Putin  ) បានជូនដំណឹងដល់សមភាគីអាម៉េរិករបស់លោក គឺលោក ដូណាល់ ត្រាំ ( Donald Trump  ) នូវលទ្ធផលយ៉ាងសំខាន់នៃកិច្ចប្រជុំរបស់លោកជាមួយមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម-  ជុង អ៊ុន ( Kim Jong Un  )  ក្នុងទីក្រុងវ្ល៉ាឌីវ៉ូស្តុក ​របស់រុស្ស៊ីកាលពីថ្ងៃទី២៥ ខែមេសា ។

លោក ពូទីន បានប្រាប់ លោក ត្រាំ ថា ការបំពេញនូវជំនឿទុកចិត្តដ៏ល្អ នៃការសន្យារបស់ក្រុង ព្យុងយ៉ាង គួរតែមានអមទៅដោយជំហានតបវិញ ដើម្បីកាត់បន្ថយការគាបសង្កត់ការដាក់ទណ្ឌកម្មលើ កូរ៉េខាងជើង ។

តាមវិមានក្រឹមឡាំងឱ្យដឹងថា លោក ពូទីន និងលោក ត្រាំ បានព្រមព្រៀងគ្នាថា វាសំខាន់ដែលត្រូវដើរដោយគ្មានការផ្លាស់ប្តូរទៅតាមផ្លូវ នៃការធ្វើមិនឱ្យមាននុយក្លេអ៊ែរ ព្រមទាំងសម្រេចឱ្យបានការធ្វើប្រក្រតីភាវូបនីយកម្មរយៈពេលយូរនៅលើឧបទ្វីបនេះ​ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )