វៀតណាមអំពាវនាវសម្រាប់ការបណ្តុះបណ្តាល និងកសាង កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩​  — ឯកអគ្គរដ្ឋទូតវៀតណាម លោក Dang Dinh Quy អនុប្រធានបេសកកម្មអចិន្រៃ្តយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបាននិយាយថា ប្រទេសនានាចាំបាច់ត្រូវគាំទ្រ និងអនុវត្តន៍សេចក្តីប្រកាសរួមនៃការប្តេជ្ញាចិត្ត ចំពោះប្រតិបតិ្តការរក្សាសន្តិភាពអង្គការសហប្រជាជាតិ ឆ្នាំ ២០១៨ ។

លោកបានធ្វើសេចក្តីថ្លែងការណ៍នេះនៅក្នុងកិច្ចពិភាក្សាបើកចំហមួយ ដែលធ្វើឡើងដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៧ ខែឧសភា ក្រោមប្រធានបទ «ការវិនិយោគសន្តិភាព: ការបណ្តុះបណ្តាល និងកសាងសមត្ថភាពគុណភាព ដើម្បីបង្កើនសុវត្ថិភាព សន្តិសុខ និងប្រសិទ្ធភាពនៃកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ»។

លោកបាននិយាយថា ការវិនិយោគនៅក្នុងការបណ្តុះបណ្តាល និងការកសាងសមត្ថភាពសម្រាប់កងកម្លាំងរក្សាសន្តិភាព គួរតែត្រូវបានធ្វើឡើងដោយសមកាលកម្មនៅគ្រប់កម្រិតផ្សេងៗគ្នា ដោយយកចិត្តទុកដាក់ទៅលើតម្រូវការនៃតំបន់ និងកងរក្សាសន្តិភាពជាស្ត្រី។

នៅថ្នាក់ជាតិលោកបានស្នើឱ្យប្រទេសនានាបង្កើនការកែសម្រួលការរៀបចំ និងការបណ្តុះបណ្តាល   កងកម្លាំងដែលបំពេញតាមស្តង់ដាររបស់អង្គការសហប្រជាជាតិ ដោយផ្តោតទៅលើការបណ្តុះបណ្តាលមុនពេលដាក់ពង្រាយ។ លោកបាននិយាយបន្ថែមថា ឯកសាររបស់អង្គការសហប្រជាគួរមានប្រសិទ្ធភាពជាប្រចាំ។

នៅថ្នាក់តំបន់ ឯកអគ្គរដ្ឋទូតរូបនេះបានផ្តល់អនុសាសន៍ចំពោះលើកកម្ពស់ការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ ដែលរួមមានកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលបណ្តុះបណ្តាលនានា។

នៅកម្រិតសកលលោក ប្រព័ន្ធរបស់អង្គការសហប្រជាជាតិគួរតែជំរុញភាពជាដៃគូ និងចែករំលែកទំនួលខុសត្រូវក្នុងចំណោមភ្នាក់ងារអង្គការសហប្រជាជាតិ ជាពិសេសរវាងក្រុមប្រឹក្សាសន្តិសុខអង្គការ     សហប្រជាជាតិ និងប្រទេសនានា ដែលបញ្ជូនកងទ័ពទៅបំពេញបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក៏ដូចជាស្ដង់ដារនីតិវិធី និងធានាថវិកាសម្រាប់សកម្មភាពបណ្តុះបណ្តាល៕

( ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី )