អន្តរក្រសួងពិនិត្យវាយតម្លៃហេតុប៉ះពាល់បរិស្ថាន សម្រាប់គម្រោងបង្កើត រោងចក្រផលិតឧបករណ៍និងសម្ភារបរិក្ខារសម្លៀកបំពាក់

AKP ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ -ថ្ងៃពុធ ៥កើត ខែពិសាខ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង(IESIA) សម្រាប់គម្រោងវិនិយោគបង្កើតរោងចក្រផលិតឧបករណ៍និងសម្ភារបរិក្ខារសម្លៀកបំពាក់(ខ្សែរូត) ។

ប្រភពពីក្រសួងបរិស្ថានឱ្យដឹងថា គម្រោងវិនិយោគបង្កើតរោងចក្រផលិតឧបករណ៍ និងសម្ភារបរិក្ខារសម្លៀកបំពាក់(ខ្សែរូត) នៅខេត្តកំពង់ស្ពឺ របស់ក្រុមហ៊ុន ហ័រ សេងដា ហ្ស៊ីភើ (ខេម) ដែលត្រូវបានសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA)ដោយក្រុមហ៊ុនទីប្រឹក្សា ប៊ីថល អ៊ិនវ៉ាយរ៉ិនម៉ិនថល សូលូសិន(Beetle Environmental Solution )។

ប្រភពដដែលបញ្ជាក់ថា កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្ដម លោក លោកស្រី តំណាងអគ្គនាយកដ្ឋាន អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍ ដោយចីរភាព អគ្គាធិការដ្ឋាន ជំនួយការអមក្រសួង និងនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (រដ្ឋបាល ព្រៃឈើ និងរដ្ឋបាលជលផល) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្ដកំពង់ស្ពឺ មន្ទីរបរិ ស្ថាន ខេត្ដកំពង់ស្ពឺ និងតំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងក្រុមហ៊ុន (ម្ចាស់រោងចក្រ) និងក្រុមហ៊ុនទីប្រឹក្សា Beetle Environmental Solution សរុបប្រមាណ៣២នាក់។

ប្រភពខាងលើបានឱ្យដឹងបន្ថែមថា ជារួមអង្គប្រជុំបានទទួលលទ្ធផលដូចខាងក្រោម៖ ១-គាំទ្រចំពោះការបង្កើតរោងចក្រផលិតឧបករណ៍និងសម្ភារបរិក្ខារសម្លៀកបំពាក់(ខ្សែរូត) របស់ក្រុមហ៊ុន ហ័រ សេងដា ហ្ស៊ីភើ (ខេម)នៅខេត្តកំពង់ស្ពឺ។ ២-ក្រុមហ៊ុន ហ័រ សេងដា ហ្ស៊ីភើ (ខេម) បានឯកភាពបង់មូលនិធិបរិស្ថាន និងសង្គមចំនួន៥០០ដុល្លារអាមេរិក ក្នុង១ឆ្នាំ ។ ៣-ក្រុមហ៊ុន ហ័រ សេងដា ហ្ស៊ីភើ (ខេម)ត្រូវរៀបចំប្រព័ន្ធលូបង្ហូរទឹកកខ្វក់រៀបចំអាងប្រព្រឹត្តិកម្មទៅតាមស្តង់ដារមិនត្រូវបង្ហូរសំណល់រាវចូលទៅក្នុងទីវាល និងត្រូវគ្រប់គ្រងសំណល់រឹងឱ្យបានត្រឹមត្រូវ ។ ៤-ក្រសួងបរិស្ថាន សាលាខេត្ត ស្រុក ឃុំ ត្រូវពិចារណាពីប្រព័ន្ធលូឱ្យបានច្បាស់លាស់មុនបង្កើតរោងចក្រ ព្រោះនៅតំបន់នោះមិនទាន់មានប្រព័ន្ធលូគ្រប់គ្រាន់នៅឡើយ។ ៥-ក្រុមហ៊ុន ហ័រ សេងដា ហ្ស៊ីភើ (ខេម)ត្រូវសហការជាមួយក្រុមហ៊ុនទីប្រឹក្សា ដើមី្បកែតម្រូវនូវចំណុចខ្វះខាត និង បញ្ចូលនូវមតិអង្គប្រជុំទៅក្នុងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង ៕

ដោយ ពេជ្រ ណារិទ្ធ