ត្រីមាសទី១ឆ្នាំ២០១៩នេះកម្ពុជាទទួលបានភ្ញៀវទេសចរបានជិត២លាននាក់កើនឡើងជិត១០ភាគរយ

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា ត្រីមាសទី១ឆ្នាំ២០១៩នេះ ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជិត២លាននាក់ ក្នុងមានកំណើនជិត១០ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ ហើយបានបង្កើតការងារ និងនាំចំណូលចូលសេដ្ឋកិច្ចជាតិយ៉ាងច្រើន។

ក្នុងកិច្ចប្រជុំពេញអង្គលើកទី១ អណត្តិទី៦ នៃគណៈកម្មការអន្តរក្រសួង ដើម្បីសម្របសម្រួលការធ្វើដំណើរ ដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែន អន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស ហៅកាត់ថា គ.អ.ច.ទ នា​រសៀល​​​ថ្ងៃទី៨ ខែឧសភាឆ្នាំ២០១៩ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគ.អ.ច.ទបានមានប្រសាសន៍ថា ការកើនឡើងនេះ ដោយតែកម្ពុជាមានសន្តិភាព សំបូរសក្កានុពលទេសចរណ៍ ជាពិសេស  រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តទាក់ទាញភ្ញៀវទេសចរអន្តរជាតិ  គោលនយោបាយសម្រួលទិដ្ឋការ  ការជួយសម្រួលការធ្វើដំណើររបស់ភ្ញៀវនៅគ្រប់ច្រទ្វាអន្តរជាតិ​ ។

ឯកឧត្តម រដ្ឋមន្ត្រីបានបន្តថា ការកើនឡើងនៃកំណើនភ្ញៀវទេសចរនេះដែរ ក៏មានការចូលរួមចំណែកយ៉ាងសកម្មពីមន្ត្រីអន្តោប្រវេសន៍ មន្ត្រីគយ និងមន្ត្រីអន្តរក្រសួងដែលធ្វើការពាក់ព័ន្ធនៅតាមច្រកទ្វាអន្តរជាតិនានាទូទាំងប្រទេស ដែលបានខិតខំផ្តល់សេវាទាន់​ពេលវេលាដល់ភ្ញៀវអន្តរជាតិ។ មួយវិញទៀតក្រសួងទេសចរណ៍បានផ្សព្វផ្សាយពីសក្កា​នុពលទេសចរណ៍កម្ពុជាកាន់តែទូលំទូលាយទៅកាន់ទីផ្សារទេសចរណ៍អន្តរជាតិ។

ក្នុងរយៈពេលពីខែដើមឆ្នាំ២០១៩ ទីផ្សារទេសចរណ៍សំខាន់ៗរបស់កម្ពុជាមានចំនួន១០ គឺមានជនជាតិចិន  វៀតណាម ឡាវ ថៃ កូរ៉េ អាមេរិក ជប៉ុន បារាំង អង់គ្លេស និងជនជាតិម៉ាឡេស៊ី។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៦លាន២សែននាក់ កើនឡើងជិត១១ភាគរយ និងបាននាំប្រាក់ចំណូលប្រមាណ៤ពាន់លានដុល្លារអាមេរិក ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ៕