សាខាកាកបាទក្រហមខេត្តសៀមរាប នាំយកអំណោយទៅជួយ ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់នៅស្រុកអង្គរជុំ

AKP សៀមរាប ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ — នៅថ្ងៃអង្គារ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តសៀមរាប បាននាំយកអំណោយទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន១២ គ្រួសារ មកពី៣ឃុំ រួមមាន៖ ឃុំស្រែខ្វាវ រលំផ្ទះ១ខ្នង របើកដំបូល ធ្ងន់ធ្ងរ៨ខ្នង, ឃុំគោកដូង របើកដំបូលផ្ទះធ្ងន់ធ្ងរ២ខ្នង និងឃុំចារឈូកឆេះផ្ទះអស់១ខ្នង ដែលរងគ្រោះ ដោយខ្យល់កន្រ្តាក់នៅស្រុកអង្គរជុំកាលពីថ្ងៃទី០៣ និងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ កាលពីពេលថ្មីៗនេះ។អំណោយដែល បានយកទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះនោះមាន សម្រាប់គ្រួសាររលំផ្ទះនិងឆេះផ្ទះមួយគ្រួសារ មុង១ ភួយ១ សារុង១ ក្រមា១ ស័ង្កសី១៦សន្លឹក មី១កេះ ត្រីខកំប៉ុង១យួរ អង្ករ៣០គីឡូក្រាម និងថវិកា១សែន៥ម៉ឺនរៀល ដែលក្នុងនោះ គ្រួសារភ្លើងឆេះផ្ទះត្រូវបានបន្ថែមនូវសម្ភារផ្ទះបាយមួយចំនួនផងដែរ។ ចំពោះគ្រួសារ ប៉ះពាល់ធ្ងន់ធ្ងរក្នុងមួយគ្រួសារទទួលបាន មុង១ ភួយ១ សារុង១ ក្រមា១ ស័ង្កសី ១០សន្លឹក  មី១កេះ ត្រីខកំប៉ុង១យួរ អង្ករ៣០គីឡូក្រាម និងថវិកា ១សែនរៀល។

មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងនោះ លោកជំទាវ ទាង អេង បានសម្ដែងនូវការសោកស្តាយជាពន់ពេក ចំពោះបងប្អូនដែលបានរងគ្រោះនូវឧបទ្ទេវហេតុដោយខ្យល់កន្ទ្រាក់ ធ្វើឱ្យខូចខាតផ្ទះ សម្បែងនេះ។ លោកជំទាវបានបន្តថា ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមិនបានទុកឱ្យបងប្អូនប្រជាពលរដ្ឋរងការលំបាកក្នុងគ្រោះមហន្តរាយណាមួយដែលបានកើតឡើង ក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋឡើយ ដូចពាក្យស្លោកលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល”។

លោកជំទាវ ទាង អេង បានមានប្រសាសន៍បន្ថែមទៀតថា ទោះបីជាអំណោយទាំងនេះ វាមានលក្ខណៈតិចតួចក្ដី វាមិនស្មើទៅនឹងការខូចខាត ការខ្វះខាត របស់បងប្អូនដែលរងគ្រោះក៏ពិតមែន តែជាស្មារតីយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បីជួយសម្រួលនិងសម្រាល ដល់ការលំបាករបស់បងប្អូនបានមួយរយៈផងដែរ។

លោកជំទាវក៏បានលើកផងដែរថា ដោយការបម្រែបម្រួលអាកាសធាតុ បានធ្វើឱ្យឃុំ ស្រុកមួយចំនួនខ្វះខាតទឹកប្រើប្រាស់នោះ សាខាកាកបាទក្រហមខេត្ត ក៏បានធ្វើការ ខួងអណ្តូងទឹកស្អាត ដោយប្រើប្រាស់ម៉ូទ័របូម នៅតាមអនុសាខាគ្រប់ស្រុក ដើមី្បងាយស្រួល ក្នុងការផ្គត់ផ្គង់ទឹកប្រើប្រាស់ ទៅតាមបណ្តា ភូមិ ឃុំ ដែលខ្វះខាតទឹកប្រើប្រាស់ផងដែរ។

លោកជំទាវក៏បានផ្ដាំផ្ញើដល់បងប្អូនទាំងអស់ ធ្វើយ៉ាងណាត្រូវប្រុងប្រយ័ត្ននៅពេល ដែលមានហានិភ័យកើតឡើង សូមឱ្យបងប្អូនរត់រកទីកន្លែងមានសុវត្ថិភាព ជាពិសេស ពេលដែលមានភ្លៀង ផ្គររន្ទះ  សូមកុំប្រើប្រាស់គ្រឿងអេឡិចត្រូនិចដែល ងាយបង្កភាពគ្រោះថ្នាក់ដល់ខ្លួន៕

ដោយ ហង្ស សៀក