ជនសង្ស័យជាជនជាតិឡាវម្នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួនដោយសារនាំ ថ្នាំញៀនមួយគីឡូក្រាមចូលមកទឹកដីខេត្តស្ទឹងត្រែង

វិទ្យុជាតិកម្ពុជា៖ដោយ លោក អ៊ាន គឹមហឿនខេត្តស្ទឹងត្រែង៖

ជនជាតិឡាវឈ្មោះ ជឿ ហាយ ភេទប្រុសអាយុ៣៣ឆ្នាំ រស់នៅភូមិចាំមឺយ ស្រុកភុងសាលី ខេត្តភុងសាលី ប្រទេសឡាវជាប់ព្រំដែនប្រទេសចិនបាននាំយកថ្នាំញៀនមួយគីឡូក្រាមចូលមកទឹកដីខេត្តស្ទឹងត្រែងត្រូវបានកងកម្លាំងកងរាជអាវុធហត្ថធ្វើសកម្មភាពបង្ក្រាបនិងឃាត់ខ្លួន បាន នៅចំណុចស្ពានទី២ភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែងនៅវេលាម៉ោង១២.៣០នាទី ថ្ងៃទី៨ឧសភា២០១៩ រួមជាមួយថ្នាំញៀនមួយកញ្ចប់។


លោកវរៈសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានបញ្ជាក់ថា៖ក្រោមការបញ្ជាផ្ទាល់ពីលោកមេបញ្ជាការនិងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូង ជនសង្ស័យនិងថ្នាំ ញៀនមួយកញ្ចប់នេះបាននាំមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថធ្វើការសាកសួរ បន្ត។


ជនសង្ស័យជឿ ហាយ ជាជនជាតិឡាវបានឆ្លើយសារភាពចំពោះមុខព្រះរាជអាជ្ញានិងសមត្ថកិច្ចថារបស់នេះមិនមែនជារបស់ខ្លួនទេគឺមានមនុស្សម្នាក់ហុចអោយនៅក្នុងផ្សារខេត្តភុងសាលីប្រទេសឡាវដោយគេអោយឈ្នួលក្នុងតម្លៃ៥លានគីប ស្មើ២.៥០០.០០០ប្រាក់រៀលខ្មែរ ដើម្បីប្រគល់អោយគេនៅក្បែព្រំដែនកម្ពុជា។
ការធ្វើតេស្តនៅចំពោះមុខ លោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត
វត្ថុតាងរឹបអូសបាននេះជាប្រភេទថ្នាំញៀញ(មេតំហ្វេតាមីនម្សៅក្រាមពណ៌សថ្លា)មានទម្ងន់សរុប១០៤៤,៧ក្រាម ស្មើទម្ងន់សុទ្ធ១០០២,៥ក្រាម។
សូមបញ្ជាក់ថា៖នេះជាលើកទី២ហើយនៅដើមខែឧសភាននេះដែលកម្លាំងកងរាជអាវុធហត្ថខេត្តបង្ក្រាបបទល្មើសគ្រឿងញៀន ហើយទាក់ទិនករណីខាងលើនេះសមត្ថកិច្វបានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីវិធីផងដែរ៕