កម្ពុជាស្នើសុំ ADB ផ្តល់ហិរញ្ញប្បទាន ចំពោះគម្រោងវិនិយោគធំៗ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ — កិច្ចប្រជុំរបស់ក្រុមប្រឹក្សាទេសាភិបាលលើកទី៥២ ឬកិច្ចប្រចាំឆ្នាំ២០១៩របស់ធនាគារអភិវឌ្ឍន៍ អាស៊ី (ADB) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងណាឌី ប្រទេសហ្វ៊ីជី បានបិទបញ្ចប់ប្រកបដោយភាពជោគជ័យ តាមការគ្រោងទុក ដើម្បីសម្រេចឱ្យបាននូវវិបុលភាព ប្រកបដោយបរិយាប័ន្ន, ភាពធន់ និងនិរន្តភាព សម្រាប់​តំបន់​អាស៊ី និងប៉ាស៊ីហ្វិក។ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃ​ក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ និងជាទេសាភិបាលជំនួសរបស់កម្ពុជាប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី បានចូល​រួមដឹកនាំកិច្ចប្រជុំនេះ ក្នុងនាមប្រទេសកម្ពុជាដែលត្រូវបានជ្រើសតាំងជាអនុប្រធាន​នៃកិច្ច​ប្រជុំ​ក្រុមប្រឹក្សាទេសាភិបាល។

កិច្ចប្រចាំឆ្នាំលើកនេះ ក៏ដូចលើកមុនៗផងដែរ អង្គប្រជុំបានធ្វើ​ការ​​ពិភាក្សាលើច្រើនប្រធានបទ គ្របដណ្តប់ច្រើនវិស័យ ក៏ដូចជាប្រតិបត្តិការរបស់ ADB ក៏ប៉ុន្តែនៅក្នុងចំណោមប្រធានបទនៃកិច្ចពិភាក្សាទាំងនោះ បញ្ហាពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យ​ទេសចរណ៍ប្រកបដោយនិរន្តភាព(Sustainable tourism) និងបញ្ហាបរិស្ថានសមុទ្រ ឬសុខ​ភាព​របស់សមុទ្រ (Ocean health) បានក្លាយទៅជាប្រធានបទស្នូល សម្រាប់កិច្ចប្រជុំប្រចាំ​ឆ្នាំ២០១៩ នេះ។

គួរបញ្ជាក់ដែរ វិស័យទេសចរណ៍បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញ​កំណើនសេដ្ឋកិច្ច និងការបង្កើតការងារ។ ជាក់ស្តែង ការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ​មកកាន់តំបន់អាស៊ី និងប៉ាស៊ីហ្វិកបានកើនឡើងដល់ប្រមាណ៣៥០ លាននាក់ ក្នុងឆ្នាំ២០១៨ កន្លងទៅ ពោលគឺមានកំណើនទ្វេដងធៀបនឹងឆ្នាំ២០០៥។ ទន្ទឹមនឹងនេះ ប្រជាជនអាស៊ី​ក៏ធ្វើ​ទេសចរណ៍កាន់តែច្រើនផងដែរ ដោយការកើនឡើងនៃប្រជាជនវណ្ណៈកណ្តាល គួបផ្សំនឹង​ការអភិវឌ្ឍរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធបម្រើឱ្យវិស័យទេសចរណ៍។ ជាទស្សន​វិស័យ​ទៅថ្ងៃមុខ ជាពិសេសនៅក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ ដែលមានការប្រើ​ប្រាស់ មនុស្សយន្ត និងបញ្ញាសប្បនិមិត្ត (AI), វិស័យទេចរណ៍នឹងក្លាយជាវិស័យមួយដែលនឹង មាន ការប្រើប្រាស់មនុស្សច្រើនទៅវិញ។ ក្នុងន័យនេះ តំបន់ទាំងមូលត្រូវបន្តជំរុញការអភិវឌ្ឍទេស ចរណ៍ប្រកបដោយនិរន្តភាព តាមរយៈការវិនិយោគបន្ថែមលើការអភិវឌ្ឍធនធានមនុស្ស និង ជំនាញសម្រាប់បម្រើឱ្យវិស័យទេសចរណ៍ ដោយមានការគិតគូរទៅដល់និរន្តភាពបរិស្ថាន, កេរ្តិ៍មរតកវប្បធម៌ និងសហគមន៍មូលដ្ឋាន។ ដោយឡែក បញ្ហាបរិស្ថានសមុទ្រក៏ជាបញ្ហា​ដែល​គួរឱ្យយកចិត្តទុកដាក់ផងដែរ ដោយសារសមុទ្រកំពុងទទួលរងការគំរាមកំហែងកាន់​តែខ្លាំង ឡើង ដោយសារកត្តាផ្សេងៗ ពិសេសការបង្ហូរទឹកកង្វក់ និងការបោះចោលកាកសំណល់​ផ្លាស្ទីកចូលទៅក្នុងសមុទ្រ។ តាមការព្យាករណ៍ ប្រសិនបើមិនមានចំណាត់ការចំពោះការគំរាម​កំហែងនេះទេ នឹងបណ្តាលឱ្យ៩០ភាគរយ នៃផ្កាថ្មបប្រិះទឹកនៅក្នុងតំបន់ទាំងមូលត្រូវបាត់​បង់​នៅត្រឹមឆ្នាំ២០៥០ ហើយធនធានសមុទ្រក៏នឹងត្រូវហិនហោចយ៉ាងធំសម្បើមផងដែរ។ ដូចនេះ បណ្តាប្រទេសទាំងអស់ត្រូវចូលរួមថែរក្សាការពារបរិស្ថានសមុទ្រ (Ocean health) ដើម្បីភព​ផែនដី។ ដើម្បីផ្តល់ការគាំទ្រដល់បេសកកម្មនេះ ADB សន្យានឹងបង្កើនការផ្តល់ហិរញ្ញប្បទាន និងជំនួយបច្ចេកទេសរបស់ខ្លួនដល់ប្រទេសសមាជិករហូតដល់៥ពាន់លានដុល្លារ នៅឆ្នាំ​២០២៤។

នៅក្នុងសុន្ទរកថាដែលបានកត់ត្រាជាកំណត់ហេតុនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាទេសាភិបាលលើកទី៥២ របស់ ADB, ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃ​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាទេសាភិបាលជំនួសរបស់កម្ពុជា ដែលបានដឹក​នាំគណៈ​ប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំនេះ បានលើកឡើងពីការរីកចម្រើនលើគ្រប់វិស័យដែលកម្ពុជា​សម្រេចបាននៅក្នុងរយៈពេលកន្លងមក ដោយគូសរំលេចអំពីសមិទ្ធកម្មសេដ្ឋកិច្ចសំខាន់ៗ នៅ​ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ។ ឯកឧត្តមក៏បានលើកឡើងផងដែរ អំពីការសម្រេចបាននូវ​វឌ្ឍនភាពគួរឱ្យកត់សម្គាល់នៅក្នុងការកៀរគរចំណូលសារពើពន្ធ ដែលធ្វើឱ្យរាជរដ្ឋាភិបាល មានលទ្ធភាពកាន់តែច្រើន ក្នុងការបង្កើនចំណាយលើវិស័យអាទិភាព និងវិស័យលើកកម្ពស់ ប្រសិទ្ធភាព និងផលិតភាពសេដ្ឋកិច្ច។ លើសពីនេះ ឯកឧត្តមក៏បានលើកឡើងផងដែរ អំពី អាទិភាពគោលនយោបាយសំខាន់ៗ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ក្នុងការ ជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា។ ជាមួយគ្នានេះ នៅក្នុងឱកាស នៃការចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាទេសាភិបាលរបស់ ADB លើកទី៥២ នេះដែរ ឯកឧត្តម វង្សី វិស្សុត ក៏បានជួបពិភាក្សាការងារដាច់ដោយឡែកជាមួយឯកឧត្តម Takehiko Nakao ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផងដែរ។ នៅក្នុងជំនួបនេះ ឯកឧត្តម​បាន​វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដ៏ជិតស្និទ្ធ និងស្មោះត្រង់រវាងរាជ​រដ្ឋាភិ​បាលកម្ពុជា និង ADB ជាពិសេសការសម្រេចបាននូវក្របខ័ណ្ឌយុទ្ធសាស្រ្តភាពជា​ដៃគូ​សម្រាប់អភិវឌ្ឍន៍កម្ពុជាឆ្នាំ២០១៩-២០២៣។ ឯកឧត្តមបានស្នើសុំ ADB ជួយរៀបចំក្របខ័ណ្ឌ​វិនិយោគសម្រាប់អភិវឌ្ឍន៍វិស័យសំខាន់ៗមួយចំនួន ដូចជា៖ វិស័យថាមពល, ជំនាញ, ហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បាន​ស្នើសុំ ADB ផ្តល់ហិរញ្ញប្បទានចំពោះគម្រោងវិនិយោគដែលមានទឹកប្រាក់ធំៗ ទន្ទឹមគ្នានឹងការ​លើក​កម្ពស់គុណភាពគម្រោង ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍកម្ពុជា នៅក្នុង​ដំណាក់​កាលថ្មី៕

ដោយ គង់ សិរីរ័ត្ន