ទិវាកាកបាទក្រហមកម្ពុជាឆ្នាំ២០១៩ទទួលបានថវិកាជាង២០លានដុល្លារពីសប្បុរសជន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖

ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម៨ឧសភាឆ្នាំ២០១៩នេះ កាកបាទ ក្រហមកម្ពុជាទទួលបានថវិកាពីសប្បុរសជនជាតិនិងអន្តរជាតិប្រមាណជាង២០លានដុល្លារសហរដ្ឋអាមេរិកដើម្បីពង្រីកលទ្ធភាពកាន់តែទូលំទូលាយក្នុងការធ្វើសកម្មភាពមនុស្សធម៌ជួយ ដល់ជនរងគ្រោះ និងជនងាយរងគ្រោះនៅទូទាំងប្រទេស។
ក្នុងឱកាសប្រារព្ធអង្គមេទ្ទិញរំលឹកខួបទី១៥៦ នៃទិវាពិភពលោកកាកបាទក្រហម អឌ្ឍន៍ចន្ទ ក្រហម៨ឧសភា ឆ្នាំ២០១៩នេះ សប្បុរសជនជាតិ និងអន្តរជាតិមកពីគ្រប់មជ្ឈដ្ឋានបានបរិច្ចាគវិភាគទានក្នុងតួរលេខបឋមជាង២០លាន៧សែន ដុល្លារសហរដ្ឋអាមេរិកដល់កាកបាទក្រហមកម្ពុជា ដើម្បី ពង្រីកប្រតិបត្តិការនានានៅក្នុងបុព្វហេតុមនុស្សធម៌សំដៅជួយសម្រាលទុកលំបាករបស់ បងប្អូន ប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលទទួលរងគ្រោះថ្នាក់ដោយសារគ្រោះមហន្តរាយ និងគ្រោះអាសន្ននានា ដែលកំពុងត្រូវការជំនួយសង្គ្រោះជាបន្ទាន់។
ផ្អែកតាមតួលេខបឋមដែលសប្បុរសជនជាតិ និងអន្តរជាតិមកពីគ្រប់មជ្ឈដ្ឋានបានបរិច្ចាគវិភាគទានដល់កាកបាទក្រហមកម្ពុជាក្នុងឆ្នាំ២០១៩នេះដែលមានតួរលេខជាង២០លានដុល្លារនេះ គឺមានការកើនឡើងជាងឆ្នាំ២០១៨កន្លងទៅ ដោយទទួលបានត្រឹមតែជាង១៨លានដុល្លារប៉ុណ្ណោះ។
ក្នុងចំណោមថវិកាជាង២០លានដុល្លានេះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានសព្វព្រះរាជហឬទ័យបានព្រះរាជូបត្ថម្ភចំនួន២ម៉ឺនដុល្លារសហរដ្ឋអាមេរិក ចំណែក សម្តេចព្រះមហាក្សត្រី នរោត្តមមុនីនាថ សីហនុ ព្រះវរៈរាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ក៏បានព្រះរាជូបត្ថម្ភចំនួ២ ម៉ឺនដុល្លារសហរដ្ឋអាមេរិកផងដែរ។
ថ្លែងក្នុងកម្មវិធីអបអរសាទរខួបលើកទី១៥៦នៃទិវា កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៩នេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាមានប្រសាសន៍ថា ការប្រោះព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យដ៏វិសេសវិសាលថ្លៃថ្លារបស់ព្រះអង្គទាំងទ្វេបានឆ្លុះបញ្ចំាងអំពីការយកព្រះរាជហឬទ័យទុកដាក់ខ្ពស់ជានិច្ចចំពោះសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជាពិសេសព្រះអង្គបានគិតគូរនិងខ្វាយខ្វល់ជានិច្ចចំពោះសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជានុរាស្រ្ត ដែលជាកូនចៅ ចៅទួតរបស់ព្រះអង្គ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតក៏បានចាត់ទុកព្រះរាជសកម្មភាពមនុស្សធម៌នេះជាព្រះរាជវីរៈគំរូដល់កូនចៅចៅទួតគ្រប់ៗជំនាន់ហើយដែលកូនចៅប្រជានុរាស្រ្តតែងតែនឹកដល់ គុណូបការៈដ៏ថ្លៃថ្លា នេះ ពុំអាចបំភ្លេចបានឡើយ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតក៏បានថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ដែលតែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រយ៉ាងខ្លាំងក្លាដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាដើម្បីបន្តបេសកកម្មមនុស្សធម៌របស់ខ្លួនអោយសម្រេចបាននូវសមិទ្ធិផលថ្មីៗបន្ថែមទៀតជូនជាតិនិងប្រជាពលរដ្ឋកម្ពុជា។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានអះអាថាឆ្នាំ២០១៩នេះកាកបាទក្រហមកម្ពុជានឹងខិតខំប្រឹងប្រែងធ្វើសកម្មភាពមនុស្សធម៌ឲ្យបានកាន់តែខ្លំាងក្លា ដើម្បី ធានាការសម្រាលទុក្ខលំបាកជូនជនងាយរងគ្រោះធានាបានប្រសិទ្ធភាពខ្ពស់។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានចាត់ទុកថា វិភាគទាន ដ៏ថ្លៃថ្លាទាំងអស់របស់សប្បុរសជន ដែលតែងតែបានផ្តល់សំរាប់ការងារជួយសង្គ្រោះ និងការគំាទ្រ សកម្មភាពមនុស្សធម៌ គឺផ្តល់នូវក្តីសង្ឃឹម និងភាពកក់ក្តៅដល់គ្រួសារងាយរងគ្រោះទាំងឡាយ ពិសេសជនចាស់ជរា ជនគ្មានទីពឹង ស្រ្តីមេម៉ាយ កុមារកំព្រារ និងអ្នករស់នៅជាមួយមេរោគអេដស៏ និងជំងឺអេដស៏ ដែលកំពុងជួបការលំបាក។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអំពាវនាវដល់សប្បុរសជនជាតិ អន្តរជាតិបន្តចូលរួមវិភាគទានតាមរយៈវប្បធម៌នៃការចែក រំលែកនេះឲ្យកាន់តែសកម្ម និងគ្រប់ទីកន្លែង ដើម្បីឲ្យសកម្មភាពមនុស្សធម៌កាន់តែរីកធំឡើងៗ ដែលជួយដោះស្រាយបញ្ហាសង្គមបានជាច្រើន។
សូមបញ្ជាក់ថា សមាគមកាកបាទក្រហមកម្ពុជា ជាស្ថាបន័មនុស្សធម៌ដ៏ធំជាងគេនៅក្នុងប្រទេស កម្ពុជាដោយត្រូវបានបង្កើតឡើងនៅថ្ងៃទី១៨ខែកុម្ភៈឆ្នាំ១៩៥៥ ហើយការរៀបចំទិវាកាកបាទក្រហម៨ ឧសភានេះ គឺជាព្រឹត្តការណ៍សំខាន់របស់កម្ពុជាក្នុងគោលបំណងកៀគររកមូលនិធិធ្វើប្រតិបត្តិការ មនុស្សធម៌ជួយប្រជាពលរដ្ឋរងគ្រោះបំផុត ដូជាពាក្យស្លោក កាកបាទក្រហមកម្ពុជា មានគ្រប់ទី កន្លែង សម្រាប់គ្រប់ៗគ្នា។
គួរំលឹកផងដែរថា កាលពីឆ្នាំ២០១៨កន្លងមកនេះ កាកបាទក្រហមកម្ពុជាដែលមានសាខាគ្រប់ ២៥ រាជធានីខេត្តបានជួយអន្តរាគមន៍ជនងាយរងគ្រោះដោយគ្រោះធម្មជាតិ និងបញ្ហាផ្សេងៗ ទៀតរហូតដល់ជាង១៤ម៉ឺនគ្រួសារ ការជីកអណ្តូងទឹកស្អាតសម្រាប់តំបន់ខ្លះទឹក រួមទំាងការផ្តល់ ជំនួយមនុស្សធម៌ថែមទៀតផង៕
អត្ថបទ ហុក សុខរិន ថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០១៩