រដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមជាតិធ្វើដំណើរទៅកាន់កូរ៉េខាងជើង ដើម្បីធ្វើទស្សនកិច្ចនៅការិយាល័យទំនាក់ទំនងអន្តរកូរ៉េ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩  — រដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមលោក គីម​ យ៉ុន-ចុល(Kim Yeon-chul) បានឆ្លងកាត់ព្រំដែន​អន្តរកូរ៉េ​នៅថ្ងៃពុធនេះ ដើម្បីទស្សនាការិយាល័យទំនាក់ទំនងរួមមួយ​ នៅក្នុងទីក្រុងព្រំដែន​របស់​កូរ៉េខាងជើង Kaesong នៅក្នុងការធ្វើទស្សនកិច្ចជាលើកដំបូងរបស់លោកទៅកាន់​ប្រទេស​កុម្មុយនីស្តមួយនេះ ចាប់តាំងពីការឡើងកាន់តំណែងកាលពីខែមុន។

លោក គីម មានផែនការជួបមន្ត្រីកូរ៉េខាងត្បូងដែលឈរជើងនៅទីនោះ ហើយពិនិត្យ​មើល​វឌ្ឍនភាពការងាររបស់ពួកគេមុនពេលវិលត្រឡប់មកកាន់ទីក្រុងសេអ៊ូលវិញ នៅពេល​រសៀល។ មន្ត្រីក្រសួងម្នាក់បាននិយាយក្នុងលក្ខខណ្ឌអនាមិកថា  ដំណើរទស្សនកិច្ចនេះ មាន​គោលបំណងលើកទឹកចិត្តដល់បុគ្គលិករបស់យើង ដែលធ្វើការនៅការិយាល័យទំនាក់ទំនង​ដែលវាបានដើរតួនាទីសំខាន់មួយក្នុងទំនាក់ទំនងអន្តរកូរ៉េ។

មន្ត្រីនោះបានបន្ថែមទៀតថា លោក គីម មិនមានផែនការក្នុងការពិគ្រោះជាមួយកូរ៉េ​ខាង​ជើងទេ ​ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកលើកនេះ។  ទោះជាយ៉ាងណា​ក៏ដោយ ​ដំណើរទស្សនកិច្ចរបស់លោកមានការយកចិត្តទុកដាក់​យ៉ាងខ្លាំង ដោយសារតែមាន​ការផ្លាស់​ប្តូរគ្នា រវាងប្រទេសកូរ៉េ និងកូរ៉េដែលទំនងជាត្រូវបាន​ផ្សារភ្ជាប់ជាមួយនឹងការរីកចម្រើនតិចតួចក្នុងកិច្ចចរចាការធ្វើមិនឱ្យមាននុយក្លេអ៊ែរ រវាងទីក្រុង​ព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោននោះ។

កាលពីថ្ងៃសៅរ៍ កូរ៉េខាងជើងបានបាញ់គ្រាប់ផ្លោងជាច្រើន ចូលសមុទ្រខាងកើត ដោយ​​បង្កើននូវ​ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ។ គម្រោងឆ្លងកាត់ព្រំដែនសំខាន់ៗ ត្រូវបានគេដាក់ឱ្យរង់ចាំជាច្រើនខែ ដោយសារកូរ៉េ​ខាង​ជើង​មិនបានឆ្លើយតបនឹងសំណើរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេ-អ៊ិន ​(Moon Jae-in) សម្រាប់កិច្ចប្រជុំកំពូលលើកទី៤ ជាមួយមេដឹកនាំកូរ៉េខាងជើងលោក ​គីម ​ជុង-អ៊ុន។

កូរ៉េទាំងពីរបានចាប់ផ្តើមបើកការិយាល័យទំនាក់ទំនងកាលពីក្នុងខែកញ្ញា និងបាន​ព្រម​ព្រៀងគ្នា ដើម្បីធ្វើកិច្ចប្រជុំជាសហប្រធានរបស់ខ្លួន ជារៀងរាល់សប្តាហ៍​ ដើម្បីពិភាក្សាអំពី​បញ្ហាឆ្លងព្រំដែន។ កិច្ចចរចានុយក្លេអ៊ែរ ត្រូវបានផ្អាកចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី២​រវាងមេដឹកនាំកូរ៉េខាងជើងលោក គីម និងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ (Donald Trump)កាលពីខែកុម្ភៈ ដែលបានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងមួយ​សោះ​ដោយសារតែ​ភាព​ខុសគ្នា អំពីជំហានគ្មានអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង និងការបន្ធូរបន្ថយទណ្ឌកម្ម​​របស់​ក្រុងវ៉ាស៊ីនតោន៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល  )