ប្រមុខរាជរដ្ឋាភិបាលណែនាំដល់ស្ថាប័នពាក់ព័ន្ធបង្កើនកិច្ចអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​ និង​ លោក​ អ៊ូ​ កាណែល​៖

ប្រមុខរាជរដ្ឋាភិបាលណែនាំដល់ស្ថាប័នពាក់ព័ន្ធបង្កើនកិច្ចអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ ដើម្បីជួយសម្រាលការលំបាកនិងទុក្ខវេទនារបស់ប្រជាពលរដ្ឋ។
សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានជំរុញអោយអាជ្ញាធរដែនដីនិងកងកម្លំាងគ្រប់ប្រភេទត្រូវចុះជួយកសាងនិងជួសជុលលំនៅដ្ឋានប្រជាពលរដ្ឋ ឡើងវិញដែលរងគ្រោះដោយគ្រោះធម្មជាតិដូចជាខ្យល់ព្យុះខ្យល់កន្ត្រាក់និងរន្ទះបាញ់។ បន្ថែមពីនេះទៀតចំពោះក្រសួងសុខាភិបាលត្រូវចាត់បុគ្គលិកសុខាភិបាលចុះជួយពិនិត្យព្យាបាលជូនដល់ប្រជាពលរដ្ឋរងគ្រោះទំាងអស់នោះឲ្យបានទាន់ពេលវេលា។
ថ្លែងក្នុងកម្មវិធីអបអរសាទរខួបលើកទី១៥៦នៃទិវា កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៩នេះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានអះអាងថា ការជួយអន្តរាគមន៍ដល់ ប្រជាពលរដ្ឋបានទាន់ពេលវេលានេះ គឺបានដោះស្រាយទុក្ខលំបាកជាបន្ទាន់របស់ប្រជាពលរដ្ឋ យ៉ាងមានប្រសិទ្ធភាព។
សម្តេចតេជោបានអះអាងទៀតថា រាជរដ្ឋាភិបាលនៅតែមានក្តីបារម្ភចំពោះហន្តរាយគ្រោះ ធម្មជាតិនេះដែលទាមទារឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នទ្វេដង ដើម្បីធានាសុវត្ថិភាពនិង កាត់បន្ថយបញ្ហាគ្រោះថ្នាក់កើតឡើងជាយថាហេតុ។
«ការប្រែប្រួលអាកាសធាតុបាននាំមកនូវការលំបាកយ៉ាងច្រើនសម្រាប់យើង គ្រាន់តែក្នុងប៉ុន្មានថ្ងៃប៉ុន្មានអាទិត្យនេះ នៅខេត្តបន្ទាយមានជ័យ ផ្ទះរាប់រយខ្នងត្រូវបានដួលរលំ ខ្យល់កន្ត្រាក់ ផ្គរ រន្ទះ ភ្លៀង បានធ្វើឲ្យរលំផ្ទះ ខូចខាតទ្រព្យសម្បត្តិអាយុជីវិតមនុស្សនិងសត្វ នោះហើយគឺជាបញ្ហាដែលទាមទារឲ្យយើងដោះស្រាយ ហើយផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានដឹងនិងមានការប្រុងប្រយ័ត្នខ្ពស់ជាមួយគ្នានោះ យើងក៏ត្រូវតែមានការប្រុងប្រៀប អន្តរាគមន៍ដើម្បីឆ្លើយតបជាមួយគ្រោះមហន្តរាយបែបនេះកើតឡើងនៅក្នុងតំបន់ដែលជួបគ្រោះថ្នាក់ រាប់ទាំងអន្តរាគមន៍ កងកម្លាំងប្រដាប់អាវុធ ទាំងកងទ័ព អាវុធហត្ថនិងនគរបាល ដើម្បីជួយធ្វើផ្ទះ ជួសជុលផ្ទះរបស់ប្រជាពលរដ្ឋឬទាក់ទងជាមួយនឹងបញ្ហាវិស័យសុខាភិបាល និងផ្នែកដទៃទៀតដែលជាតម្រូវការរបស់យើង ៕