ក្នុងឆ្នាំ២០១៩នេះ សប្បុរសជនបានផ្ដល់ថវិកាដល់កាកបាទក្រហមកម្ពុជា សម្រាប់ទ្រទ្រង់ សកម្មភាពមនុស្សធម៌ចំនួនជាង ២០លានដុល្លារអាម៉េរិក

AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ -ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប១៥៦ឆ្នាំ នៃទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩នេះ សប្បុរសជនទាំងក្នុង និងក្រៅប្រទេសបានផ្ដល់​នូវការឧបត្ថម្ភថ​វិកា​ចំ​នួ​ន២០.៧៥៧.៥១០ដុល្លារអាម៉េរិក ក្នុងខណៈដែលឆ្នាំ២០១៨ ទទួល​បា​ន​​ចំនួនជាង១៨​លាន​ដុល្លារអាម៉េរិក សម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌នៅ​ក្នុងព្រះរា​ជា​ណា​​ចក្រកម្ពុជា។

ក្នុងពិធីអបអរសាទរខួប ១៥៦ឆ្នាំ នៃទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២​០​១៩ ក្រោមប្រធានបទ “ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា I Love Cambodian Red Cr​o​s​s​” ត្រូ​វ​បានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូ​វ​​​នឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្នុងរាជធានី​ភ្នំ​ពេ​​​​ញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា​យក​រដ្ឋ​​មន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន​ សែន ប្រធាន​កាកបាទក្រហមកម្ពុជា និងមា​នកា​រ​ចូ​លរួមពីវត្តមានឥស្សរជនជាន់ខ្ពស់ជាតិ-អន្តរជាតិ សប្បុ​រសជនទាំងក្នុងនិងក្រៅប្រទេស ព្រ​ម​​ទាំងសិស្ស និស្សិតប្រមាណជាង​៤.០០០នាក់។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានថ្លែងថា ក្នុងឆ្នាំ២០១៨ និង៤ខែដើមឆ្នាំ២០១៩នេះ កាក​បា​ទ​ក្រ​ហមកម្ពុជាដែលមានសាខានៅតាម​រាជ ធានីខេត្តទាំង ២៥ អាចសម្រេចបាននូវសមិទ្ធ​ផល​ធំ​ៗ​គួរឱ្យកត់សម្គាល់ ជារួមមានប្រជាពល រដ្ឋតាមជនបទដាច់ស្រយាលជិត៣ម៉ឺនគ្រួសារ បាន​ទ​ទួល​អណ្ដូងទឹកស្អាតចំនួន១៣៩ ចាស់ៗ គ្មានទីពឹងគ្រួសារពិការភាព ស្ត្រីមេម៉ាយ ទុរគត​ចំ​នួន​១៦៧គ្រួសារទទួលបានផ្ទះថ្មី ប្រជាពល​រដ្ឋតាមជនបទ៤៥៣គ្រួសារទទួលបាន​បង្គន់​អ​នា​ម័​​យ  គ្រួសាររងគ្រោះដោយគ្រោះធម្មជាតិ​និងចាស់ឥតទីពឹងកុមារកំព្រាគ្រួសារមានជំងឺរ៉ាំរ៉ៃ ស្ត្រី​​មេម៉ាយចំនួនជាង១៤ម៉ឺនគ្រួសារ ទទួល​បានអំណោយជាស្បៀង សម្ភារជួយសម្រាល​ជីវ​ភា​ព​រស់នៅប្រជាពលរដ្ឋរស់នៅតំបន់​ប្រឈម​ ជំងឺគ្រុនចាញ់គ្រុនឈាមចំនួន ២ម៉ឺនគ្រួសារ​ បាន​​ទទួលអំណោយជាមុងសុវត្ថិភាព។ អ្នកពិការ ជើងចំនួន៩៥៦នាក់ ទទួលបានរទេះពិការ ប្រ​ជា​ពលរដ្ឋរស់នៅតាមតំបន់ព្រំដែនរាប់រយ​គ្រួសារទទួលបានប្រាក់កម្ចីធ្វើដើមទុន​ប្រកបរប​រចិ​ញ្ចឹ​មជីវិត អ្នកស្ម័គ្រចិត្តនិងបុគ្គលិកក្នុង វិស័យឯកជនជាង៤.០០០នាក់ ទទួលបានការបណ្ដុះប​ណ្ដា​លវិជ្ជាជីវៈសង្គ្រោះបឋម ប្រជា​ពល​រដ្ឋតាមសហគមន៍រាប់ម៉ឺនគ្រួសារបានចូលរួមក្នុង​ការ​ផ្ស​​​ព្វ​ផ្សាយលើកកម្ពស់ការយល់ដឹង ពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ ការថែ​ទាំ​សុ​​ខ​ភាពការប្រើប្រាស់ទឹកស្អាត អនាម័យអាហារូបត្ថម្ភ។ ​ជាមួយគ្នានេះ សិស្ស និស្សិត ​មន្ត្រីរាជ​កា​រ និងប្រជាពលរដ្ឋប្រមាណ ជាង៨ម៉ឺននាក់ ទទួលបានចំណេះដឹងតាមរយៈការផ្ស​ព្វផ្សាយ​ច្បា​ប់ស្តីពីចរាចរណ៍ផ្លូវគោក។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានបន្តថា ក្នុងរយៈពេល៤ខែដើមឆ្នាំ ២​០​​១៩នេះ សាខា២៥រាជធានី ខេត្តបានផ្ដល់អំណោយជូនអ្នករងគ្រោះ​ដោយខ្យល់​កន្ត្រាក់​១១​៦​ដង​ ចំនួន ៣.០៣៥គ្រួសារ។ ជាមួយគ្នានេះដែរកាកបាទក្រហមកម្ពុជាបានចូលរួមឧបត្ថម្ភ​ដ​ល់​​ម​ន្ទីរពេទ្យគន្ធបុប្ផា តាមរយៈ មូលនិធិគន្ធបុប្ផាកម្ពុជាចំនួន១លានដុល្លារក្នុងឆ្នាំ២០១៨​ ហើ​យ​នៅ​ឆ្នាំ២០១៩នេះនឹងបន្ត​ជួយជាបន្តទៀតផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរចំពោះ ខួបលើកទី១៥៦ ទិ​វា​​ពិ​ភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩ ដោយ សម្ដេចតេ​ជោ​បា​ន​គូសបញ្ជាក់ថា តាមរយៈប្រធានបទ «ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា» ឆ្នាំនេះ ពិតជា​មា​ន​ន័​យគ្រប់គ្រាន់ សម្រាប់សកម្មភាពដ៏ប្រពៃរបស់កាកបាទក្រហមកម្ពុជា ក្នុងវិស័យ​មនុស្សធម៌។  សម្តេចតេជោក៏បានអំពាវនាវឱ្យពាក្យស្លោក “ខ្ញុំស្រលាញ់កាកបាទ​ក្រហមកម្ពុជា I Love Ca​mb​odian Red Cross “ ក្លាយទៅជាការអនុវត្តជាក់ស្តែង និងជា​ចលនា ជាតិទាំងមូល ចាប់ពី​ថ្នា​ក់​ជាតិ រហូតដល់ប្រជាពលរដ្ឋ។ សម្តេចតេជោក៏បាន​លើក​ឡើង ពីសារៈសំខាន់​របស់​កា​ក​បាទ​ក្រ​ហមកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសំខាន់​ក្នុង​ការបម្រើដល់សកម្មភាពមនុស្សធម៌ ដែ​លបានិងកំពុងអនុវត្តយ៉ាងសកម្មក្នុងពេលបច្ចុប្បន្ន ដើម្បីជួយដល់ប្រជាពលរដ្ឋដែល​រង​គ្រោះ​ដោយសារគ្រោះធម្មជាតិ ដោយប្រការផ្សេងៗ។ ជាមួយគ្នានេះ សម្តេចតេជោ​នា​យក​រដ្ឋ​​មន្ត្រី បានថ្លែងអំណរគុណដល់កម្លាំងមនុស្សធម៌ ដែល​មានអាជ្ញាធរគ្រប់លំដាប់ថ្នាក់ យុវ​ជន​ស្ម័គ្រចិត្តតាមបណ្តារាជធានី ខេត្ត-ក្រុងទាំង២៥ ដែល​បានចូលរួមឆ្លើយតបទាន់ពេលវេលា​ក្នុ​ងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះ ដោយគ្រោះធម្មជាតិ ឬដោយប្រការផ្សេងៗ​នាពេលកន្ល​ងមក និងបានថ្លែងអំណរគុណ ដល់សប្បុរសជនទាំងជាតិ និងអន្តរជាតិ ដែលបានផ្តល់​ជំ​នួ​យតាមរយៈកាកបាទក្រហមកម្ពុជា​ក្នុងការទ្រ​ទ្រង់​សកម្មភាពមនុស្សធម៌៕

ដោយ ជឹម ណារី