រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើឱ្យសាកលវិទ្យាល័យសិនចិន ជួយផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពធុរកិច្ចកម្ពុជាដល់វិនិយោគិនចិន

AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ -ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើឱ្យសាស្ត្រាចារ្យ បុគ្គលិកសិក្សា និងនិស្សិតនៃសាកលវិទ្យាល័យសិនចិន ជួយផ្សព្វផ្សាយអំពី​សក្តានុ​ពល និងកាលានុវត្តភាព​ធុរកិច្ចកម្ពុជា ដល់វិនិយោគិនចិន នៅក្នុងទីក្រុងសិនចិន ដើម្បី​ទាក់ទាញការបណ្តាក់ទុន​កាន់​តែ​ច្រើនថែមទៀតពីប្រទេសចិន។ ការស្នើសុំនេះបានធ្វើឡើង នាឱកាសអញ្ជើញធ្វើបឋកថា ស្តីពី «អត្ថប្រយោជន៍ដែលកម្ពុជាទទួលបានពីការចូលរួមក្របខ័ណ្ឌយុទ្ធសាស្ត្រខ្សែក្រវាត់ និង​ផ្លូវ របស់ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង» ជូនសាស្ត្រាចារ្យ និងនិស្សិតចំនួន១០០នាក់ នៅក្នុងសាកលវិទ្យាល័យសិនចិន ខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិន។ នេះបើ​យោងតាមការចេញផ្សារបស់ក្រសួងពាណិជ្ជកម្ម។

ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានធ្វើការវាយតម្លៃខ្ពស់ចំពោះ ការអនុវត្តយុទ្ធសាស្រ្ត​ខ្សែ​ក្រវាត់ និងផ្លូវរបស់ប្រទេសចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលបាននាំ​មកនូវការភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច វិនិយោគ ហិរញ្ញវត្ថុ និងវប្បធម៌ ជាមួយប្រទេស​នានាក្នុងតំបន់ និងពិភពលោក ហើយក្នុងនោះកម្ពុជា ក៏ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ពីគំនិតផ្តួចផ្តើមនេះ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ច ដ៏រឹងមាំរបស់កម្ពុជា និងបានជម្រាបជូនសាស្ត្រាចារ្យ និងនិស្សិតទាំងអស់ អំពីចក្ខុវិស័យរបស់​រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ ឯកឧត្តមក៏បានលើក​ឡើងអំពីទំហំពាណិជ្ជកម្មកម្ពុជា-ចិន ដែលកាលពីឆ្នាំ២០១៨ សម្រេចបានទឹកប្រាក់ ៧.៤០០​លានដុល្លារអាម៉េរិក នៅក្នុងនោះការនាំចេញរបស់កម្ពុជា ទៅប្រទេសចិនមានទំហំទឹកប្រាក់ ១.៣៧៧លានដុល្លារអាម៉េរិក កើនឡើង ៣៧ភាគរយ និងនាំចូលមានទំហំទឹកប្រាក់ ៦.០០០​លានដុល្លារអាម៉េរិក គឺបានកើនឡើង ២៦ភាគរយ។

លោកសាស្ត្រាចារ្យ Li Qingquan សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យសិនចិន បាន​ថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តី ព្រមទាំងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ដែល​បានផ្តល់កិត្តិយស និងបានចំណាយពេលដ៏មានតម្លៃ អញ្ជើញធ្វើបឋកថាដ៏សំខាន់ ជូននិស្សិត និងបុគ្គលិកសិក្សាទាំងអស់។ លោកសាកលវិទ្យាធិការ ក៏បានជូនពរ ឯកឧត្តមរដ្ឋមន្រ្តី និង​គណៈប្រតិភូ ឱ្យសម្រេចបានជោគជ័យនៅក្នុងដំណើរបេសកកម្មមកកាន់ប្រទេសចិន និងបាន សន្យាជួយផ្សព្វផ្សាយអំពីសក្តានុពលប្រទេសកម្ពុជា និងកាលានុវត្តភាពធុរកិច្ច ដល់វិនិយោ​គិនចិន ជាពិសេសសហគមន៍ធុរកិច្ច ដែលមានការិយាល័យកណ្តាលនៅក្នុងទីក្រុងសិនចិន៕

ដោយ អ៊ុន រិទ្ធី