រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម៖ រាជរដ្ឋាភិបាលកម្ពុជា បន្តគាំទ្រឧស្សាហកម្មវាយនភណ្ឌ និងចាត់​ទុកវិស័យនេះ ជាវិស័យសក្ដានុពលមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច

AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ -រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានធ្វើការពន្យល់អំពីគោលនយោបាយយុទ្ធសាស្ត្រ និង​ជំហររ​បស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តជួយគាំទ្រឧស្សាហកម្មវាយភណ្ឌ និងកាត់ដេរ​សម្លៀកបំពាក់នៅក្នុងប្រទេសកម្ពុជា ដោយចាត់ទុកវិស័យនេះ ជាវិស័យសក្ដានុពលមួយ រួម​ចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី នេះបានធ្វើឡើងនាឱកាសដែលឯកឧត្ដមដឹកនាំគណៈប្រតិភូកម្ពុជា ជួបពិភាក្សាជាមួយ​ក្រុម​ហ៊ុនផលិតសម្លៀកបំពាក់ធំៗ មានដូចជា H&M, C&A, Adidas Sourcing, Next Sourcing, Vanity Fair Corporation ដែលមានមូលដ្ឋាននៅក្នុងទីក្រុងហុងកុង តំណាងឱ្យអ្នកបញ្ជាទិញ ៣០ភាគរយ នៃឧស្សាហកម្មវាយភណ្ឌរបស់កម្ពុជា កាលពីថ្ងៃទី៦-៧ ខែឧសភា ឆ្នាំ២០១៩នេះ ដើម្បីបង្កើនទំនុកចិត្ត និងការបញ្ជាទិញកាន់តែច្រើនពីក្រុមហ៊ុនទាំងអស់នោះ។ នេះបើយោង​តាមការចេញផ្សាយរបស់ក្រសួងពាណិជ្ជកម្ម។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងអំពីយុទ្ធសាស្ត្រចតុកោណ គោលនយោបាយ​គាំពារវិនិយោគ កាលានុវត្តភាពធុរកិច្ច និងកំណែទម្រង់ថ្មីៗដែលបានដាក់ចេញដោយ​ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជានៅក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនលើកទី១៨ សំដៅលើក​កម្ពស់​បរិយាសវិនិយោគ ជាពិសេសជួយសម្រួលការធ្វើធុរកិច្ចរបស់វិស័យឯកជន នៅក្នុង​ប្រទេសកម្ពុជា។ ឯកឧត្តមក៏បានជម្រាបជូនតំណាងក្រុមហ៊ុនទាំងអស់ អំពីការចូលរួមរបស់​ក្រសួងពាណិជ្ជកម្ម នៅក្នុងការលើកស្ទួយវិស័យវាយនភណ្ឌ និងកាត់ដេរសម្លៀកបំពាក់ គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម និងគោលនយោបាយជាតិ ស្តីពីការអប់រំ បណ្តុះ​បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងខ្លឹមសារសេចក្តីព្រាងច្បាប់វិនិយោគថ្មី ដែលកំពុង​ត្រូវបានធ្វើវិសោធនកម្មមាត្រាមួយចំនួនឡើងវិញ ដើម្បីពង្រឹងឧត្តមភាពប្រកួត​ប្រជែងរបស់​កម្ពុជា ឱ្យមានភាពស្របគ្នាទៅនឹងបរិការណ៍តំបន់។

សូមបញ្ជាក់ថា បច្ចុប្បន្នឧស្សាហកម្មវាយភណ្ឌ និងកាត់ដេរសម្លៀកបំពាក់កម្ពុជា បាន​ស្រូបយកកម្លាំងពលកម្មប្រមាណជាង៨៥ម៉ឺននាក់ ក្នុងនោះ ចំនួនរោងចក្រសរុប មាន​ប្រមាណ ១.៥៨៥ទីតាំង គឺបានកើនឡើង ៤.១ភាគរយ បើធៀបនឹងឆ្នាំ២០១៧។ ជាមួយ​គ្នា​នេះ ការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង ទៅកាន់ទីផ្សារ​អន្តរ​ជាតិ កាលពីឆ្នាំ២០១៨កន្លងមក មានទឹកប្រាក់ជាង១០ប៊ីលានដុល្លារ ដែលកើនឡើងប្រមាណ ២៤.៧ភាគរយ បើធៀបនឹងឆ្នាំ២០១៧។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០១៨ របស់ធនា​គារ ជាតិនៃកម្ពុជា៕

ដោយ អ៊ុន រិទ្ធី