ប្រជាពលរដ្ឋក្រីក្រនិងកម្មករមន្រ្តីរាជការថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានផ្តល់សេវាព្យាបាលជម្ងឺដោយឥតគិតថ្លៃ

វិទ្យុជាតិកម្ពុជា៖កញ្ញា ទុយ សូលីដា ៖

ប្រជាពលរដ្ឋក្រីក្រ និងកម្មករមន្រ្តី រាជការថ្លែង អំណរគុណ ដល់រាជ រដ្ឋាភិបាល ដែល បាន ផ្តល់ សេវា ព្យាបាលជម្ងឺដោយឥតគិតថ្លៃដែលបានជួយកាត់បន្ថយនិងសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ ។
លោក ផឺញ ថាច ជាកម្មកររោងចក្រសេវ៉េនអែនជី បានប្រាប់វិទ្យុជាតិកម្ពុជាអោយដឹងថា លោក បានទទួល សេវាព្យាបាលជំងឺឆ្អឹងខ្នង នៅមន្ទីរ ពេទ្យកាល់ម៉ែត្រអស់រយៈពេល៣ខែមកហើយដោយគ្មានការចំណាយថ្លៃសេវាអ្វីឡើយដោយសារតែមានប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ថា (ប.ស.ស)។
លោកបានបញ្ជាក់ថា ការព្យាបាលជម្ងឺនៅមន្ទីរពេទ្យនេះគឺក្រុមគ្រូពេទ្យមានការមើលថែទាំង ការស្នាក់នៅនិងការហូបចុក ដោយមានការយកចិត្តទុកដាក់ហើយទទួលបានប្រាក់ឧបត្ថម្ភចំនួន ៥០០០រៀលក្នុងមួយថ្ងៃ សម្រាប់ការហូបចុកផងដែរ ។


លោកបានបញ្ជាក់ថា បើគ្មានប័ណ្ណ(ប.ស.ស)ទេ មិនដឹងជាស្ថានភាពជំងឺរបស់លោក យ៉ាងណានោះទេ ព្រោះតែជីវភាពក្រីក្រ ហើយគ្មានលទ្ធភាពចំណាយថវិកាលើការព្យាបាលជម្ងឺថែមទៀតផង។លោកបានចាត់ទុកថា ការផ្តល់ប័ណ្ណប.ស.សដល់កម្មករមន្រ្តីរាជការនាពេលនេះ គឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលគិតគូរដល់ប្រជាពលរដ្ឋទីទាល់ក្រ បានជួយសម្រួលការលំបាក កាត់បន្ថយការចំណាយនៅក្នុងជីវភាព ។ សំលេង៖ រាជរដ្ឋាភិបាលជួយបង្កើតប័ណ្ណក្រីក្រ និងប័ណ្ណបសស មានភាពងាយស្រួល និងជួយសម្រួលដល់ជីវភាពអ្នកក្រីក្រនិងអ្នកធ្វើការរោងចក្រ រាជរដ្ឋាភិបាលជាអ្នកចេញ បើឈឺមកពេទ្យកាល់ម៉ែត្រ គឺស្រួល ខាង(ប.ស.ស)គេមើលយើងដិតដល់ ពេលឈឺយប់ប្រលប់ និងខាងពេទ្យក៍គេមើលថែយើងបានល្អ បានខ្ញុំហ៊ាននិយាយអញ្ចឹង ពិព្រោះខ្ញុំមកដេកពេទ្យបីខែនៅកាល់ម៉ែត្រនិង សូមអរគុណដល់រាជរដ្ឋាភិបាល សូមអោយមានអាយុវែង និងរកស៊ីមានបាន។
ជាមួយគ្នានេះដែរ លោកស្រី ថា ស្រីម៉ៅ រស់នៅខ័ណពោធិ៍សែនជ័យ ដែលឪពុកកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ បានអោយដឹងដែលថា ប័ណ្ណសមធម៌ គឺពិតជាល្អសម្រាប់ពលរដ្ឋដែលមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការព្យាបាលជំងឺព្រោះថាការព្យាបាលជំងឺខ្លះត្រូវការចំណាយថវិកាច្រើន ដូច្នេះប័ណ្ណនេះអាចជួយសម្រាលបន្ទុកបានមួយផ្នែកធំក្នុងជីវភាពប្រចាំថ្ងៃ។
សូមបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបានបង្កើតអង្គភាពបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស)តំាងពីឆ្នាំ២០០៨មកដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់កម្មករនិយោជិកមន្រ្តីរាជការជនក្រីក្រនិងនិវត្តន៍ជនឲ្យទទួលបានការពិនិត្យព្យាបាលជំងឺដោយមិនគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋនិងឯកជន ជាង ១៣០០ មន្ទីពេទ្យនៅទូទំាងប្រទេស ៕