អន្តរក្រសួងពិនិត្យហេតុប៉ះពាល់បរិស្ថាននិងសង្គមដំបូងលើគម្រោងអាជីវកម្មខ្សាច់សំណង់

AKP​ ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ -ថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្ដម សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) សម្រាប់គម្រោងអាជីវកម្មខ្សាច់សំណង់។

ប្រភពព័ត៌មានពីក្រសួងបរិស្ថានបានឱ្យដឹងថា គម្រោងអាជីវកម្មខ្សាច់សំណង់ ដែលមានទីតាំងស្ថិតនៅភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម របស់សហគ្រាសគ្រុយ ម៉េងលីហ៊ាង (ម្ចាស់គម្រោង) ព្រមទាំងសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុ ប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) ដោយក្រុមហ៊ុនទីប្រឹក្សា CES CO . , LTD ។

ប្រភពខាងលើឱ្យដឹងបន្តថា កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្ដម លោក លោកស្រី តំណាងអគ្គនាយកដ្ឋាន អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាព អគ្គាធិការដ្ឋាន ជំនួយការអមក្រសួង និងនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរ៉ែនិងថាមពល ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ (រដ្ឋបាលព្រៃឈើ និងរដ្ឋបាលជលផល) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្ដកំពង់ចាម មន្ទីរបរិស្ថានខេត្ដកំពង់ចាម តំណាងអង្គការ DPA និងតំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងសហគ្រាស (ម្ចាស់គម្រោង) និងក្រុមហ៊ុនទីប្រឹក្សា CES CO . , LTD. ផងដែរ។

ប្រភពដដែលបញ្ជាក់ថា ជារួមអង្គប្រជុំបានទទួលលទ្ធផលដូចខាងក្រោម៖ ១-គាំទ្រចំពោះគម្រោងអាជីវកម្មខ្សាច់សំណង់ របស់សហគ្រាស គ្រុយ ម៉េងលីហ៊ាង នៅខេត្តកំពង់ចាម។ ២-សហគ្រាស គ្រុយ ម៉េងលីហ៊ាង ត្រូវគោរពនិងអនុវត្ដន៍ឱ្យបានទាន់ពេលវេលាទៅតាមបទដ្ឋានគតិយុត្ដឱ្យរួចរាល់នៅក្នុងឆ្នាំ២០១៩នេះ។ ៣-សហគ្រាសត្រូវពិនិត្យបង្កើនមូលនិធិបរិស្ថាន និងសង្គម។ ៤-សហគ្រាសត្រូវគ្រប់គ្រងសំណល់រឹង-រាវ ជាពិសេសសំណល់រាវឱ្យបានត្រឹមត្រូវ ដោយមិនត្រូវលាងខ្សាច់រួចបង្ហូរចូលក្នុងទន្លេ។ ៥-សហគ្រាសត្រូវបូមខ្សាច់ដោយគោរពទៅតាមបទដ្ឋានបច្ចេកទេសឱ្យបានត្រឹមត្រូវ ព្រមទាំងបោះពោងកំណត់ទីតាំង និងធ្វើការបូមយកខ្សាច់នៅក្នុងដែនអាជ្ញាប័ណ្ណតាមការកំណត់របស់ក្រសួងរ៉ែ និងថាមពល ព្រមទាំងពាក់ស្លាកសញ្ញានៅលើទូកបូមខ្សាច់។ ៦-សហគ្រាសត្រូវសិក្សាបន្ថែមអំពីកម្រិតកករ (Sedimentation) នៅក្នុងទន្លេ។ ៧-សហគ្រាសត្រូវគ្របប៉ាតង់នៅពេលដឹកជញ្ជូនខ្សាច់។ ៨-សហគ្រាសត្រូវសហការជាមួយក្រុមហ៊ុនទីប្រឹក្សា ដើមី្បបញ្ចូលមតិអង្គប្រជុំទៅក្នុងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង ៕

ដោយពេជ្រ ណារិទ្ធ