ប្រមុខរាជរដ្ឋាភិបាល អញ្ជើញចូលរួមពិធីស្រាយបួស ខែរ៉ាម៉ាឌន ជាមួយសាសនិកខ្មែរ-ឥស្លាមប្រមាណជិត៥.០០០នាក់

AKP ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីស្រាយបួស«ខែរ៉ាម៉ាឌន» ជាមួយសាសនិកខ្មែរ-ឥស្លាម ដែលមកពី​ប​ណ្ដា​​​រាជធានី-ខេត្តចំនួន៤.៧៥​០នាក់ នាល្ងាចថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.​​​ស​ ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលកោះពេជ្រ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមឯកឧត្ដម Dato’ Sri Dr. Haji Wan Junaidi Bin Tu​a​n​ku Jaafar សមាជិកសភា​ជាតិ​ម៉ាឡេស៊ី និង ឯកឧត្ដម Dato’ Aidit សមាជិក​ក្រុម​ប្រឹ​ក្សា​សា​សនា​ឥស្លាមនៅរដ្ឋសឺឡាង័រ ប្រទេសម៉ាឡេស៊ី និងសាសនិកឥស្លាមមកពីបរទេសចំនួន ៣២០​រូប ដែលមាន ៣២ជាតិសាសន៍ រួមទាំងតំណាងរបស់លោកអគ្គលេខាធិការ​អង្គការសហ​ប្រតិ​ប​ត្តិ​​ការឥស្លាម OIC ចំនួន ៣នាក់ផងដែរ។ ​នេះ​ជា​ឆ្នាំ​ទី​៦​ហើយ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាស​ចូលរួម​ជា​អធិបតីភាព​ជួបជុំ​ពិសារ​អាហារ​ស្រាយ​បួស​ក្នុង​ខែ​រ៉ា​ម៉ា​ឌន​ជាមួយ​សាសនិក​ឥស្លាម​កម្ពុជា ដែលឆ្នាំ​ទី​១ ពិធី​នេះ​ត្រូវបាន​រៀបចំ​នៅ​ថ្ងៃទី ១៨ ខែកក្កដាឆ្នាំ២០១៤ដែលមាន​អ្ន​ក​ចូលរួម​ប្រមាណ១.៤០០​នាក់​។ ជាងនេះទៀត​ កាលពី​ថ្ងៃទី០​៥​ខែឧសភា​ឆ្នាំ​២០១៩កន្លង​មក​នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ​បាន​ផ្ញើរ​សារលិខិត​មួយច្បាប់​ជូន​ដល់​បងប្អូន​សាសនិក​ឥស្លា​ម ​​កម្ពុជា​ដោយ សម្តេច​មានប្រសាសន៍ថា​ “​ក្នុងនាម​ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ   ​ក​ម្ពុ​​ជា​និង​ភរិយា​ខ្ញុំ​សូម​អបអរសាទរ​និង​សូម​ជូន​នូវ​ពរជ័យ​សិរី​សួស្ដី សុភមង្គល បវរ​មហា ប្រសើរ ជូន​​ដល់​បងប្អូន​សាសនិក​ឥស្លាម​កម្ពុជា​ក្នុង​ និង​ក្រៅប្រទេស​រួមទាំង​បងប្អូន​សាសនិក​ឥស្លាម​នៅ​ទូទាំង​ពិភពលោកផងដែរ​ដែល​បាន​ចូល​បួស​ខែ​រ៉ា​ម៉ា​ឌន​ដែល​កម្ពុជា​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ច​ន្ទ​​ទី​១​ ខែរ៉ា​ម៉ា​ឌន ​ឆ្នាំ​១៤៤០​ម៉ូ​ហាំ​ម៉ាត់​សករាជ​ត្រូវ​នឹង​ថ្ងៃទី​៣​កើត ខែ​ពិសាខ ​ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦២ ដែល​ត្រូវ​នឹង​ថ្ងៃទី០​៦​ខែឧសភា​ឆ្នាំ​២០១៩​។

សម្ដេច​តេ​ជោ​ បានផ្ញើនូវ​ក្តី​នឹ​ក​​រលឹក​​និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​បងប្អូន​ឥស្លាម​កម្ពុជា​ដែល​បាន​ចូលរួម​ថែរក្សា​សុខសន្តិភាព​ ហើយ​មាន​ជំនឿ​ជឿជាក់​លើ​ការដឹកនាំ​របស់សម្ដេច ​និង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​តាំងពីដើម​រៀងមក​។ ​សម្ដេចតេជោក៏​សូមបួងសួង​ សុំឱ្យ​បងប្អូន​ទាំងអស់​ទទួលបាន​នូវ​សេច​ក្កី​សុខ​ស​ប្បា​យ​ក្ដីមេត្តា ករុណា​ពី​អ​ល់​ឡោះ​គ្រប់ៗ​គ្នា និង សុំឱ្យ​អ​ល់​ឡោះ ទទួលយក​នូវ​កុសល​ផលបុណ្យ​ខែ​​បួស រ៉ា​ម៉ា​ឌន​ទាំងអស់​ដែល​បងប្អូន​បាន​ប្រតិបត្តិ​សាង​ឡើង​កុំបី​អាក់ខាន​ឡើយ​។ ជាមួយគ្នានេះ វត្ត​មាន​​រប​ស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធី​ដ៏​សំ​ខា​ន់របស់សាសនិកខ្មែរ-ឥស្លាម បានបង្ហាញ​ពី​ការ​យ​កចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ​ចំ​ពោះ​បង​ប្អូនខ្មែរ-ឥស្លាម ទោះបីសម្តេចជាព្រះ​ពុទ្ធ​សា​​​សនិកក៏ដោយ និង ក៏ដូចជាយកចិត្តទុក​ដាក់​​លើក​កម្ពស់ផ្តល់សិទ្ធិសេរីភាពនៃជំនឿ​សាស​នា​​ដោយពេញលេញ ដោយឥតមានកា​រប្រ​កា​ន់​ពូ​ជ​​សាសន៍ ពណ៌សម្បុរ បង្កើតបាននូវសុខ​ដុ​ម​​នីយកម្មជាតិសាសន៍ និងសាសនា។ ស​ម្រា​​ប់​ប្រ​ទេ​សកម្ពុជាក្នុងរដ្ឋធម្មនុញ្ញបាន​ចែងថា ព្រះ​ពុទ្ធ​សាសនាជាសាសនារបស់រដ្ឋ តែក៏មិន​បា​នហា​ម​ឃាត់លើសេរីភាពនៃជំនឿ និងការគោរព​ប្រ​ណិបត្តិសាសនានោះដែរ។ នៅកម្ពុ​ជា​នា​ពេ​ល​បច្ចុ​ប្បន្នមានពុទ្ធសាសនិកប្រមាណ ៩៥ភាគ​រ​យ​ ឥស្លាមមានជិត ២ភាគរយ និងគ្រិស្ទ​សា​​ស​និ​ក​ប្រមាណ ១.២៥ភាគរយ ព្រមទាំងសាសនា​ផ្សេង​ៗមួយចំនួនទៀត។

គួរបញ្ជាក់ដែរថា ចាប់ពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០១៩ ត្រូវនឹងថ្ងៃទី ២ ខែ រ៉ាម៉ាឌន ឆ្នាំ​១​៤​៤០ មូហាំ​ម៉ា​ត់​ស​​ករាជ សាសនិកឥស្លាមកម្ពុជា ក៏ដូចជាសាសនិកឥស្លាម​នៅក្នុងពិភព​លោ​​​ក​កំពុង​បួសតម​អា​​ហារ​ពីព្រលឹមរហូតដល់ថ្ងៃលិច ប្រមាណជាង ១៤ម៉ោង ដោយមានការ​ប្រែ​​ប្រួល​តាមតំបន់​ខ្លះ​រយៈពេលមួយខែក្នុងមួយឆ្នាំ ដែលជាកាតព្វកិច្ចទី៤ ក្នុងចំណោមកាតព្វ​កិ​​ច្ច​ទាំង៥ នៃអ្នក​កាន់​សាសនាឥស្លាមទាំងអស់នៅលើសកលលោក៕

ដោយ ជឹម ណារី