ក្រសួងសុខាភិបាលបានអះអាងថានៅតាមមន្ទីរពេទ្យនានាបានទទួលព្យាបាលប្រជាពលរដ្ឋកាន់ប័ណ្ណក្រីក្រនិងបសស មានការកើនឡើង

វិទ្យុជាតិកម្ពុជា៖ ដោយលោកស្រីទីណាឌីណេ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានអះអាងថានៅតាមមន្ទីរពេទ្យនានាបានទទួលព្យាបាលប្រជាពលរដ្ឋកាន់ ប័ណ្ណក្រីក្រនិងប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គមហៅកាត់ថា ប.ស.ស.មានការកើនឡើងច្រើន ដោយសាតែអ្នកជំងឺមានការជឿជាក់លើប្រព័ន្ធសុខាភិបាលរបស់រដ្ឋ។

ឯកឧត្តម ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខភិបាល នៃក្រសួងសុខាភិបាលបាន មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា រាល់មន្ទីរពេទ្យដែលបានលើស្លាកប.ស.ស. គឺបាន ទទួលអ្នកជំងឺកាន់ប័ណ្ណក្រីក្រនិងប.ស.ស. មកទទួលសេវាពិនិត្យព្យាបាលជម្ងឺជាប់ជាប្រចាំបើ ទោះជាថ្ងៃឈប់សម្រាកឬសៅរ៍អាទិត្យក៏ដោយ។ ឯកឧត្តមបានបញ្ជាក់ថា គ្រាន់តែមន្ទីរពេទ្យព្រះអង្គឌួងក្នុងមួយថ្ងៃៗ មានអ្នកជម្ងឺរាប់ពាន់នាក់ ទៅរកសេវាព្យាបាល  ដោយសារតែពួកគាត់មានការជឿទុកចិត្កលើសេវា ប.ស.ស.នេះ។ ឯកឧត្តមបន្តថា រហូតមកទល់ពេលនេះ បុគ្គលិកសុខាភិបាលនៅក្នុងមន្ទីរពេទ្យទំាងអស់ មានការយកចិត្តទុកដាក់ចំពោះអ្នកជម្ងឺ ហើយអ្នកជំងឺដែលកាន់ប័ណ្ណ ប.ស.ស. ឬប័ណ្ណសមធម៌ គឺទទួលបានការព្យាបាលប្រកបដោយភាពរាក់ ទាក់ និងកក់ក្តៅជាទីបំផុត ដោយគ្មានការរើសអើងឡើយ។

 សំឡេង៖ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ឃើញថា សេវាព្យាបាល បសសនៅតាមសេវាមន្ទីរពេទ្យទាំងអស់ នៅរាជធានី ឬក៏នៅតាមខេត្ត គឺបានបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋបានល្អប្រសើរ ដោយអនុវត្តន៍តាមកម្មវិធីនយោបាយ ហើយកម្មករកម្មការិនី របស់យើងទទួលបានសេវាព្យាបាលដោយមិនអស់ថវិកា ហើយនៅគ្រប់មន្ទីរពេទ្យ បានខិតខំប្រឹងប្រែង ទាំងថ្នាក់ដឹកនាំមន្ទីរពេទ្យនិងមន្ត្រីសុខាភិបាលទាំងអស់ នៅក្នុងមន្ទីរពេទ្យខំបម្រើសេវា ព្យាបាលប.ស.ស.នេះ សម្រាប់មន្ត្រីរាជការកម្មករកម្មការិនីទាំងអស់ គឺមានផលប្រយោជន៍រួមគ្នា ហើយការអនុវត្តជាពិសេសនៅមន្ទីរពេទ្យព្រះអង្គឌួងនិងមន្ទីរពេទ្យទូទាំងប្រទេស។

  លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ស៊ុន សារិនអនុប្រធានមន្ទីរពេទ្យព្រះអង្គឌួងបានឲ្យដឹងថា ក្នុងមួយថ្ងៃៗនៅមន្ទីរពេទ្យព្រះអង្គឌួងមានប្រជាពលរដ្ឋមកទទួលសេវាព្យាបាលជំងឺនៅមន្ទីរពេទ្យនេះប្រមាណជាង១០០០នាក់ហើយក្នុងនោះមានប្រជាពលរដ្ឋដែលប្រើប័ណ្ណក្រីក្រ និងប័ណ្ណប.ស.ស.មានប្រហែលជាង៥០ភាគរយនៃអ្នកជំងឺសរុប។

  សូមបញ្ជាក់ថា គិតចាប់ពីបើកដំណើរការនៅឆ្នាំ២០០៨ រហូតដល់ដំណាច់ឆ្នាំ២០១៨ ប.ស.ស.បានផ្តល់តាវកាលិកផ្នែកហានិភ័យការងារដល់ជនរងគ្រោះជាកម្មករនិយោជិកជាង២សែន១ម៉ឺននាក់។ ចំណែកការថែទំាសុខភាពបានផ្តល់សេវាដល់កម្មករនិយោជិកបានចំនួនជាង២លាន២សែន ដង/នាក់ ក្នុងចំណោមកកម្មសរុបជាង ១លាន៥សែននាក់។ រីឯបេឡាជាតិរបបសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការសាធារណៈដែលបានដំណើរការចាប់ពីដើមឆ្នាំ២០១៨មកនេះមានវិសាលាភាពជាង៣សែន១ម៉ឺននាក់៕