កម្ពុជា សម្រេចជោគជ័យលើការងារជំរឿនប្រជាជននៅឆ្នាំ២០១៩

វិទ្យុជាតិកម្ពុជា៖ អត្ថបទៈជួន បូណា
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជោគជ័យលើការងារជំរឿនប្រជាជននៅឆ្នាំ២០១៩នេះ ដែលបានផ្តល់ស្ថិតិគ្រប់គ្រានធ្វើឲ្យអ្នកពាក់ព័ន្ធមានលទ្ធភាពក្នុងការអភិវឌ្ឍកម្ពុជាឲ្យចំទិសដៅ។

រដ្ឋមន្រ្តីក្រសួងផែនការបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាបានបំពេញកាតព្វកិច្ចរបស់ខ្លួនបាន យ៉ាងល្អប្រសើរដែលធ្វើឲ្យសម្រេចជោគជ័យលើការងារជំរឿនប្រជាជនឆ្នាំ២០១៩កាលពីពេលកន្លងមក ។
ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងផែនការបានឲ្យដឹងដូច្នេះ ក្នុងឱកាស ទទួលជួបជាមួយលោកស្រីរ៉ូណាស្មីតអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាការព្រឹកថ្ងៃទី ០៧ ខែឧសភា នៅទីស្ដីការក្រសួង ដោយបានអះអាងថា ការជោគជ័យនៃការធ្វើជំរឿនឆ្នាំ២០១៩នេះ ដោយសារតែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធ្វើស្ថិតិ និងប្រមូលព័ត៌មានពីប្រជាពលរដ្ឋ។
ក្រោយបញ្ចប់ជំនួបពិភាក្សានោះឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានផែនការបានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា ការធ្វើជំរឿននេះគឺដើម្បី តាមដានស្ថានភាពជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយឈានទៅអភិវឌ្ឍន៍ប្រទេសប្រកបដោយចីរភាពនៅឆ្នាំ២០៣០។ សម្លេង«
លោកស្រី រ៉ូណា ស្មីតអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំនៅកម្ពុជាបានទទួលស្គាល់ចំពោះការជោគជ័យនៃការធ្វើជំរឿនឆ្នាំ២០១៩នៅកម្ពុជា ដោយលោកស្រីបានឃើញមន្រ្ដីជំរឿនបានបំពេញការងារបានល្អរួមទំាងសំនួរដែលពាក់ព័ន្ធនឹង ស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។
គួរំលឹកថា ការធ្វើជំរឿនប្រជាជន ក្នុងឆ្នាំ ២០១៩នេះរាជ រដ្ឋាភិបាលកម្ពុជាបានចំណាយ ថវិកាសរុបចំនួនជាង ៨ លានដុល្លារ និងប្រើប្រាស់មន្ដ្រីជំរឿន ៥ម៉ឺននាក់។ បើតាមផែនការ
ការប្រកាសលទ្ធផលបឋមស្តីពីជំរឿនឆ្នាំ២០១៩នេះនឹងត្រូវធ្វើឡើងនៅចុងឆ្នាំនេះប៉ុន្តែលទ្ធផលដឹងត្រឹមពីស្ថានភាពចំនួនមនុស្សឬភេទតែប៉ុណ្ណោះ។ដោយឡែកសម្រាប់លទ្ធផលទំាងស្រុងអាចនឹងឲ្យដឹងនៅក្រោយរយៈពេល១ឆ្នាំ។
សូមបញ្ជាក់ថា ការធ្វើជំរឿនប្រជាសាស្រ្តកម្ពុជាកាលពីឆ្នាំ២០០៨កម្ពុជាមានចំនួនប្រជាជន ជាង១៣លាននាក់ ហើយក្រោយរយៈពេល១០ឆ្នាំនេះ ក្រសួងផែនការប៉ាន់ស្មានថា កម្ពុជាអាចកើនឡើងចំនួនប្រជាជនរហូតដល់ចាប់ពី១៧លាននាក់ទៅ១៨លាននាក់៕