រដ្ឋមន្ត្រី្រសួងព័ត៌មានអះអាងថា ការបង្កើតសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន គឺជាគ្រឹះដ៏រឹងមាំ​​សម្រាប់ប្រទេសទាំងពីរ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ — ស្របពេលដែលទំនាក់ទំនងកម្ពុជា-ចិនកាន់តែស៊ីជម្រៅទៅៗ សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន ក៏ត្រូវបានបង្កើតឡើងដើម្បីផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយលើកិច្ចសហប្រតិបត្តិ ការនៃយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសម្រាប់ប្រទេសទាំងពីរ។ ការបង្កើតសមាគមនេះត្រូវ​បាន​រដ្ឋមន្ត្រី​សួងព័ត៌មានបានអះអាងថា នេះគឺជាគ្រឹះដ៏រឹងមាំសម្រាប់ផ្សារភ្ជាប់ការទំនាក់ទំនងរវាង ប្រទេសទាំងពីរ។ក្នុងពិធីសម្ពោធសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន កាលពីយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ នៅសណ្ឋគារសូហ្វីតែលភ្នំពេញ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា សមាគមសារព័ត៌មាននេះ គឺជាស្ពានបេតុងដែលចាប់ផ្តើមកសាងឡើង ដោយមានគ្រឹះដ៏រឹងមាំសម្រាប់ការទំនាក់ទំនងនៃប្រទេសទាំងពីរកម្ពុជា-ចិន។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្រង់ប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មក បញ្ជាក់បន្ថែមលើទំនាក់ទំនងកម្ពុជា-ចិនថា «នៅពេលណាយើងមិនទាន់មានស្ពានបេតុងទេ យើងធ្វើស្ពាន ឬស្សីមួយក៏បានដែរ»។ ឯកឧត្តមបានបន្ថែមទៀតថា បច្ចុប្បន្នប្រជាជនកម្ពុជា​ជាច្រើនបានទៅលេងកម្សាននៅប្រទេសចិន ហើយប្រជាជនចិនក៏បានមកលេងកម្សាន្ដនៅ​ប្រទេសកម្ពុជានាំមុខគេផងដែរក្នុងចំណោមភ្ញៀវទេសចរនៃជាតិសាសន៍ដទៃទៀត។

លោក សយ សុភាព សហប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បានឱ្យដឹងថា សហប្រធាន និងជាសមាជិកស្ថាបនិកសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិនបានឯកភាពគ្នា​បង្កើតសមាគមនេះដើម្បីជាការចូលរួមចំណែកគោរព និងអនុវត្តន៍តាមគោលនយោបាយ របស់​រាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិនដែលប្រទេសទាំងពីរបានពូនជ្រុំ កសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងដ៏ស្អិតរមួត​ចាប់តាំងពីមេដឹកនាំជំនាន់មុនរហូតមកដល់មេដឹកនាំបច្ចុប្បន្ន។

លោក លីវ ស៊ាវគ័ង សហប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បានបង្ហាញក្តី​សង្ឃឹមថា សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិននឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការ​បញ្ជូនព័ត៌​មានវិជ្ជមាន និងការរួមដៃគ្នាប្រឆាំងនឹងព័ត៌មានមិនពិត ដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនង​រវាងប្រទេសទាំងពីរ។  សូមរម្លឹកថា កាលពីថ្ងៃទី១៣ ខែ មីនា ឆ្នាំ ២០១៩ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអនុញ្ញាតឱ្យសហប្រធានសហប្រធានសមាគមអ្នក សារព័ត៌ មានកម្ពុជា-ចិនចូលជួបសម្តែងការគួរសម ក៏បានបង្ហាញនូវ ឆន្ទៈគាំទ្រចំពោះការបង្កើត​មិត្តភាពកម្ពុជា-ចិន ដោយការបង្កើតមិត្តភាពនេះ គឺជាការបង្កើតបានទាន់ពេលវេលាតែម្ដង ស្របពេលដែលក្រសួងព័ត៌មាន កំពុងតែមានការផ្ដួចផ្ដើមគំនិត បង្កើតលេខាធិការដ្ឋាន​សារព័ត៌​មានមេគង្គ-ឡានឆាង ឬលេខាធិការដ្ឋានមេគង្គ-ឡានឆាង”។

ឯកឧត្តមបន្ថែមថា ការ​បង្កើតសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិននឹងរួមចំណែកជួយដល់លេខាធិការដ្ឋានមេគង្គ-ឡានឆាងបានចេញជារូបរាង ហើយឯកឧត្តមនឹងដាក់បញ្ចូលសមាគមនេះធ្វើជាស្នូល​នៅក្នុង លេខាធិការដ្ឋាននេះតែម្តង។ ទន្ទឹមនេះ លេខាធិការដ្ឋាន ដែលគ្រោងបង្កើតនេះ នឹងក្លាយជា​មជ្ឈមណ្ឌលកណ្តាល (Hub) សម្រាប់បណ្តាប្រទេសជាសមាជិក មេគង្គ-ឡាងឆាង ដែលក្នុង​នោះ មានប្រទេសកម្ពុជា មីយ៉ាន់ម៉ា វៀតណាម ថៃ ឡាវ និងចិន ដោយអាចបើក វគ្គបណ្ដុះ​បណ្ដាលអ្នកសារព័ត៌មាននៅក្នុងទន្លេមេគង្គ-ឡានឆាង ផ្នែកវិជ្ជាជីវៈសារព័ត៌មាន និងវគ្គបក ប្រែភាសាជាតិនីមួយៗផងដែរ៕

ដោយ គង់ សិរីរ័ត្ន រូបថត៖ ខឹម សុវណ្ណារ៉ា