ឯកអគ្គរដ្ឋទូតហ្វីលីពីន កោតសរសើរកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ៖


ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជា កោតសរសើរថា កម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ជាពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងភាពសុខក្សេមក្សាន្ដរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម Christopher Baltazar MONTERO ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជា បានថ្លែងទៅកាន់ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រត្តិបត្តការអន្ដរជាតិ ថា កម្ពុជាមានការប្រែប្រួល និងរីកចម្រើនយ៉ាងខ្លាំងលើផ្នែកហេដ្ឋារវចនាសម្ព័ន្ធរូបវ័ន្ត និងការរស់នៅរបស់ប្រជាពលរដ្ឋប្រកបទៅដោយសុខសន្ដិភាព។ ការលើកឡើងនេះ ធ្វើឡើងក្នុងជំនួបជំរាបលា មុនពេលឯកឧត្តម ត្រូវកិច្ចបញ្ចប់បេសកកម្មការទូតនៅកម្ពុជានៅពេលខាងមុខនេះ។
បើតាមការឲ្យដឹងពីឯកឧត្តម កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រត្តិបត្តការអន្ដរជាតិ ដែលបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបទ្វេភាគីនេះ កាលពីរសៀលថ្ងៃទី៦ ខែឧសភា បានបញ្ជាក់ថា
ជំរាបលា ក្នុងកិច្ចបញ្ចប់បេសកកម្មការទូតនៅកម្ពុជារបស់ឯកឧត្តមរដ្ឋទូត បានថ្លែងអំណរគុណដល់កម្ពុជា ដែលបានជួយសហការ និងគាំទ្រនៅពេលដែលប្រទេសហ្វីលីពីនធ្វើជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០១៧កន្លងទៅ។ ទន្ទឹមគ្នានេះ ក៏បានរួមចំណែកក្នុងការប្រារព្ធខួប៥០ឆ្នាំរបស់អាស៊ាន ហើយឆ្នាំមុននេះ ក៏បានប្រារព្ធខួប៦០ឆ្នាំ នៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងហ្វីលីពីន។ ឯកឧត្តមរដ្ឋទូត បានបង្ហាញនូវមោទនភាពដែលនៅក្នុងអាណត្តិរបស់ឯកឧត្តមផ្ទាល់ បានដាក់ឲ្យដំណើរការជើងហោះហើរត្រង់ ពីម៉ានីល មកកាន់ទីក្រុងភ្នំពេញ។
ជាកិច្ចឆ្លើយតប ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះឯកឧត្តម ឯកអគ្គរដ្ឋទូត ចំពោះកិច្ចខិតខំពង្រឹងនូវទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ហ្វីលីពីនកាន់តែស៊ីជម្រៅ និងបានរួមចំណែកជួយដល់មជ្ឈមណ្ឌលសកម្មភាពមីនអាស៊ាននៅកម្ពុជា តាមរយៈផ្តល់នូវថវិកាមួយចំនួន សម្រាប់មជ្ឈមណ្ឌលមួយនេះ។ ឯកឧត្តមបន្តថា ទំនាក់ទំនងរវាងប្រទេសបាននាំឲ្យប្រជាជននៃប្រទេសទាំងសងខាងមានជីវភាពកាន់តែប្រសើរឡើង។
សំឡេង៖ «ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ក៏បានបានថ្លែងអំណរគុណដល់ ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា ដែលបានកោតសរសើរពីការរីកចំរើនរបស់កម្ពុជា ដោយឯកឧត្តម បានបញ្ជាក់ថា កម្ពុជា មិនទាន់បានក្លាយជាប្រទេសអ្នកមាននោះទេ ក៏ប៉ុន្តែប្រជាជនកម្ពុជា បានរស់នៅដោយភាពសប្បាយរីករាយ ក្រោមដំបូលសន្តិភាព ដែលរាជរដ្ឋាភិបាលបានបន្តថែរក្សា។ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ក៏បានលើកឡើងនូវទំានាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ គឺនៅឆ្នាំ២០១៧ យើងមានប្រហែល៥១លានដុល្លារ ឆ្នាំ២០១៨នេះយើងមានការកើនឡើងបានប្រហែល៦៨លានដុល្លារ។ ទោះបីជាមានការកើនឡើងក៏ដោយ ប៉ុន្ដែប្រទេសទាំងពីរនឹងបន្ដខិតខំយ៉ាងណាប្រើប្រាស់ឲ្យអស់នូវសក្តានុពល សំបូរបែបដែលប្រទេសទាំងពីរមាន»។
សូមបញ្ជាក់ថា ឯកឧត្តម Christopher Baltazar MONTERO ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្តល់មេដាយកិត្តិយស ចំពោះកិច្ចខិតខំប្រឹងប្រែងបេសកកម្មការទូតនៅកម្ពុជា៕