អាហារូបករណ៍ស សុខា ប្រកាសផ្តល់ជូននិស្សិតជាង៤០កន្លែងទៅកាន់ប្រទេសឥណ្ឌូនេស៊ី

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖
ក្រុមការងារអាហារូបករណ៍ស
សុខាប្រកាសផ្តល់អាហារូបការណ៍ជាង៤០កន្លែងដើម្បីទៅបន្តការសិក្សាផ្នែកបរិញ្ញាបត្រនៅប្រទេសឥណ្ឌូនេស៊ីដើម្បីជួយពង្រីកធនធានមនុស្សនៅកម្ពុជាឲ្យកាន់តែមានសក្តានុពល។

  ឯកឧត្តមសសុខារដ្ឋលេខាធិកាក្រសួងអប់រំយុវជននិងកីឡានិងជាស្ថាបនិកក្រុមការងារអាហារូបករណ៍សុខាបានអះអាងថាអាហារូបករណ៍នេះនឹងផ្តល់ជូន១០០ភាគរយដល់សិស្សានុសិស្សទំាងអស់ដោយមិនប្រកាសពូជសាសន៍និងសាសនាអ្វីឡើយប៉ុន្តែត្រូវតែជាសិស្សរៀនពូកែក្រីក្រហើយមានឆន្ទៈក្នុងការសិក្សាដោយត្រលប់មកជួយអភិវឌ្ឍន៍នៅកម្ពុជាវិញ។

ការទទួលឱកាសអាហារូបករណ៍ចំនួន៤៥កន្លែងសម្រាប់ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសឥណ្ឌូនេស៊ីនេះបន្ទាប់ពីក្រុមការងារអាហារូបករណ៍សសុខាបានចុះកិច្ចព្រមព្រៀងលើអនុស្សារៈយោគយល់គ្នាជាមួយនឹងប្រធានរមណីយដ្ឋានកំពង់ទេវនៃប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី៦ខែឧសភាដើម្បីធ្វើសកម្មភាពមនុស្សធម៌ជួយលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា។

ឯកឧត្តមសសុខាបានឲ្យដឹងថាអាហារូបករណ៍បានផ្តោតសំខាន់លើជំនាញគ្រប់គ្រង់រដ្ឋបាលហិរញ្ញវត្ថុទីផ្សារនិងបច្ចេកវិទ្យាព័ត៌មានវិទ្យាជាដើមដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងប្រទេសកម្ពុជា។ឯកឧត្តមបានបន្តថាការស្វែងរកអាហារូបករណ៍នានាពីប្រទេសដ៏ទៃនេះគឺដើម្បីបំពេញទៅនឹងក្តីស្រមៃរបស់សិស្សនិស្សិតកម្ពុជាដែលមានបំណងចង់ទៅសិក្សានៅក្រៅប្រទេសដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនអោយកាន់តែរីកចំរើន។

លោកថមមីហែម័រវ៉ាន់ឡូប្រធានរមណីយដ្ឋានកំពង់ទេវនៃប្រទេសឥណ្ឌូនេស៊ីបបានថ្លែងថាលោកមានក្តីរីករាយដោយស្មោះក្នុងផ្តល់អាហារូបករណ៍មកដល់និស្សិតកម្ពុជាតាមរយះឯកឧត្តមសុខាដោយមើលឃើញប្រជាពលរដ្ឋខ្មែរគួរអោយគោរពស្រលាញ់រាប់អានធ្វើជាមិត្តនៅក្នុងតំបន់អាស៊ានដូចគ្នា។

លោកបន្តថាមូលនីធិរបស់លោកនិងធានារ៉ាប់រងទាំងអស់ទំាងការស្នាក់នៅការហូបចុកថ្លៃសាលាធនារ៉ាប់រងសុខភាពនិងថ្លៃសំបុត្រយន្តហោះទៅវិញទៅមកហើយមិនតម្រូវឲ្យនិសិ្សតខ្មែរចំណាយអ្វីឡើយក្នុងការទៅរៀននៅប្រទេសឥណ្ឌូនេស៊ីនេះ។

  សូមបញ្ជាក់ថានៅក្នុងរយៈពេល៥ខែឆ្នាំ២០១៩នេះក្រុមការងារអាហារូបករណ៍សសុខាបានបញ្ជូននិស្សិតកម្ពុជាទៅសិក្សានៅបរទេសមានចំនួនជិត២០០នាក់ក្នុងនោះទៅកាន់ប្រទេសចិននិងប្រទេសវៀតណាមហើយក្រុមការងារកំពុងទាក់ទងស្វែងរកអាហារូបករណ៍មកពីប្រទេសសឹង្ហបូរីនិងអ៊ឺរ៉ុបមួយចំនួនទៀតដើម្បីផ្តល់លទ្ធភាពដល់និស្សិតកម្ពុជាកាន់តែមានឱកាសទៅសិក្សានៅបរទេស៕