អ្នកយកព័ត៌មាន Reutersដែលជាប់ឃុំឃាំង បានដោះលែងពីពន្ធនាគារនៅប្រទេសភូមា

AKP ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា  ឆ្នាំ២០១៩ — លោក Wa Lone និងលោក Kyaw Soe Oo បានដើរចេញពីពន្ធនាគារនៅជាយក្រុង​យ៉ាំងហ្គោន កាលពីថ្ងៃអង្គារ បន្ទាប់ពីបានចំណាយពេលជាង៥០០ ថ្ងៃជាប់នៅក្នុងពន្ធនាគារ។ យោងតាមទីភ្នាក់ងារព័ត៌មាន AP បានឱ្យដឹងថា មេដឹកនាំពន្ធនាគារបានបញ្ជាក់ថា អ្នកសារព័ត៌មានពីរនាក់ត្រូវបានគេដោះលែង។ ជាមួយគ្នានេះដែរ តាមទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងថា កាលពីថ្ងៃអង្គារ​ការិយាល័យ​ប្រធានាធិបតីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសមីយ៉ាន់ម៉ា​នឹងដោះលែងអ្នកទោសចំនួន៦.៥២០ នាក់ នៅក្នុងការលើកលែងទោសមួយកាល​ពីថ្ងៃ​អង្គារ។

ប្រធានាធិបតី លោក វីន មីន បានលើកលែងទោសដល់អ្នកទោសរាប់ពាន់នាក់​ក្នុងការលើកលែងទោសពីរលើកកាលពីខែមុន។ តាមរបាយការណ៍របស់រ៉យទ័របានឱ្យដឹងថា វាជាទម្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា សម្រាប់អាជ្ញាធរដោះលែងអ្នកទោសនៅពេលបុណ្យចូលឆ្នាំប្រពៃណី ដែលបានចាប់ផ្តើម​កាលពីថ្ងៃទី១៧ ខែមេសា កន្លងទៅ។

អ្នកយកព័ត៌មានពីរនាក់ គឺលោក វ៉ា ឡិន (Wa Lone) និងលោក ក្យ ស្យូ អូ (Kyaw Soe Oo) ត្រូវបានផ្តន្ទាទោសកាលពីខែកញ្ញា ហើយត្រូវបានកាត់ទោសឱ្យជាប់គុក ៧ឆ្នាំ។ តាមរបាយការណ៍របស់ Reuters បាននិយាយថា នៅមុន​ពេល​ចាប់ខ្លួនកាលពីខែធ្នូ ឆ្នាំ២០១៧ លោក វ៉ាឡិន និងលោក ក្យស្យូអូ បានធ្វើការស៊ើបអង្កេតលើការសម្លាប់បុរស និងកូន​ក្មេង​អ៊ិស្លាមរ៉ូហ៊ីងយ៉ា១០នាក់​ ដោយកងកម្លាំងសន្តិសុខ និងជនស៊ីវិលព្រះពុទ្ធសាសនា​នៅរដ្ឋ​ រ៉ាហ្គិន (Rakhine) ភាគខាងលិច ក្នុងអំឡុងពេលការបង្ក្រាបរបស់កងទ័ព ដែលបាន​ចាប់ផ្តើមធ្វើឡើងកាលពីក្នុងខែសីហា ឆ្នាំ២០១៧៕

( ប្រភព Sputnik:  បកប្រែដោយលោក មាស សំអុល )