រដ្ឋមន្រ្ដី​ក្រសួងពាណិជ្ជកម្ម ប្រកាសចាត់វិធានការចំពោះអាជីវករដែលលួចនាំចូល និងចែក​ចាយ​ផលិត​ផល និងម៉ាករបស់ក្រុមហ៊ុនកូកា-កូឡា

AKP ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ -រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានប្រកាសចាត់វិធានការ​ចំពោះអាជីវករ​ដែលបានលួចនាំចូល និងចែកចាយផលិតផលរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកា-កូឡា ដែលមានម៉ាកសម្គាល់​ដូចជា COCA-CALA, COCA-COLA ZERO, MINUTE MAID, MINUTE MAID PULPY និង DASANI ជាដើម ដែលផលិតផលទាំងនេះគឺទទួលបាននូវសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និង​ចែក​ចាយនៅលើទីផ្សារកម្ពុជារបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកា-កូឡាតែមួយគត់។ ការ ប្រកាស​របស់ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មនេះ ធ្វើឡើងបន្ទាប់ពីមើលឃើញថា មាន​អាជីវករមួយចំនួនបានលួចនាំចូល និងចែកចាយម៉ាកផលិតផលរបស់ក្រុមហ៊ុនកូកា-កូឡា​នៅក្នុងប្រទេសកម្ពុជាដោយរំលោភបំពានទៅលើសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុនCAMBODIA BEVERAGE COMPANY LTD ដែលទទួលបានសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខពីក្រុម​ហ៊ុនThe Coca-Cola Company នៅសហរដ្ឋអាមេរិក។

ក្នុងសេចក្ដីជូនដំណឹងដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួង​ពាណិជ្ជ​កម្ម បានមានប្រសាសន៍ថា ការនាំចូល និងចែកចាយដោយ​រំលោភបំពានទាំងនេះ គឺជាការអនុវត្ដផ្ទុយទៅនឹងច្បាប់ស្ដីពីម៉ាកពាណិជ្ជកម្ម និងការប្រកួត​ប្រជែងមិនស្មោះត្រង់ ព្រមទាំងលិខិតបទដ្ឋានគតិយុត្ដជាធរមាន។ ឯកឧត្តមរដ្ឋមន្រ្ដីបានស្នើ​ឱ្យអាជីវករទាំងអស់ ត្រូវបញ្ឈប់ការនាំចូល និងចែកចាយភេសជ្ជៈម៉ាកខាងលើមកក្នុងប្រទេស​កម្ពុជាជាបន្ទាន់ ហើយក្នុងករណីនៅតែបន្ដនាំចូល និងចែកចែក សមត្ថកិច្ច នឹងចាត់វិធាន​ការតាមផ្លូវច្បាប់។

សូមរម្លឹកថា ក្រុមហ៊ុនខេមបូឌា បេវេរេដ ខមប៉ានី  លីមីធីត ទទួលបានសិទ្ធិផ្តាច់មុខក្នុ​ង​ការនាំចូល  និងចែកចាយក្នុងទឹកដីនៃព្រះរាជា ណាចក្រកម្ពុជានូវផលិតផលចំនួន៥ប្រភេទ​ដែលពាក់ម៉ាក COCA-COLA, COCA-COLA ZERO, MINUTE MAID, MINUTE MAID PULPY, DASANI ក្នុងរយៈពេលពីរឆ្នាំនៅកម្ពុជា ដែលជាផលិតផលរបស់ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី  លីមីធីត (កូកា-កូឡា កម្ពុជា) ចាប់ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០១៨ កន្លងមក តាមរយៈលិខិត​កត់ត្រា និងតម្តល់សិទ្ធិផ្តាច់មុខលេខ៖៤៤៨៣ ពណកសប ចុះថ្ងៃទី១៣-ធ្នូ-២០១៨ របស់​ក្រសួងពាណិជ្ជកម្ម៕

ដោយ អ៊ុន រិទ្ធី