លោកជំទាវ ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ​ខួប​ទី១៥៦ ទិវា​ពិភពលោក កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា​ឆ្នាំ ២០១៩ ​​ខេត្ត​ស្វាយរៀង​

AKP ស្វាយរៀង ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ -លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ​ម៉ែន សំអន ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា ​និង​អធិការកិច្ច ​នៅព្រឹកថ្ងៃចន្ទ ៣កើត ខែពិសាខ ឯកស័ក    ព.ស ២៥៦២ត្រូវនឹងថ្ងៃទី០​៦ ​ខែ​ឧសភា ​ឆ្នាំ​២០១៩​ បាន​អញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​មិ​ទ្ទី​ង​ រម្លឹក​ខួប​ទី​១៥៦ ទិវា​ពិភពលោក កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ក្រោម​ប្រធានបទ “ ​ខ្ញុំ​ស្រឡាញ់​កាកបាទក្រហមកម្ពុជា​” ដែល​បាន​រៀបចំ​ឡើង​ដោយ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ស្វាយ រៀង​ដោយ​មាន​ការជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​សប្បុរសជនប្រមូល​បាន​ថវិកា​​ជាង​៥៧​ម៉ឺន​ដុល្លា​រអាម៉េ រិក។​

លោកជំទាវ​ ម៉ែន សំអន ​ថ្លែង​នូវ​ការ​ផ្តាំផ្ញើរសាកសួរ​សុខ​ទុក្ខ​ពី​សំណាក់​សម្តេច​តេជោ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី​ ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ជូន​ដល់​អង្គពិធី​ទាំងមូលផងដែរ​។​

​លោកជំទាវ​​ឧបនាយករដ្ឋមន្ត្រីបាន​មានប្រសាសន៍ថា​  អង្គ​មិ​ទ្ទី​ងយើង​នាពេលនេះ ពិតជា​មាន​សារៈសំខាន់​សម្រាប់​សាខា​កាកបាទក្រហមកម្ពុជាខេត្ត​ស្វាយរៀង ក៏ដូចជា​សម្រាប់​អាជ្ញាធរខេត្ត និង​ប្រជាពលរដ្ឋទូទាំង​ខេត្ត ដើម្បី​បុព្វហេតុ​មនុស្សធម៌ សំដៅ​ជួយ​ដល់​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ តាមរយៈ​ការជួយ​សម្រាល​ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយ​នានា និង​ការថែទាំ​សុខភាពតាម​សហគមន៍ និង​សកម្មភាព​មនុស្សធម៌​ផ្សេងទៀត​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ​ម៉ែន សំអន​ បាន​បន្តថា ក្នុងនាម​រាជរដ្ឋាភិបាល លោកជំទាវសូម​អំពាវនាវ ដល់​សប្បុរសជន​ទាំងអស់​សូម​បន្ត​កិច្ចខិតខំចូលរួម​ចំណែក​ជួយ និង​សហការ​គ្នា​ឱ្យបាន​យ៉ាង​សកម្ម និង​រស់​រវើក​ឱ្យ​ប្រែក្លាយ​ជា​កម្លាំងចលករ​របស់​កាកបាទក្រហម​កម្ពុជា សម្រាប់​ដោះស្រាយរាល់​បញ្ហា​ប្រឈម​ទាំងឡាយ​របស់​ប្រជាពលរដ្ឋក្នុង​អត្ថន័យ បាវចនា សង្គ្រោះ​ជីវិត ផ្លាស់ប្តូរ​ផ្នត់គំនិត (​ធ្វើ​ឱ្យបាន​កាន់តែ​ច្រើន​ជាង​មុន ធ្វើ​ឱ្យបាន​កាន់តែ​ល្អ​ជាង​មុន ធ្វើ​ឱ្យបាន​កាន់តែ​ស៊ីជម្រៅ និង​ទៅឱ្យ​បាន​កាន់តែ​ឆ្ងាយ​ជាង​មុន​) ដោយ​ឈរ​លើ​គោលការណ៍​គ្រឹះ​ទាំង​៧​របស់​ចលនា ក្នុង​គ្រប់​កាលៈទេសៈ តាម​ទិស​ស្លោក “​ ទីណា​មាន​ទុក្ខ​លំបាក ទីនោះ​មាន​កាកបាទក្រហម​កម្ពុជា​” “​រួម​កម្លាំង​គ្នា​ដើម្បី​មនុស្សធម៌​” “​វប្បធម៌​ចែករំលែក​ចាប់ផ្តើម​ពី​ខ្ញុំ “ ​”រួម​គ្នា​អនុវត្ត​ន៍” “​ថ្ងៃនេះ​ថ្ងៃស្អែក​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍ គ្មាន​គ្រោះ​អគ្គIភ័យ​” “​ការលើកកម្ពស់​សុខភាព​ស្ត្រី ទារក និង​កុមារ គឺជា​គន្លឹះ​ដ៏​សំខាន់​ក្នុង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​” ។​

លោកជំទាវ​ក៏បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរគ្រប់​លំដាប់ថ្នាក់ ពិសេស​ថ្នាក់ដឹកនាំ​សាខា អនុសាខាកាកបាទក្រហមខេត្ត ស្រុក ត្រូវ​យកចិត្តទុកដាក់​ជា​ប្រចាំ​តាមដាន​សភាពការណ៍​ដែល​បាន​កើតឡើង ជាពិសេស​ករណី​គ្រោះមហន្តរាយ​ផ្សេងៗ ដែល​ប្រជាពលរដ្ឋ​រស់នៅ​តាម​សហគមន៍​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ឆ្លើយតប និង​ដោះស្រាយ​ឱ្យបាន​ទាន់​ពេលវេលា ស្រប​តាម​ប្រធានបទ​ដែល​បាន​លើកឡើង “​ កាកបាទក្រហមកម្ពុជា មាន​គ្រប់​ទីកន្លែង​សម្រាប់​គ្រប់ៗ​គ្នា មិន​ទុក​នរណាម្នាក់​ចោល ​” ៕

ដោយសួស សំរិត