ឯកឧត្តម សាយ សំអាល់ ជួបសំណេះសំណាលជាមួយនាយនាវី និងពលនាវិកនៅមូលដ្ឋាន សមុទ្រ

AKP ព្រះសីហនុ ថ្ងៃទី០៧ ខែឧសភា ​ឆ្នាំ២០១៩ -ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តព្រះសីហនុ អមដំណើរដោយឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះ    សំណាលសួរសុខទុក្ខដល់នាយនាវី នាយនាវីរង ពលនាវិកកងទ័ពជើងទឹកមូលដ្ឋានសមុទ្រសរុបចំនួន ៥៤០រូប នៅទីបញ្ជាការមូល ដ្ឋានសមុទ្រកងទ័ពជើងទឹក នៃកងយោ ធពលខេមរភូមិន្ទ កាលពីរសៀលថ្ងៃចន្ទ ៣កើត ខែពិសាខ ឯកស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩  ។

ឯកឧត្តម សាយ សំអាល់ បានមានមតិសំណេះសំណាលសួរសុខទុក្ខដល់នាយនាវី នាយនាវីរង និងពលនាវិកកងទ័ពជើងទឹក មូលដ្ឋានសមុទ្រ ព្រមទាំងបានកោតសរសើរដល់ការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់នាយនាវី នាយនាវីរង និងពលនាវិកមូលដ្ឋានសមុទ្រ ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេសការសហការ សាមគ្គីជាមួយប្រទេសដែលមានព្រំដែនទឹកជាប់គ្នា។

ឯកឧត្តម ក៏បានលើកឡើងពីវឌ្ឍនភាពការងារ ស្តីពីការចូលរួមការ ថែរក្សាការពារនូវធនធានធម្មជាតិ និងការខិតខំដោះស្រាយបញ្ហាប្រឈមមួយចំនួន ជាមួយក្រសួងបរិស្ថាន ក្នុងការទប់ស្កាត់បទល្មើសនានានៅដែនសមុទ្រធានាបាននូវបរិស្ថានធម្មជាតិទាំងក្នុងបាតសមុទ្រ និងនៅលើគោក ព្រមទាំងបានជំរុញឱ្យនាយនាវី និងពលនាវីទាំងអស់បន្តការសហការឱ្យកាន់ តែល្អប្រសើរថែមទៀតក្នុងការចូលរួមថែរក្សាបរិស្ថានក្នុងខេត្តព្រះសីហនុកាន់តែមានភាពទាក់ទាញ និងបៃតង ។

បន្ទាប់មកឯកឧត្តម សាយ សំអាល់ ក៏បានអញ្ជើញទៅពិនិត្យដុកជួសជុលនាវា និងគិលានដ្ឋាននៅក្នុងមូលដ្ឋានសមុទ្រផងដែរ ៕

ដោយ ងូ សុមុនី