ក្រសួងព័ត៌មានចាត់ទុកសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិនជាស្ពានភ្ជាប់ទំនាក់រវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោលោកចេម ហួត

ភ្នំពេញ៖ ឯកឧត្តមខៀវកាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានចាត់ទុកសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន ជាស្ពានភ្ជាប់ទំនាក់ រវាងប្រទេសទាំងពីរ​ឲ្យកាន់ តែល្អប្រសើរតាមរយៈការផ្សព្វផ្សាយព័ត៌មានពិតទៅវិញទៅមក។

ក្នុងពិធីសម្ពោធជាផ្លូវការសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិនកាលពីរសៀលថ្ងៃទី៦ខែឧសភា ឆ្នាំ២០១៩នេះ នៅសណ្ឋាគាសូហ្វីតែលភោគីត្រារាជធានីភ្នំពេញ

ឯកឧត្តម  ខៀវ កាញារីទ្ធ បានគាំទ្រ និងបង្ហាញមោទនភាពថាសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិននេះដោយរំពឹងថាសមាគមនេះនឹងទទួលបានជោគជ័យ ធ្វើជាស្ពានដ៏រឹងមាំសម្រាប់ប្រជាជននៃប្រទេសទាំងពីរឆ្លង។ ឯកឧត្តមបានរម្លឹកប្រសាសន៍ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលធ្លាប់លើកឡើងនាពេលកន្លងមកថា នៅពេលណាយើងមិនទាន់មានស្ពានបេតុងទេ យើងអាចធ្វើស្ពានឬស្សីមួយក៏បាន។ ឯកឧត្តមសង្ឃឹមថា សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន គឺជាស្ពានបេតុងមួយចាប់ផ្ដើមកសាងឡើង គឺគ្រឹះមួយដ៏រឹងមាំ”។

ជាមួយគ្នានេះដែរ ឯកឧត្តម ផៃ ស៊ីផាន  រដ្ឋមន្រ្តីប្រតិភូនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជដ្ឋាភិបាល ក៏បានគាំទ្រចំពោះការបង្កើតសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិននេះ ព្រោះសមាគមនេះនឹងផ្សព្វផ្សាយព័ត៌មានដ៏សំខាន់ក្នុងបំរើឲ្យទំនាក់ទំនងនៃប្រទេសកម្ពុជា-ចិន ខណៈវិស័យមានដើរតួនាទីសំខាន់ដើម្បីចូលរួមចំណែកការថែរក្សាសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកស្រី (ចូវ  វឺនស៊ីង)Zuo Wenxing ទីប្រឹក្សានយោបាយ នៃស្ថានទូតចិន ប្រចាំកម្ពុជា បានអះអាងថា  “ការបង្កើតសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិននេះ បានបញ្ចប់នូវប្រវត្តិសាស្ត្រធ្វើការដាច់ដោយឡែកពីគ្នា រវាងប្រព័ន្ធផ្សព្វផ្សាយចិននិងកម្ពុជា ហើយបានលើកកម្ពស់ការផ្លាស់ប្តូរគ្នាកាន់តែស៊ីជម្រៅ។ការធ្វើសមាហរណកម្មប្រព័ន្ធផ្សព្វផ្សាយភាសាទាំងពីរ និងក្លាយទៅជាបង្អួច សំរាប់ការយល់ដឹងថ្មី អំពីមិត្តភាពរវាងប្រជាជន ទាំងពីរ និងប្រជាជននៅក្នុងតំបន់ទាំងមូល។

លោកស្រីរំពឹងថាសមាគមសារព័ត៌មាននេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការបញ្ជូនព័ត៌មានវិជ្ជមាន និងការរួមដៃគ្នាប្រឆាំងនឹងព័ត៌មានមិនពិត ដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ” ហើយប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា រួមទាំងសមាជិកនៃអ្នកសារព័ត៌មានកម្ពុជា-ចិន និងរាយការណ៍កាន់តែច្រើនអំពីសំឡេងល្អ និងសមិទ្ធផលល្អៗ នៃប្រទេសចិននិងកម្ពុជា ។

លោកសយ សុភាព សហប្រធាន  និងជាស្ថាបនិក នៃសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិនបានអានរបាយការណ៍ថា សមាគមនេះនឹងចូលរួមអនុវត្ត និងគោរពតាមគោលនយោបាយ នៃប្រទេសទាំងពីរឲ្យបាន តាមរយៈការផ្សព្វផ្សាយព័ត៌មានពិត និងប្រកបដោយវិជ្ជាជីវៈអំពីការវិនិយោគរបស់ប្រទេសមហាមិត្តចិន នៅកម្ពុជា ក៏ដូចជាការនាំចេញនូវផលិតផលគ្រប់ផ្នែកទាំងអស់របស់កម្ពុជាទៅកាន់ប្រទេសចិន។ ដោយប្រទេសខ្លះមិនសប្បាយចិត្តនិងមិនគាំទ្រចំពោះការវិនិយោគរបស់ចិននៅកម្ពុជាទេ ហើយថែមទាំងវាយប្រហាចំពោះការធ្វើពាណិជ្ជកម្មរបស់ចិននៅកម្ពុជាទៀតផង។  សមាគមនេះ បង្កើតឡើងដើម្បីចូលរួមចំណែកគោរព និងអនុវត្តគោគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិនដែលប្រទេសទាំងពីបានពូនជ្រុំកសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងដ៏ស្អិតរមួតចាប់តាំងពីមេដឹកនាំជំនាន់មុនរហូតមកដល់ពេលបច្ចុប្បន្ន។

សូមរំលឹកថាសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិនត្រូវបានទទួលស្គាល់ជាផ្លូវការពីឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានកាលពីថ្ងៃទី៣០ខែមករាឆ្នាំ២០១៩៕