ចង់បានប្រាក់ស៊ីឈ្នួល កាន់ថ្នាំញៀនមួយ គីឡូក្រាមត្រូវកម្លាំងអាវុធហត្ថខេត្តចាប់ខ្លួន

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

ជនសង្ស័យឈ្មោះទូចវ៉ាត់ស៊ីឈ្នួលកាន់ថ្នាំញៀនឲ្យគេត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តដឹកនាំដោយលោក លោកវរសេនីយ៍ឯកដួង វិចិត្រមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តឃាត់ខ្លួនបាននៅវេលាម៉ោង១១និង៤៦នាទីព្រឹកថ្ងៃទី០៦ខែឧសភាឆ្នាំ២០១៩នៅចំណុចបេនឡានភូមិលើ សង្កាត់ស្រះឬស្សីក្រុងខេត្តស្ទឹងត្រែងតាមបណ្តោយផ្លូវជាតិលេខ០៧ ។


លោកវរសេនីយ៍ឯកដួង វិចិត្រមេបញ្ជាការរងអាវុធហត្ថខេត្តបានឱ្យដឹងថាជន សង្ស័យដែលត្រូវបានចាប់ខ្លួនមានឈ្មោះទូច វ៉ាត់ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិស្រែពោធិ៍សង្កាត់ស្រះឫស្សី ក្រុង ខេត្តស្ទឹងត្រែង។


លោកមេបញ្ជាការរងបន្តថា៖ស្ថិតក្រោមការស៊ើបអង្កេតបទល្មើសគ្រឿងញៀនឆ្លងដែននិងទទួលបានព័ត៌មានស្តីពីសកម្មភាពរបស់ជនសង្ស័យខាងលើ កម្លាំងសមត្ថកិច្ចបានចុះឃាត់ខ្លួនឆែកឆែរកឃើញថ្នាំញៀនចំនួន១កញ្ចប់ធំស្មើរនិង៩៤៦,៣ក្រាម ខណៈដែលជនសង្ស័យធ្វើសកម្មភាពនាំយកទៅអោយជនម្នាក់ទៀត។
ជនសង្ស័យទូចវ៉ាត់បានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថាលោកមិនដឹងថារបស់នេះជាអ្វីនោះទេតែគេជួលខ្លួនក្នុងតម្លៃ២០០ដុល្លារឱ្យយកទៅឱ្យគេនៅបេនឡាន លុះពេលចេញដំណើរបានបន្តិចក៍មានកំលាំងអាវុធហត្ថមកឃាត់ខ្លួនបញ្ជូនមកទីបញ្ជាការតែម្តង។
ថ្នាំញៀននេះត្រូវបានធ្វើតេស្តបឋមចំពោះមុខជនសង្ស៍យនិងមានការចូលរួមពីតំណាងព្រះរាជអាជ្ញាសាលាដំបូងខេត្តស្ទឹងត្រែងផងដែរ ឃើញថាពិតជាមានសារធាតុញៀនពិតប្រាកដមែន។
សូមបញ្ជាក់ថា៖បច្ចុប្បន្នជនសង្ស័យរួមវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងត្រៀមបញ្ជូនខ្លួនទៅសាលាដំបូងខេត្តដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕