រយៈពេល២០ឆ្នាំនេះកាកបាទក្រហមកម្ពុជាបានជួយសង្គ្រោះជនរងគ្រោះនិងជនងាយរងគ្រោះ បានចំនួនជាង១លាន៧សែនគ្រួសារ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ស្រី​ ផល​៖

រយៈពេល២០ឆ្នាំនេះកាកបាទក្រហមកម្ពុជាបានជួយសង្គ្រោះជនរងគ្រោះនិងជនងាយរងគ្រោះ បានចំនួនជាង១លាន៧សែនគ្រួសារ ដោយបានសម្រាលបន្ទុកជីវភាពរបស់ពួកគេឲ្យ កាន់តែប្រសើរឡើង។


ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះប្រតិបត្តិការសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា មានការវិវត្តន៍រីកចំរើនឈានទៅមុខជាបន្តបន្ទាប់ ហើយបានដោះស្រាយទុក្ខលំបាករបស់ ប្រជាពលរដ្ឋយ៉ាងមានប្រសិទ្ធភាព។


យោងតាមរបាយការណ៍របស់កាកបាទក្រហមកម្ពុជាដែលវិទ្យុជាតិកម្ពុជាទទួលបាន បានឲ្យដឹងថា កាកបាទក្រហមកម្ពុជា សម្រេចអនុវត្តបាន លើការត្រៀមបង្ការ បង្កើនភាពរឹងមាំរបស់គ្រួសារ ភូមិ-ឃុំ និងសហគមន៍ នៅតំបន់ជនបទក្នុងការទប់ទល់ទៅនឹងគ្រោះមហន្តរាយធម្មជាតិនានាយ៉ាងមានប្រសិទ្ធភាព។


របាយការណ៍បានអះអាងថា ក្នុងរយះពេល២០ឆ្នាំកន្លងទៅនេះពោលគឺចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០១៩នេះ កាកបាទក្រហមកម្ពុជា បានជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយពីធម្មជាតិ និងឧប្បទ្ទវហេតុផ្សេងៗបានចំនួន ជាង១,៧៤៤២០០គ្រួសារ, ក្នុងនោះអំណោយសង្គ្រោះចែកជូនដោយថ្នាក់កណ្ដាលមានចំនួនជាង១,២៣០៣០០គ្រួសារ និងចែកជូនដោយថ្នាក់សាខាមានចំនួន ជាង៥១៣,០០០គ្រួសារ។


ទន្ទឹមនេះចាប់ពីឆ្នាំ២០១០មកដល់បច្ចុប្បន្ន កាកបាទក្រហមកម្ពុជា បានសាងសង់ផ្ទះជូនជនចាស់ជរាគ្មានទីពឹងនិងជនទីទាល់ខ្លាំងបំផុតបានចំនួន៧១៧ខ្នង ជីកស្រះទឹកសហគមន៍បានចំនួន៥៤ស្រះដែលមានអ្នកទទួលផលជាង៥,៦០០គ្រួសារ និងអណ្តូងទឹកសហគមន៍បានចំនួន២១៧៥អណ្តូង ដែលមានប្រជាពលរដ្ឋជាអ្នកទទួលផលចំនួនជាង ៣៦,០០០គ្រួសារ។
សូមបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែដាស់តឿនក្រើនរំលឹកជានិច្ចចំពោះមន្ត្រីបុគ្គលិកគ្រប់លំដាប់ថ្នាក់ ត្រូវចុះជាប់នឹងចលនា ស្វែងរកអ្នកដែលមានទុក្ខលំបាកបំផុត ហើយចុះទៅដល់ទីកន្លែង និងជួយដោះស្រាយដោយផ្ទាល់ភ្លាមៗ ដើម្បីសង្គ្រោះជនងាយរងគ្រោះទាំងនោះ ដោយមិនប្រកាន់បក្សពួក ជាតិសាសន៍ ឬនិន្នាការនយោបាយនោះឡើយ តាមពាក្យស្លោក ទីណាមានការលំបាក គឺទីនោះមានវត្តមានការជួយសង្គ្រោះ ពីកាកបាទក្រហមកម្ពុជា។