ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៩ នៅខេត្តសៀមរាប​ប្រមូល​ថវិកាបានចំនួនជាង៧០ម៉ឺនដុល្លារអាម៉េរិក

AKP សៀមរាប ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩​ — សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានរៀបចំប្រារព្ធពិធីខួបទី១៥៦ ទិវាពិភព លោក​កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទ “ខ្ញុំស្រឡាញ់កាក​បាទក្រហមកម្ពុជា” ដែលប្រមូលថវិកាបានចំនួន ៧៩៧.៩៥៥ដុល្លារអាម៉េរិក រួមនឹងសម្ភារ​ជាគ្រឿងឧបភោគ បរិភោគជាច្រើនទៀតពីសប្បុរសជនក្នុងខេត្ត សម្រាប់យកទៅធ្វើ​សកម្ម​ភាពជួយសង្រ្គោះប្រជាពលរដ្ឋ នៅក្នុងខេត្ត ក៏ដូចបណ្តាខេត្តផ្សេងៗ ដែលទទួលរងគ្រោះ ដោយ​គ្រោះធម្មជាតិ ឬឧបទ្ទវហេតុផ្សេងៗ ដោយមិនបានប្រកាន់បក្ខពួក ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ។  ពិធីនេះ ធ្វើឡើងកាលពីថ្ងៃទី០៥​ខែឧសភាឆ្នំា២០១៩ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីបញ្ហាប្រឈមជាសាកល នៃចលនាកាក បាទក្រហម អឌ្ឍចន្ទក្រហម ដើម្បីកៀរគររកមូលនិធិ ដែលជាប្រភពធន​ធាន​សម្រាប់ធ្វើប្រតិបត្តិការមនុស្សធម៌។ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត​សៀមរាប​បាន​មានប្រសាសន៍ថា ឆ្នាំនេះសាខាកាកបាទក្រហមខេត្ដសៀមរាបទទួលបានទឹកប្រាក់​ច្រើន​ជាងបណ្តាឆ្នំាមុនៗនៅក្នុងឱកាសប្រារព្ធខួបទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម​៨ឧសភា។ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទំាង អស់ដែល​បានគាំទ្រដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមដោយបានជួយឧបត្ថម្ភជាទឹកប្រាក់និងសម្ភរជូនដល់កាកបាទក្រហមកម្ពុជា។ ឯកឧត្តមអភិបាលខេត្ដក៏បានប្តេជ្ញាយក​ថវិកាទំាង​នេះទៅជួយឱ្យចំគោលដៅនៃការលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសគឺនៅពេលជួបនូវគ្រោះ​ធម្មជាតិផ្សេងៗ។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និង​ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាបបានគូសបញ្ជាក់ថា ការកើន​ឡើង​នៃ​ចំនួនទឹកប្រាក់ឧបត្ថម្ភនេះសបញ្ជាក់ឱ្យឃើញថា ប្រជាជនកម្ពុជាកាន់តែយល់ដឹងច្រើនអំពី​វប្បធម៌នៃការចែករំលែកសម្រាប់ការងារជួយសង្គម។ ជាមួយគ្នានេះដែរ សម្តេចពិជ័យសេនា​ក៏បាន​អំពាវនាវឱ្យ​ប្រជាជនខ្មែរទំាងអស់បន្តធ្វើសកម្មភាពចែករំលែកចេះសាមគ្គីគ្នា រួបរួម គ្នា​ឱ្យបានខ្លំាងក្លាបន្ថែមទៀត ដើម្បីធ្វើឱ្យប្រទេសកម្ពុជាកាន់តែមានភាពរីកចម្រើន​ជឿន​លឿន​ទៅមុខ៕

ដោយ ​ឃុត សៅ