អាជ្ញាធរមីនកម្ពុជាស្នើសុំកិច្ចសហការពីអគ្គស្នងការដ្ឋាននគរបាលជាតិ លើការងារផ្សព្វផ្សាយស្ដីពីផលប៉ះពាល់ដោយសារមីន

AKP ភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ — អគ្គស្នងការដ្ឋាននគរបាលជាតិ និងអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្រ្គោះ​ជនពិការដោយសារមីន នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩នេះ បានជួបពិភាក្សាលើបោស​សម្អាតមីននៅកម្ពុជា។ ក្នុងជំនួបនោះ អាជ្ញាធរកម្ពុជាមីន បានស្នើសុំ កិច្ចសហការពីខាងអគ្គ​ស្នងការដ្ឋាននគរបាលជាតិលើការងារអប់រំប្រជាពលរដ្ឋស្ដីពីបញ្ហាគ្រាប់មីន។ ឯកឧត្តម ទេសរដ្ឋមន្ដ្រី លី ធុជ ប្រធានអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និង​សង្រ្គោះជនពិការដោយសារមីន បានជំរុញឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ​មានការណែ​នាំ​បន្ថែមដល់កម្លាំងនគរបាលតាមស្នងការរាជធានី-ខេត្ត រហូតដល់នគរបាលប៉ុស្ដិ៍នគរបាល រដ្ឋបាល ជំរុញការអប់រំផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ពាក់ព័ន្ធការយល់ដឹងពីច្បាប់ ក៏ដូចជាការ​យល់​ដឹងអំពីគ្រោះថ្នាក់ដោយសារមីនជូនប្រជាពលរដ្ឋ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រោយជំនួបនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងថា  ឆ្លើយតបទៅនឹងបញ្ហានេះ ឯកឧត្តម នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានគូស​បញ្ជាក់ថា តួនាទីរបស់កងកម្លាំងនគរបាលជាតិ គឺពិតជាសំខាន់ណាស់ដើម្បីផ្សព្វផ្សាយអប់រំ​ប្រជាពលរដ្ឋ និងឆ្លើយតបទៅនឹងសកម្មភាពបោសសម្អាតមីននេះ។ ជាមួយគ្នានេះ ទាំងខាងអាជ្ញាធរមីនកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិបានប្តេជ្ញាជាថ្មីទៀត ក្នុងការ​សម្រេចឱ្យបានទៅតាមអ្វីដែលជាផែនការកំណត់ ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល លើការងារបោសសម្អាតមីនឱ្យអស់ពីកម្ពុជា នៅឆ្នាំ២០២៥។

ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ បានឯកភាពនូវការរៀបចំ​អនុស្សរណៈយោគយល់គ្នាមួយជាក់ស្ដែង ដើម្បីបង្កើនកិច្ចសហការរវាងអាជ្ញាធរមីន ជាមួយ​អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយសំខាន់ផ្ដោតទៅលើការគាំទ្ររវាងអាជ្ញាធរមីន មកលើ​កងកម្លាំងនគរបាលជាតិកម្ពុជា រួមទាំងការបណ្ដុះបណ្ដាល ការផ្ដល់មធ្យោបាយ និងបទ​ពិសោធន៍​​នានាដើម្បីប្រមូលកម្លាំងនគរបាលឲ្យបានចូលកាន់តែសកម្មបន្ថែមទៀត ដើម្បី​បោសសម្អាតមីន៕

ដោយ ចាន់ ​សុធីវង្ស