ឯកឧត្តម លី ធុជ ចែកទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ នៅខេត្តរតនគិរី

AKP រតនគិរី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ -នៅថ្ងៃអាទិត្យ ២កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តរតនគិរី បានអញ្ជើញចែកទឹកជូនប្រជាពលរដ្ឋជាង ២០០គ្រួសារនៅ ភូមិ៤ គ.៦០ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ដែលកំពុងប្រឈមនឹងបញ្ហាកង្វះខាតទឹកប្រើប្រាស់  ខណៈដែលរដូវប្រាំងនៅតែអូសបន្លាយមកដល់ពេលនេះ។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី  លី ធុជ បានលើកឡើងថា ដោយទទួលរងនូវឥទ្ធិពលអ៊ែនីណូបានធ្វើឱ្យអាកាសធាតុមានសភាពក្តៅខ្លាំងនៅទូទាំងប្រទេសកម្ពុជាយើង  ប្រការនេះបានធ្វើឱ្យអណ្តូងទឹកតាមខ្នងផ្ទះប្រជាពលរដ្ឋរីងស្ងួត និងប្រភពទឹកនានាតាមភូមិឃុំ ស្រុកមានភាពរីងស្ងួតផងដែរ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋជួបបញ្ហាប្រឈមនូវកង្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ។ តែទោះយ៉ាងណារាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចតែងបានណែនាំឱ្យក្រុមការងារថ្នាក់ជាតិ ក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិត្រូវប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលជួបប្រទះបញ្ហាកង្វះខាតទឹកប្រើប្រាស់ឱ្យបានទាន់ពេលវេលា ដោយមិនត្រូវបណ្តែតបណ្តោយឱ្យមូលដ្ឋានដែលខ្វះខាតទឹកគ្មានទឺកប្រើប្រាស់នោះឡើយ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានជំរុញឱ្យអាជ្ញាធរស្រុកសហការជាមួយមន្ទីរពាក់ព័ន្ធ ពិនិត្យលទ្ធភាពស្តារអណ្តូងទឹកតាមខ្នងផ្ទះប្រជាពលរដ្ឋ និងរិះរកមធ្យោបាយទាញយកទឹកពីប្រភពទឹកនានាដែលមិនទាន់រីងស្ងួតនៅមូលដ្ឋាននេះមកជូនប្រជាពលរដ្ឋ។ ជាពិសេសត្រូវបន្តចាត់ ចែងក្រុមការងារ ចុះតាមដានត្រួតពិនិត្យពីកង្វះខាតទឹករបស់ប្រជាពលរដ្ឋនៅតាមភូមិផ្សេងៗទៀត ហើយបើមានបញ្ហាប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ត្រូវអន្តរាគមន៍ភ្លាមៗ ៕

ដោយ ណយ នឿន (ប្រភព មន្ទីរព័ត៌មាន ខេត្តរតនគិរី)