ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់រលំផ្ទះទាំងស្រុង នៅក្រុងកំពង់ចាម​ បានទទួលបានអំណោយកាកបាទក្រហមកម្ពុជា

វិទ្យុជាតិកម្ពុជា៖ដោយ លោក ចិន សារ៉ាត ខេត្តកំពង់ចាម៖ឯកឧត្ដម គួច ចំរើន អភិបាលខេត្តនិងជាអនុប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានអញ្ជើញសួរសុខទុក្ខ និងនាំអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋ ២គ្រួសារ រងគ្រោះដោយខ្យល់កន្ត្រាក់ បណ្ដាលឲ្យរលំផ្ទះទាំងស្រុង ស្ថិតនៅសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។


ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ថាប្រមុខរាជ រដ្ឋាភិបាលកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្ដម ហ៊ុន ណេង ប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ជានិច្ចកាលតែងតែគិតពីសុខទុក្ខរបស់ប្រជាពលរដ្ឋមិនប្រកាន់ពូជសាសន៍ សាសនាឬនិន្នាការនយោបាយអ្វីឡើយ ពិសេស បងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់រលំផ្ទះទាំង ០២គ្រួសារ ជាដើម។ ឯកឧត្ដម ក៏បានចូលរួមនូវការសោកស្ដាយ ចំពោះ ហេតុការណ៍ ដ៏អាក្រក់ ដែលបង្កឡើងដោយគ្រោះធម្មជាតិ ធ្វើឲ្យប៉ើងលំនៅដ្ឋានទាំងស្រុង ជាពិសេស វាបង្កឲ្យរបួសស្នាម ទៀតផង ។

ឯកឧត្ដមបន្តថា
គ្រោះធម្មជាតិ យើងមិនអាចទប់ស្កាត់បាន ក៏ប៉ុន្តែ ជាស្មារតី ទទួលខុសត្រូវរបស់អាជ្ញាធរ ជាពិសេស ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា តែងតែបានធ្វើការណែនាំ ដល់អាជ្ញាធរក្នុងមូលដ្ឋាន ជួយមើលខុសត្រូវអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋយើង ក្នុងគ្រាមានអាសន្ននោះ នាពេលនេះ ឯកឧត្ដម បាននាំយកនូវគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ផ្ដល់ជូនបងប្អូន ដើម្បី បានដោះស្រាយជាបឋមមុនសិន ។


ឯកឧត្ដមអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមពិនិត្យឲ្យត្រឹមត្រូវលើកបច្ចេកទេស នៃការសាងសង់លំនៅដ្ឋានរបស់ខ្លួន ដើម្បី ការពារនូវសុវត្ថិភាព ជៀសផុតពីការគម្រាមកំហែង ដោយសារកត្តាធម្មជាតិ ។


ឯកឧត្ដម គួច ចំរើន បាននាំអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋទាំង ២គ្រួសារ កាលពីថ្ងៃទី៣ខែឧសភាឆ្នាំ២០១៩ដោយក្នុង១គ្រួសារៗ ទទួលបាន ៖ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ បាឡុង ១សម្រាប់ ស័ង្កសី និងថវិកា ចំនួន ១លានរៀល ។ ជាមួយនោះ អនុសាខាកាកបាទក្រហមក្រុងកំពង់ចាម ក៏បានបន្ថែមថវិកា ដល់គ្រួសាររងគ្រោះ ដោយ១គ្រួសារៗ ថវិកា ២០ម៉ឺនរៀល ផងដែរ ។


សូមរំលឹកថា ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោ ១៧.១៥នាទីល្ងាច មានហេតុ ការណ៍គ្រោះធម្មជាតិខ្យល់កន្ត្រាក់ បណ្ដាលឲ្យរលំផ្ទះប្រជាពលរដ្ឋ ២ខ្នងផ្ទះ ស្ថិតនៅភូមិចុងថ្នល់ទី១ និងភូមិឡឥដ្ឋ នៃសង្កាត់បឹងកុក ក្រុងកំពង់ចាម ។ ក្រៅពីនោះ ក៏បានធ្វើឲ្យម្ចាស់ផ្ទះឈ្មោះ ភួង សុខគង់ រងរបួសបែកក្បាល ដេរ ៤ថ្នេរ ផងដែរ ៕