សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ទទួលបានថវិកាពីសប្បុរសជនជាង១៨ម៉ឺនដល្លារ

AKP កំពង់ឆ្នាំង ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ — ថវិកាជាង១៨ម៉ឺនដុល្លារដែលបានមកពីសប្បុរសជននានា បានបរិច្ចាកចូលរួមគាំទ្រសកម្មភាព​មនុស្សធម៌របស់សាខាកាកបាទក្រហមហមកម្ពុជាខេត្តកំពង់ឆ្នាំង នៅក្នុងខួបលើកទី១៥៦ ទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភាឆ្នាំ២០១៩។ ពិធីនេះបានប្រារព្ធធ្វើឡើង​កាលពីថ្ងៃទី០៤ ខែឧសភាឆ្នាំ២០១៩ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេច ចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង។ ឯកឧត្តម ហ៊ី ណាត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត​កំពង់​ឆ្នាំង បានសម្តែងនូវគាវរកិច្ចចំពោះ សប្បុរសជនជិតឆ្ងាយ ព្រមទាំងលោកឧកញ៉ា លោក លោកស្រីទាំងអស់ ដែលបានអញ្ជើញចូលរួម អបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ “ខ្ញុំស្រលាញ់កាកបាទ​ក្រហ​ម​កម្ពុជា”។ ឯកឧត្ដមបានបន្ដថា ការប្រារព្ធទិវានេះ ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយផង និង​ឱ្យ​មាន​ការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋាន ជួយទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌ ដែលកំពុង​អនុវត្តន៍ដ៏មានប្រសិទ្ធភាព និងទាន់ពេលវេលាសម្រាប់ជួយប្រជាពលរដ្ឋ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និង ជាប្រធានកិត្តិយសសាខាកាកបាទក្រហម​ហកម្ពុជា​ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ក្នុងគោលបំណងបង្ហាញពីសេចក្ដីស្រឡាញ់ ការអាណិតអាសូរ ការយកចិត្តទុកដាក់ការព្រួយ​បារម្ភចំពោះបងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងដែលត្រូវការអោយជួយសង្រ្គោះដោយគោរព​ តាម​គោលការណ៍គ្រឹះទាំង៧ រួមមាន ភាពមនុស្សធម៌ ភាពមិនលម្អៀង អព្យាក្រឹត្យភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព សកលភាព។ ឯកឧត្តម ក៏បានចាត់ទុកការ​ចូល​រួម​ពី​សំណាក់ សមាជិ​ក សមាជិកា សប្បុរសជន ពេលនេះគឺជាសក្ខីភាពបង្ហាញ អំពីការគាំទ្រ យ៉ាង​ពេញទំហឹងដល់កាកបាទក្រហមកម្ពុជា ក៏ដូចសាខាកាកបាទក្រហមកម្ពុជា​​ខេត្តកំពង់ឆ្នាំង ដែលមានតួនាទីជាជំនួយការអោយអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌នាំមុខគេនៅកម្ពុជា ក្នុងបេសកកម្មកសាងពង្រឹង ប្រមូលផ្ដុំកម្លាំងមនុស្សធម៌ទាំងធនធានមនុស្ស បច្ចេកទេស ថវិកា ដើម្បីជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុត។ ជាមួយគ្នានេះ តាមរយៈ​ការ​គ្រប់គ្រងគ្រោះមហន្តរាយ សុខភាពនិងការថែទាំសុខភាពតាមសហគមន៍ លើកកម្ពស់ គោល​ការណ៍គ្រឹះ តម្លៃមនុស្សធម៌ របស់ចលនានិងការអភិវឌ្ឍសហគមន៍។ ឯកឧត្តមអភិបាលខេត្ដ ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះសប្បុរសជនដែលតែងបានចូលរួមផ្ដល់​ការ​គាំទ្រទាំងស្មារតី សម្ភារ និងថវិកា ដល់សាខាកាកបាទក្រហមខេត្ត និងក៏បានអំពាវនាវសូមឱ្យ​បន្តការគាំទ្រនេះថែមទៀត ដើម្បីការធានាបាននូវការផ្គត់ផ្គង់ផ្នែកធនធានហិរញ្ញវត្ថុ​ដែលជា កត្តាចាំបាច់មិនអាចខ្វះបានសម្រាប់ប្រតិបត្តការមនុស្សធម៌ឆ្លើយតបបានទាន់ពេលវេលាទៅ នឹងសេចក្ដីត្រូវការរបស់អ្នករងគ្រោះ និងអ្នកងាយរងគ្រោះបំផុតដែលត្រូវការជំនួយជាចាំ បាច់៕

ដោយ សោម ប្ញទ្ធី