សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ រៀបចំមីទ្ទិញខួបលើកទី១៥៦ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រម ០៨ឧសភា ឆ្នាំ២០១៩

AKP កំពង់ធំ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ — សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំបានរៀបចំប្រារព្ធខួបលើកទី១៥៦ ទិវាកាកបាទ ក្រហម អឌ្ឍចន្ទក្រហម៨ឧសភា២០១៩​ក្រោមប្រធានបទ”ខ្ញុំស្រឡាញ់កាកបាទ​ក្រហម​កម្ពុជា” ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ងួន ញ៉ិល ​អនុប្រធានទី១រដ្ឋសភា សប្បុរសជន​មន្ត្រីរាជ​ការ អ្នកស្ម័កចិត្តកាកបាទក្រហម យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធិ​ សិស្សានុ​សិស្ស​ប្រមាណជិត១.០០០នាក់ ដោយប្រមូលថវិកាពីសប្បុរសជនបានជិត២០ម៉ឺនដុល្លារ។  ពិធីនេះ​បានប្រារព្ធធ្វើ នៅព្រឹកថ្ងៃ ១កើត ខែពិសាខ ឆ្នាំកុរ​ ឯកស័ក ព.ស ២៥៦២ ត្រូវនិង​ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩។

ឯកឧត្តម ជា វ៉ាន់ចាន់ លេខាធិការកាកបាទក្រហកកម្ពុជាខេត្តកំពង់ធំបានបញ្ជាក់ថា ប្រធានបទនេះពិជាមានអត្ថន័យរំលេចអំពីកម្លាំងនៃបណ្ដាញអ្នកស្ម័កចិត្ត និងយុវជនកាកបាទ ក្រហមដែលកំពុងបំពេញបេសកកម្មដោយស្ម័កចិត្ត និងប្រកបដោយស្នាមញញឹមនៅគ្រប់ទី​កន្លែង​ដែលកំពុងរង់ចាំការជួយសង្រ្គោះដោយអនុវត្តន៍តាមគោលការណ៍គ្រឹះទាំង៧​របស់​ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមគឺភាពមនុស្សធម៌ ភាពមិនលម្អៀង អព្យាក្រឹត្យភាព ឯករាជភាព សេវាកម្មស្ម័កចិត្ត ឯកភាព និងសកលភាព។ ឯកឧត្ដមបានបន្ដថា ការប្រារពទិវានេះឡើងក៏ជាឱកាសក្នុងការផ្សព្វផ្សាយដល់គ្រប់មជ្ឈដ្ឋានឱ្យបាដឹងនូវអ្វីៗដែលកាកបាទក្រហមកម្ពុជាក៏ដូចជាសាខា អនុសាខានៃខេត្តកំពង់ធំបាន និងកំពុងធ្វើនៅគ្រប់ទី​កន្លែង ដើម្បីជួយសម្រួលការលំបាក​និងជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយ​គ្រោះមហន្ត​រាយ​ផ្សេងៗ ជនងាយរងគ្រោះបំផុតរួមមានចាស់ជរាគ្មានទីពឹង ស្រ្តីមេមាយ កុមារកំព្រា ជនពិការ អ្នកមានជំងឺរាំរៃ អ្នកផ្ទុកមេរោគអេដស៍ជាដើម។

ឯកឧត្តម សុខ លូ បានផ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនដែលបាន​ជួយគាំទ្រដល់សាខាកាកបាទក្រហមខេត្តកំពង់ធំកន្លងមក ជាពិសេសឯកបណ្ឌិត ងួន ញ៉ិល ដែលបានយកចិត្តទុកដាក់ចូលរួម ជួយឧបត្ថម្ភដល់កាកបាទក្រហមខេត្ត​ធ្វើឱ្យសាខាកាក​បាទ​ក្រហមកម្ពុជាខេត្តកំពង់ធំកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។

ឯកបណ្ឌិត ងួន ញ៉ិល បានពាំនាំមកនូវព្រះទានសេចក្ដីនឹករលឹក​ ផ្ញើសួរសុខទុក្ខ​ប្រកប​ដោយព្រះរាជហឫទ័យស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតអំពីព្រះករុណា ព្រះបាទសម្ដេច ព្រះ​បរមនាថ​ នរោត្ដមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះមហាក្សត្រី នរោត្ដមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា​និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។

ឯកឧត្តមអនុប្រធានទី១ ក៏បានមានប្រសាសន៍កោតសរសើរដល់សាខាកាកបាទ​ក្រហមកម្ពុជាខេត្តកំពង់ធំដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនឱ្យមានលក្ខណៈរឹងមាំដែលធានាបាននូវការជួយសង្រ្គោះដល់ប្រជាពលរដ្ឋងាយរងង្រ្គោះ ប្រជាពលរដ្ឋដែលជួបគ្រោះ​មហន្ត​រាយ​ផ្សេងៗ៕

ដោយ ស៊ុម វណ្ណា