ក្រសួងព័ត៌មានស្នើជាថ្មីឲ្យអ្នកសារព័ត៌មានរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយក្នុងសម័យឌីជីថល

វិទ្យុជាតិកម្ពុជា៖ ដោយលោកជួនបូណា

ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងព័ត៌មាន ស្នើជាថ្មីឲ្យអ្នកសារព័ត៌មានខិតខំប្រឹងប្រែងលុបបំបាត់ព័ត៌មានក្លែងក្លាយក្នុងសម័យឌីជីថលដែលធ្វើឲ្យមានការភ័ណ្ឌចំឡំដល់សាធារណជន និងបំពុលសង្គម។

ថ្លែងក្នុងវេទិការសារព័ត៌មានពិភពលោកឆ្នាំ២០១៩  តួនាទី ប្រកបដោយសក្ដានុពលរបស់អ្នកសារព័ត៌មានក្នុងការគាំពារសន្ដិភាព  និងប្រជាធិបតេយ្យ នាព្រឹកថ្ងៃទី  ០៣ខែឧសភា  នៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់  ឯកឧត្តមខៀវ  កាញញារីទ្ធ  រដ្ឋមន្ដ្រីក្រសួងព័ត៌មានបានជំរុញឲ្យអ្នកសារព័ត៌មានត្រូវខិតខំពង្រឹងសមត្ថភាពចំណេះដឹង  និងគោរពក្រមសីលធម៌វិជ្ជាជីវរបស់ខ្លួនប្រកបដោយយុតិ្ដធម៌ ត្រឹមត្រូវ  និង តម្លាភាព  ។

ឯកឧត្តម រដ្ឋមន្ត្រីបានជំរុញបែបនេះធ្វើឡើងបន្ទាប់ពីប្រទេសកម្ពុជាមានការរីកចំរើនខ្លាំងលើគ្រប់វិស័យជាពិសេសវិស័យបច្ចេកវិទ្យា និងបណ្តាញព័ត៌មានសង្គមហ្វេបុកមួយចំនួនបានផ្សព្វផ្សាយបំពុលសង្គម។

ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ការចូលរួម លុបបំបាត់ ព័ត៌មាន ក្លែងក្លាយនេះ កុំឲ្យមានប៉ះពាល់ដល់ព័ត៌មានពិត  និងធ្វើឲ្យសង្គមជាតិមិនមានភាពចលាចលផងដែរ។

លោកគីសុខលីម អគ្គនាយកសាព័ត៌មានអេឡិចត្រូនិចថ្មីថ្មី  បានគាំទ្រការជំរុញឲ្យអ្នកសារចូលរួមលុតបំបាត់ព័ត៌មានក្លែងក្លាយនេះ  ដើម្បីឲ្យតម្លៃអ្នកសារព័ត៌មានកាន់តែមានសក្ដានុពល និងចូលរួមឲ្យប្រទេសជាតិមានសន្តិភាព និងប្រជាពលរដ្ឋទទួលបានដំណឹងពិតមិនក្លែងក្លាយ៕