ក្រុមហ៊ុនកូកា-កូឡា ដំឡើងប៉មចម្រោះទឹកស្អាតថ្មីមួយទៀតជូនអនុវិទ្យាល័យទួល​សុភី  ក្នុងស្រុកឧដុង្គ ខេត្ដកំពង់ស្ពឺ ដើម្បីផ្ដល់ទឹកស្អាតដល់សិស្សានុសិស្ស

AKP កំពង់ស្ពឺ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ — ក្រុមហ៊ុន ភេសជ្ជៈកម្ពុជា  កូកា-កូឡា និងអាជ្ញាធរពាក់ព័ន្ធ បានរួមគ្នាបន្តធ្វើការឆ្លើយ តប​​នឹងការ​គ្រោះរាំងស្ងួតនៅក្នុងប្រទេសកម្ពុជា តាមរយៈការដំឡើង ប៉មចម្រោះទឹកស្អាត​ថ្មីមួយកន្លែងទៀតជូនដល់អនុវិទ្យាល័យទួលសុភី  ស្ថិតនៅក្នុស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែល​អាចផ្តល់នូវទឹកស្អាតសម្រាប់ទទួលទាន ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូប្រមាណ ជាង ៥០០នាក់ ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ជុំវិញនោះផងដែរ។នៅក្នុងពិធីសម្ពោធប៉មចម្រោះទឹកស្អាត កាលពីព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងបរិវេណអនុវិទ្យាល័យទួលសុភី លោក រស់ សោភា នាយកផ្នែកច្បាប់ និងកិច្ចការ​សា​ធារ​ណៈប្រចាំប្រទេសនៃ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡាបានលើកឡើងថា ការប្តេជ្ញាចិត្ត របស់នក្រុមហ៊ុនមិនបញ្ឈប់ នៅត្រឹមតែការដំឡើងប៉មចម្រោះទឹកស្អាតថ្មីក្នុងថ្ងៃនេះប៉ុណ្ណោះទេ   ប៉ុន្តែក្រុមហ៊ុន នឹងបន្តគាំ​ទ្រ និងសហការយ៉ាងពេញទំហឹងជាមួយអង្គការ Planet Water ដើម្បីអនុវត្តន៍កម្ម​វិធីអប់រំ សុខភាព   ការប្រើប្រាស់ទឹកស្អាតប្រកបដោយប្រសិទ្ធភាព ការថែ រក្សា អនាម័យបរិស្ថាន   ការអប់រំបណ្តុះបណ្តាលប្រជា សហគមន៍អំពីការ ថែរក្សាការពារ ប៉មចម្រោះ ទឹក នេះ រួមទាំងការធ្វើលំហែទាំរយៈពេល៥ឆ្នាំ។ លោកបានបន្ដថា អង្គការ Planet Water នឹងធ្វើការត្រួត ពិនិត្យតាមដានគុណភាពទឹក និងធ្វើលំហែទាំប្រព័ន្ធចម្រោះទឹកជាប្រចាំ ទៅតាមកាលវិភាគកំណត់។ លោកបានបន្ថែមថា “ក្រុមហ៊ុន កូកា-កូឡា មានមោទនភាព ដែលបានចូលរួមចំណែកក្នុងការបង្កើតគម្រោង ដ៏មានសារៈសំខាន់មួយនេះ ដែលបាន​កំពុងតែនាំយកទឹកស្អាតមកកាន់សាលារៀន និងសហគមន៍ជាច្រើននៅទូទាំងពិ ភពលោក”។

លោកបានបន្ថែមទៀតថា នេះគឺជាប៉មចម្រោះទឹកស្អាតទី២២ ដែលបានដំឡើង  ដោយ ក្រុមហ៊ុនកូកា-កូឡា ជាមួយនឹងស្ថាប័នដៃគូនៅទូទាំងប្រទេសកម្ពុជា  ចាប់តាំងពីឆ្នាំ២០១៦​មក​ ក្រោមកិច្ចសហការជាមួយអង្គការPlanet Water ដែលមានការដំឡើង ប៉មចម្រោះទឹក​ស្អាត នៅតាមបណ្ដា សហគមន៍នានានៃប្រទេសកម្ពុជា ដែលកំពុងតែប្រឈមនឹងការខ្វះទឹក ស្អាតសម្រាប់ទទួលទាន។

ឯកឧត្តម សំ រិទ្ធី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានមានប្រសាសន៍កោតសរ​សើរចំពោះក្រុមហ៊ុនភេសជ្ជៈកម្ពុជា ដែលបាន និងកំពុងបន្តសហការជាមួយអង្គការPlanet Water  ក្នុងការសាងសង់នូវប៉មចម្រោះទឹកស្អាតនេះឡើងចំនួន១៨គ្រឿង នៅតាមសហគមន៍ នៃខេត្តចំនួន៧ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានគូសបញ្ជាក់ថា ប៉មចម្រោះ​ទឹកនេះ ជាប៉មទី៣ហើយ ដែលក្រុមហ៊ុនបានដំឡើងនៅខេត្តកំពង់ស្ពឺ ក្នុងនោះរួមមាន ទី១. នៅវិទ្យាល័យភ្នំស្រួច ទី២. នៅវិទ្យាល័យជ្រៃហូព្នៅ និងទី៣. គឺនៅអនុវិទ្យាល័យទួល​សុភីនេះ។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ គឺនៅមានប៉មចម្រោះទឹកស្អាតចំនួន៣ទៀត នឹងត្រូវដំឡើងនៅទូទាំងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៩នេះ  ហើយប៉មចម្រោះ​ទឹកស្អាតជាច្រើន​ ​ទៀត នឹងមានវត្តមាននៅក្នុងឆ្នាំបន្ទាប់ៗទៀត។ ទន្ទឹមនេះ ក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកា-កូឡា បានឱ្យដឹងថា ចាប់តាំង​ពីឆ្នាំ២០១៦មក មានប៉មចម្រោះទឹកស្អាតចំនួន១៨ ដែលក្រុមហ៊ុន​បានដំឡើងនៅកម្ពុជា  និងបានផ្តល់ទឹកស្អាតចំនួន៤៤.៩៩០.២៨៦លីត្រ សម្រាប់ ប្រជាសហ​គមន៍ប្រមាណជាង៤០.០០០នាក់។ តួលេខនេះ ត្រូវបានរំពឹងថា នឹងកើនឡើង១.៥ដង ក្នុងឆ្នាំ ២០១៩នេះតាមរយៈការដំឡើងប៉មចម្រោះទឹកស្អាតចំនួន៣បន្ថែមទៀតក្នុងឆ្នាំ២០១៩នេះ​៕

ដោយ អ៊ុន រិទ្ធី