កម្ពុជាចាត់ទុកអ្នកសាព័ត៌មានថា បានចូលរួមថែរក្សាសន្តិភាព និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ

វិទ្យុជាតិកម្ពុជា អត្ថបទ៖ជួន បូណា

ភ្នំពេញ៖ក្រសួងព័ត៌មាន នៃប្រទេសកម្ពុជាចាត់ទុកអ្នកសាព័ត៌មានថា ចូលរួមថែរក្សាសន្តិភាព និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បន្ទាប់ពីពួកគេបានផ្សព្វផ្សាយអំពីព័ត៌មានពិតជាក់លាក់មានក្រមសីលធម៌ និងគោរពវិជ្ជាជីវៈ ត្រឹមត្រូវ។

 

ថ្លែងក្នុងវេទិការ ទិវាសេរីភាពព័ត៌មានឆ្នាំ ២០១៩ ក្រោមប្រធានបទស្ដីពី តួនាទី ប្រកបដោយសក្ដានុពលរបស់អ្នកសារព័ត៌មានក្នុងការគាំពារសន្ដិភាព  និងប្រជាធិបតេយ្យ នាកាលពីព្រឹកថ្ងៃទី  ០៣ខែឧសភា  នៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់   ឯកឧត្ដម មាស សោភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងព័ត៌មាន មានប្រសាសន៍ថា អ្នកសារព័ត៌មាននៅកម្ពុជាបច្ចុប្បន្ននេះ បានបំពេញតួនាទីភារៈកិច្ចរបស់ខ្លួនប្រកប​​ដោយ​សក្ដានុពល​ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីចូលរួមចំណែកថែរក្សាសន្ដិភាព និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ឯកឧត្ដមបន្ដថា ក្នុងរបបលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា រាជរដ្ឋាភិបាលចាត់ទុកអ្នកសាព័ត៌មានជាដៃគូ និងជាស្ពាន ដែលពាំនាំព័ត៌មានពីស្ថាប័នសាធារណៈទៅដល់ប្រជាពលរដ្ឋទៅវិញទៅមក ។

ឯកឧត្ដម បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានជំរុញធ្វើយ៉ាងណាឲ្យសិទ្ធិរបស់អ្នកសារព័ត៌មាន កាន់តែមានភាពល្អប្រសើរឡើង ទាំងបែបប្រពៃណី និងបែបទំនើប ដែលរហូតមកទល់នឹងបច្ចុបន្ននេះ វិស័យព័ត៌មាន មានការីកចំរើន និងការផ្សព្វផ្សាយក៏មានភាពទូលំទូលាយផងដែរ។

លោក ប៉ែន បូណា ប្រធានក្លឹបអ្នកការសែតកម្ពុជា បានឲ្យដឹងថា ក្លឹបអ្នកការសែតកម្ពុជា មានគោលការណ៍បណ្ដុះបណ្ដាលអ្នកសារព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាន ដើម្បីធ្វើយ៉ាងណាឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គម សម្រាប់ចូលរួមចំណែកកែលម្អរ ដែលធ្វើឲ្យប្រទេសមានសន្ដិភាព និងការអភិវឌ្ឍន។

ដូចគ្នានេះដែរ លោកគី សុខលីម អគ្គនាយកសាព័ត៌មានអេឡិចត្រូនិចថ្មីៗ បានលើកឡើងថា សាព័ត៌មានថ្មីៗ បានសហការជាមួយអ្នកសារព័ត៌មានផ្សេងៗ ដើម្បីធ្វើយ៉ាងណាពាំនាំព័ត៌មានពិតជូនមកសង្គមវិញ  ដែលជាបញ្ហាប្រឈមណាមួយ និងរឿងរ៉ាវណាមួយ ដោយរារាំងដល់សន្ដិភាព និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕